ដង់ស៊ីតេ នៃចំនួនប្រជាជនចិន ចាប់ផ្ដើមធ្លាក់ចុះ ជាបន្តបន្ទាប់មុនឆ្នាំ ២០២៥ មកដល់!


ប៉េកាំង៖ ចិន គឺជាប្រទេសឈរក្នុងតារាងលេខ ១ ដែលមានចំនួន ប្រជាជនច្រើនជាងគេបំផុត ក្នុងពិភពលោក គិតត្រឹមឆ្នាំ ២០២២ នេះ តែតាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ចំនួនដង់ស៊ីតេនៃប្រជាជនចិន អាចនឹងចាប់ផ្ដើមធ្លាក់ចុះវិញ មុនឆ្នាំ ២០២៥ មកដល់។

យោងតាមការចេញផ្សាយ របស់ប្រភពព័ត៌មានអន្តរជាតិ Global Times បានឱ្យដឹងថា ដង់ស៊ីតេប្រជាជនចិន នឹងចាប់ផ្ដើមធ្លាក់ចុះ ជាបន្តបន្ទាប់មុនឆ្នាំ ២០២៥ មកដល់ទៀតផង។ ការលើកឡើងនេះ ធ្វើឡើងដោយយោងតាម របាយការណ៍របស់អាជ្ញាធរ នៃក្រសួងសុខាភិបាលចិន បានប្រកាសចេញកាលពីថ្ងៃទី២៤ ខែតុលា កន្លងទៅនេះ ជុំវិញការចាប់កំណើតថ្មីៗ នៃទារកចិន នៅលើផ្ទៃប្រទេស ដោយក្នុងនោះខេត្ត Hunan ទារកកើតថ្មី មានចំនួនតិចជាង ៥០០.០០០ នាក់ ជាលើកដំបូង ក្នុងរយៈពេល ៦០ ឆ្នាំចុងក្រោយ។

ការធ្លាក់ចុះនេះ កើតមានឡើង នៅតាមបណ្ដាខេត្ត និងរាជធានីផ្សេងៗទៀត របស់ចិនដូចគ្នា តែក៏មានខេត្តខ្លះមានការកើនឡើងផងដែរ ដូចជាខេត្ត Guangdong ដែលចំនួនទារកកើតថ្មី មានច្រើនជាង ១លាននាក់ឯណោះ។ តាមរបាយការណ៍នោះដែរ បានបង្ហាញអំពីការធ្លាក់ចុះ នៃការកកើតថ្មីនៃទារក ដែលជាសសរទ្រូង ដ៏សំខាន់របស់ចិន នាថ្ងៃអនាគត ហើយកំពុងត្រូវបាន រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់ រហូតមានការធ្វើវិសោធន៍កម្មច្បាប់ ដោយអនុញ្ញាតឱ្យស្ត្រី អាចមានកូនឡើងទៅដល់ ៣ នាក់ កាលពីឆ្នាំ២០២១ កន្លងទៅ។

ទោះបីមានការកែប្រែច្បាប់ក៏ដោយ តែចំនួននោះ នៅតែបន្តមានការធ្លាក់ចុះ ព្រោះស្ត្រីចិន ភាគច្រើន ត្អូញត្អែថា ត្រូវចំនាយច្រើន ចំពោះការមើលកូន ទាំងរបបអាហារ ការរស់នៅ និងការសិក្សា ថែមទាំងពុំមានពេលវេលាគ្រប់គ្រាន់ សម្រាប់បំពេញកិច្ចការងារទៀតផង។ ម្យ៉ាងទៀត ពលរដ្ឋចិនខ្លះ បានបាត់បង់ការងារ ដោយសារតែការរំខាន នៃជំងឺកូវីដ-១៩ និងស្ថានភាពពិភពលោក មិនប្រក្រតី ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយកន្លងទៅនេះ ដែលធ្វើឱ្យពួកគេ សម្រេចចិត្តមិនយកកូន។

ស្ថិតក្នុងស្ថានភាពនេះ Global Times បានពន្យាករណ៍ថា ចំនួនពលរដ្ឋចិន នឹងចាប់ផ្ដើមធ្លាក់ចុះចាប់ពីឆ្នាំ ២០២១ ទៅឆ្នាំ ២០២៥ ខាងមុខ ហើយអាចធ្លាក់ មកឈរជើងក្នុងតារាងលេខ ២ វិញ បន្ទាប់ពីឥណ្ឌាឡើងទៅលេខ១ វិញ ព្រោះបើតាម ការព្យាករណ៍បង្ហាញថា ឥណ្ឌា អាចនឹងក្លាយជា ប្រទេសមានចំនួនប្រជាជន ច្រើនជាងគេបំផុត ក្នុងពិភពលោកនាឆ្នាំ ២០២៣ ខាងមុខ៕