គម្រោងរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំថ្មីមួយ ប្រើទុនវិនិយោគចំនួន ១២លានដុល្លារ និងសាងសង់ក្នុងពេលឆាប់ៗ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ


នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមបណ្តាប្រទេសជាច្រើន បានគិតគូរដល់បរិស្ថាន និងចាប់ផ្តើមអនុវត្ត វិធានការណ៍ទាក់ទងពីបរិស្ថាន កាន់តែខ្លាំងជាងមុន ដោយពួកគេព្យាយាម បង្កើតគម្រោងជាច្រើន ក្នុងការប្រើប្រាស់មធ្យោបាយបៃតង ក៏ដូចជាការប្រើប្រាស់ ថាមពលកកើតឡើងវិញ រួមមានការប្រើប្រាស់បន្ទះសូឡា ដោយយកថាមពលពីព្រះអាទិត្យ, កង្ហារទួប៊ីន ដោយយកថាមពលពីខ្យល់, ស្ថានីយថាមពល ដោយយកថាមពលពីចរន្តទឹកហូរ និងមានវិធីសាស្រ្តច្រើនទៀត ដែលផ្តល់ថាមពល ដល់ម៉ាស៊ីន និងគ្រឿងអេឡិចត្រូនិច សម្រាប់មនុស្សប្រើប្រាស់ ដោយមិនមានផលប៉ះពាល់ ឬប៉ះពាល់តិចបំផុត ដល់បរិស្ថាន។ 

យោងតាមសំណើ សុំវិនិយោគរបស់ក្រុមហ៊ុន Solar Long PV-Tech (Cambodia) Co., Ltd ទើបតែទទួលបានការអនុញ្ញាត និងវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ដែលត្រូវបាន បានសម្រេចចេញ ដោយគណៈកម្មាធិការ វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ ចំពោះសំណើររបស់ក្រុមហ៊ុន “Solar Long PV-Tech (Cambodia) Co., Ltd.” គឺគម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ ដែលមានទីតាំង វិនិយោគស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ ជាមួយទុនវិនិយោគចំនួន ១២លានដុល្លារអាមេរិក និងចូលរួមបង្កើតការងារ បានចំនួនប្រមាណ ៥០០នាក់។

គម្រោងនេះ នឹងអាចជួយពង្រីកបន្ថែម នូវសង្វាក់ផលិតកម្មបន្ទះសូឡា របស់កម្ពុជា ងាយស្រួលក្នុងការចែកចាយ ក្នុងតម្លៃសមរម្យ ហើយវាក៏នឹងចូលរួម ចំណែកមួយក្នុងការ កាត់បន្ថយការប្រើប្រាស់អគ្គិសនី បំភាយឧស្ម័នពុល និងផលិតចេញជាថាមពលស្អាត បែបចីរភាពផងដែរ។