យោងតាមទិន្នន័យដែលបាន ចុះផ្សាយដោយសារព័ត៌មាន Arab News បានឱ្យដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់អារ៉ាប៊ីសាអូឌីត ក្នុងត្រីមាសទី 2 កើនឡើង 11.8 ភាគរយ ដែលជាកំណត់ត្រា កើនឡើងលឿនបំផុត ធៀបទៅនឹងកំណត់ត្រា តាំងពីឆ្នាំ 2011 កន្លងមក។ នេះបើយោងតាមការប៉ាន់ប្រមាណ របស់អាជ្ញាធរទូទៅសម្រាប់ស្ថិតិ ការកើនឡើងយ៉ាងឆាប់រហ័សបែបនេះ ក៏ដោយសារតែវិស័យប្រេង របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានកើនឡើង 23.1 ភាគរយ ធៀបពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងត្រីមាសទីពីរនៃឆ្នាំ 2022 នេះ ដែលជាកត្ដាចម្បង ដែលជំរុញឱ្យមានកំណើន 11.8 ភាគរយនេះ នៅក្នុងផលិតផលក្នុងស្រុក សរុបពិតប្រាកដ របស់ប្រទេសប្រេងមួយនេះ។
បន្ថែមពីនេះ វិស័យផលិតផលមិនមែនប្រេង របស់អារ៉ាប៊ីសាអូឌីត ក៏បានកើនឡើង 5.4 ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទី 2 នៃឆ្នាំ 2022 នេះ ខណៈដែលវិស័យសេវាកម្ម របស់រដ្ឋាភិបាល បានកើនឡើង 2.2 ភាគរយ ជារៀងរាល់ឆ្នាំ បើធៀបនឹងការកើនឡើង 2.4 ភាគរយ ប្រចាំឆ្នាំ កាលពីក្នុងត្រីមាសទី 1។ លើសពីនេះ កំណើន GDP សរុបប្រចាំឆ្នាំ 2022 នេះទាំងតែម្ដង អារ៉ាប៊ីសាអូឌីរំពឹងថា អាចនឹងកើនឡើង លើសពីការរំពឹងទុក នាពេលបច្ចុប្បន្ននេះ ពោលគឺអាចនឹងឈានដល់ 10 ភាគរយ ខណៈដែលនៅឆ្នាំក្រោយ អាចនឹងកើនឡើងប្រហែល 5.3 ភាគរយ។
យោងតាមរបាយការណ៍ដដែល បានបង្ហាញទៀតថា ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ច របស់ប្រទេសអារ៉ាប៊ីសាអូឌីត ទំនងជានឹងមានភាពរឹងមាំខ្លាំងបំផុត នៅក្នុងពិភពលោក បើធៀបទៅនឹង ប្រទេសដទៃទៀត ពោលគឺក្នុងរយៈពេល ពីរបីឆ្នាំខាងមុខ ប្រទេសប្រេងមួយនេះ នឹងរីកចម្រើនកាន់តែខ្លាំង ដោយសារទិន្នផលប្រេងកើនឡើង ហើយគោលនយោបាយ សារពើពន្ធត្រូវបានបន្ធូរបន្ថយ។