គម្រោងមជ្ឈមណ្ឌលថ្មី សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ដែលមានហេដ្ឋារចនាសម្ព័ន្ធ បែបសម័យទំនើប និងច្នៃប្រឌិត ត្រូវបានផ្តល់សិទ្ធិសាងសង់ នៅទីក្រុង ST Kilda ប្រទេសអូស្ត្រាលី


ដូចដែលយើង បានដឹងមកហើយថា ប្រទេសអូស្ត្រាលី ឈានមុខគេ ក្នុងការផ្តល់សិទ្ធិដល់បុគ្គល ដែលស្រឡាញ់ភេទដូចគ្នា អាចរៀបការស្រប ច្បាប់ជាមួយគ្នាបាន។ ក្នុងគោលបំណងបំបាត់ឧបសគ្គ របស់បុគ្គលស្រឡាញ់ភេទដូចគ្នានេះ រាជរដ្ឋាភិបាល របស់ប្រទេសនេះ ក៏បានផ្តល់ឱកាស ដល់ការអភិវឌ្ឍន៍ និងការបង្កើតសហគមន៍ សម្រាប់បុគ្គលប្រភេទនេះ ជាច្រើនក្នុងតំបន់។ ដូចអ្វីដែលយើងបានឃើញនេះ ជាមជ្ឈមណ្ឌលសម្រាប់ បុគ្គលស្រឡាញ់ភេទដូចគ្នា The Victorian Pride Centre (VPC) ដែលបង្កើតឡើង និងគ្រប់គ្រងដោយ អង្គការស្ម័គ្រចិត្ត ដោយប្រើមូលនិធិ របស់រាជរដ្ឋាភិបាលផ្ទាល់។

មជ្ឈមណ្ឌលនេះ ស្ថិតនៅទីក្រុង ST Kilda នៃប្រទេសអូស្រ្តាលី ដែលជាស្នាដៃ របស់ក្រុមហ៊ុនស្ថាបត្យកម្ម BAU Brearley Architects + Urbanists ដោយសាងសង់ឡើង លើផ្ទៃដីទំហំប្រមាណ 6,200 ហ្វីតការ៉េ ។ ហេដ្ឋារចនាសម្ព័ន្ធ នៃមជ្ឈមណ្ឌលនេះ ប្រើប្រាស់គំនិតលាយឡំ ជាច្រើនប្រភេទ នៃស្ថាបត្យកម្ម ដូចដែលយើងបានឃើញ ពីខាងក្រៅ វាហាក់បីដូចជា ស្ថានីយ៍អវកាសមួយ ដោយមានម៉ូតកញ្ចក់ និងទ្វារខាងមុខ មានរាងជាពងក្រពើ និងប្រើប្រាស់ជា កញ្ចក់ពណ៌ខៀវ រំលេចខ្លាំង នៅពេលមើលពីចម្ងាយ ដោយសារតែផ្ទៃខាងក្រៅ អាគារទាំងមូល ប្រើប្រាស់ពណ៌សច្រើន និងពណ៌ប្រផេះ នៅផ្នែកខាងមុខបន្តិច។

មជ្ឈមណ្ឌលនេះ ផ្តល់នូវសេវាកម្មជាច្រើន រួមមាន ការជួបជុំជាក្រុម, សម្រាប់ព្រឹត្តិការណ៍នានា, កន្លែងសម្រាប់ហាត់ប្រាណ, បណ្ណាល័យ, មហោស្រព, កន្លែងផ្ទុកឯកសារ, ទីធ្លាគយគន់ទេសភាពលើដំបូល, កន្លែងតាំងស្នាដៃសិល្បៈផងដែរ។ ក្នុងឆ្នាំ 2022 នេះ ពួកគេមានគម្រោងបន្ថែម នូវហាងកាហ្វេ, និងរៀបចំ ជាន់ដំបូលខាងលើ ទៅជាកន្លែងសម្រាប់ ប្រារព្ធព្រឹត្តិការណ៍ផ្សេងៗ និងសួនច្បារសម្រាប់ជួបជុំ។ ទីក្រុង ST Kilda នេះ ជាប់ជាប្រវត្តិសាស្រ្ត យូរណាស់ហើយ ដែលពោពេញទៅដោយ បុគ្គលដែលស្រឡាញ់ភេទដូចគ្នា អមជាមួយដងវិថី ដ៏ស្រស់ស្អាត សណ្តាប់ធ្នាប់ខ្ពស់ មានឆ្នេរសមុទ្រ និងកន្លែងកម្សាន្តជាច្រើន ពោពេញដោយផាសុកភាព និងគ្មានការរើសអើងឡើយ។  

នៅផ្នែកខាងក្នុង ក៏មានភាពទាក់ទាញ ជាមួយក្បូរក្បាច់ទាក់ទាញ គ្រប់ជាន់ទាំងអស់ ដោយស្ថាបត្យករ ទុកចន្លោះផ្នែកកណ្តាលមួយ ដោយប្រើប្រាស់ជាដំបូលកញ្ចក់ សម្រាប់ឱ្យពន្លឺព្រះអាទិត្យ ជះចូលបានយ៉ាង ពេញលេញ និងអាចទប់កម្តៅបានយ៉ាងល្អ មិនប៉ះពាល់ដល់ខាងក្នុងឡើយ។ ចំណែកឯការប្រើប្រាស់ គ្រឿងសង្ហារឹមក៏សាកសម ជាមួយទីតាំងខាងក្នុងផងដែរ។

ទីកន្លែងនេះបានក្លាយជា តំបន់ជួបជុំមួយ ដែលមានមនុស្សម្នាមកទស្សនា និងកម្សាន្តជាច្រើន ទោះបីជាមិនមែនភេទទីបី ក៏អាចចូលរួមបានដែរ ដោយឥតគិតថ្លៃផងដែរ។