អាងត្រពាំងថ្ម តំបន់ទេសចរណ៍បែបធម្មជាតិ ដែលពុំសូវមានអ្នកស្គាល់


អាងត្រពាំងថ្ម គឺជាតំបន់ទេសចរណ៍បែបធម្មជាតិមួយ ស្ថិតនៅក្នុងឃុំប៉ោយចា ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន អាងត្រពាំងថ្ម បានក្លាយទៅជា តំបន់ទេសចរណ៍បែបធម្មជាតិ ដែលមានសម្រស់ដ៏ស្រស់ត្រកាល មានទេសភាពដាច់កន្ទុយភ្នែក ទិដ្ឋភាពវាលស្រែ ធំល្វឹងល្វើយលាយឡំ ជាមួយនឹងខ្យល់អាកាសបរិសុទ្ធ នៅជិតជើងភ្នំ។ លើសពីនេះ តំបន់ទេសចរណ៍ធម្មជាតិនេះ ក៏ត្រូវបានគេរៀបចំអភិរក្ស ជាតំបន់អេកូទេសចរណ៍មួយ ដែលសម្បូរទៅដោយ ធនធានជីវចម្រុះនានា និងជាតំបន់ប្រវត្តិសាស្រ្ត និងធម្មជាតិគំរូ របស់កម្ពុជាមុនគេ ផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អាងត្រពាំងថ្មអាចរក្សាទឹក បានប្រមាណ ១៨០ លានម៉ែត្រគូប នៅរដូវវស្សា ហើយនិងនៅរដូវប្រាំង អាងទឹកនេះ អាចរក្សាទឹកបាន ១២០ លានម៉ែត្រគូប ដែលមានលទ្ធភាព ស្រោចស្រពលើ ផ្ទៃដីស្រូវវស្សាទំហំ ២៥.០០០ហិកតា និងស្រែប្រាំងទំហំ ១២.០០០ហិកតា។ បើយោង តាមរដ្ឋបាលឃុំប៉ោយចាផ្ទាល់ បានឱ្យដឹងថា អាងត្រពាំងថ្មជា រមណីយដ្ឋានទេសចរណ៍មួយ មានភ្ញៀវមកលេងច្រើន នៅរដូវបុណ្យទាន ដែលមានចំនួនចាប់ ពី ១៥.០០០ នាក់ទៅ ៣០.០០០នាក់ ក្នុងមួយថ្ងៃ។

តាមសម្ដីអ្នកស្រុកនៅតំបន់នោះ បាននិយាយថា ភ្ញៀវដែលមកលេងនៅទីនោះ ភាគច្រើនជាអ្នកបន្ទាយមានជ័យ និងបាត់ដំបង ដែលជាអ្នកស្រុកភូមិជិតខាងនេះ។ ចំណែកភ្ញៀវមកពីចម្ងាយ មិនសូវមានច្រើនប៉ុន្មានទេ គឺសំបូរតែពេលចូលឆ្នាំចិន ចូលឆ្នាំខ្មែរ និងបុណ្យភ្ជំបិណ្ឌឯណោះ។ ម្យ៉ាងវិញទៀត ភ្ញៀវទេសចរចង់មកលេងទីនោះ ភាគច្រើនមិនបាននៅ សម្រាកដេកយប់នោះទេ ដោយពុំសូវមានផ្ទះសំណាក់ល្អស្អាត ដូចនៅស្រុក ឬ ខេត្ត ដូច្នេះហើយ កម្រមានភ្ញៀវមកដេកណាស់ ភ្ញៀវខ្លះគេដេកពេលថ្ងៃ មួយភ្លែតៗប៉ុណ្ណោះឯង។ តែយ៉ាងណាមិញ សម្រាប់អ្នកដែលចូលចិត្ដ ដើរលេងតាមតំបន់ធម្មជាតិ និងស្រួបយកខ្យល់អាកាសបរិសុទ្ធ អាចសាកល្បងទៅ កម្សាន្ដនៅទីនោះ នៅពេលព្រឹក ឬរសៀលបាន។