ទ្វីបអាស៊ីគឺជាទ្វីបដ៏ធំបំផុតមួយ នៅលើពិភពលោក ដែលមានប្រទេសពេញសិទ្ធិចំនួន ៤៨ប្រទេស ក្នុងនោះ ប្រទេសចិនជាប្រទេសធំជាងគេ នៅលើទ្វីបនេះ ប្រសិនបើមិនរាប់ដល់រុស្ស៉ី ដែលមានរដ្ឋបាលកណ្ដាល ស្ថិតនៅទ្វីបអឺរ៉ុប បន្ទាប់មកគឺប្រទេសឥណ្ឌា ខណៈប្រទេសដែលតូចជាងគេបំផុត គឺប្រទេសដែនកោះម៉ាល់ឌីវ។

ប្រសិនបើភ្ញៀវទេសចរអន្តរជាតិ ចង់ដើរកម្សាន្តសប្បាយរីករាយ ជាមួយនឹងការចំណាយ សមរម្យមួយនោះ ពួកគេអាចជ្រើសរើស គោលដៅទេសចរណ៍ នៅតាមប្រទេសទាំង ១៥ នេះ ពិសេសគឺប្រទេសកម្ពុជាបាន។ ប្រទេសទាំង ១៥ នៅអាស៊ី ដែលត្រូវបានចាត់ទុកថា មានតម្លៃសមរម្យបំផុត ក្នុងការកម្សាន្ត រួមមានដូចជា៖
១. កាហ្សាក់ស្ថាន (Kazakhstan)
២. អាមេនី (Armenia)
៣. កម្ពុជា (Cambodia)
៤. ម៉ាឡេស៊ី (Malaysia)
៥. ឥណ្ឌូណេស៊ី (Indonesia)
៦. ថៃ (Thailand)
៧. ម៉ុងហ្គោលី (Mongolia)
៨. ប៉ាគីស្ថាន (Pakistan)
៩. នេប៉ាល់ (Nepal)
១០. បង់ក្លាដែស (Bangladesh)
១១. ឡាវ (Laos)
១២. ហ្វីលីពីន (Philippines)
១៣. មីយ៉ាន់ម៉ា (Myanmar)
១៤. វៀតណាម (Vietnam)
១៥. ឥណ្ឌា (India)

ប្រទេសកម្ពុជា ជាគោលដៅទេសចរណ៍ដ៏ល្អមួយ នៅអាស៊ីភាគអាគ្នេយ៍ ក្នុងនោះភ្ញៀវទេសចរអាចរីករាយ ជាមួយការទស្សនា និងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ នៅរាជធានីភ្នំពេញ ដែលមជ្ឈមណ្ឌលសេដ្ឋកិច្ច និងគោលទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រ សារមន្ទីរជាតិជាដើម។ ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ភ្ញៀវទេសចរ អាចបន្តទៅទស្សនា នៅតាមតំបន់បេតិភណ្ឌ របស់អង្គយូណេស្កូ មានដូចជាប្រាសាទអង្គរវត្ត និងរមណីយដ្ឋានអង្គរ ទាំងមូលដែលស្ថិតនៅខេត្តសៀមរាប តំបន់ប្រាសាទព្រះវិហារ នៅខេត្តព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ ឬក៏អាចទៅទស្សនា នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលលាតសន្ធឹង នៅតាមខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។ កម្ពុជាក៏មានភាពសម្បូរបែបផងដែរ ជាមួយនឹងតំបន់អេកូទេសចរណ៍ នៅភាគឦសានប្រទេស នៅខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត ឬក៏ទៅទស្សនាសត្វផ្សោត ដែលជាសត្វកម្រជិតផុតពូជ នៅតាមដងទន្លេមេគង្គ នៃខេត្តក្រចេះផងដែរ។

ជម្រើសពិសេសផ្សេងទៀត គឺការទៅទស្សនា តំបន់បេតិកភណ្ឌសម័យអាណានិគម នៅខេត្តបាត់ដំបង ខេត្តកំពត ខេត្តក្រចេះជាដើម។ ភ្ញៀវទេសចរក៏អាចទៅ ទស្សនាទេសភាពបឹងទន្លេសាប ដែលជាបឹងដ៏ធំជាងគេមួយ នៅអាស៊ី ក្នុងនោះមានច្រក ទៅទស្សនាតាមផ្លូវទឹក ជាច្រើនកន្លែងនៅខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំជាដើម។ នៅមានម្ហូបអាហារ ទស្សនីយភាព សិល្បៈ ជីវភាពរស់នៅរបស់ប្រជាជន ឈ្វេងយល់អំពីវប្បធម៌-អរិយធម៌ ដ៏ចំណាស់មួយនៅអាស៊ី និងមាន ផលិតផលទេសចរណ៍ ជាច្រើនទៀតដែលភ្ញៀវទេសចរ អាចរីករាយក្នុងការស្នាក់នៅ និងទស្សនាកម្សាន្ត ជាមួយនឹងការចំណាយសមរម្យបំផុត។