កូឡាឡាំពួរ៖ សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ចាប់ផ្ដើមមានភាពល្អប្រសើរឡើង ចាប់តាំងពីពេលរដ្ឋាភិបាលប្រទេសនេះ សម្រេចបើកដំណើរការ ប្រទេសឡើងវិញ កាលពីខែមេសា ឆ្នាំ២០២២ មកម៉្លេះ។ ភាពវិជ្ជមាននោះ បានបន្តពីមួយខែទៅមួយខែ ដោយសារតែការងើបឡើងវិញ នៃសង្គមសេដ្ឋកិច្ច ធ្វើឱ្យតម្រូវការផ្ទៃក្នុងកើនឡើង ស្របពេលការនាំចេញ ក៏មានសន្ទុះគួរឱ្យកត់សម្គាល់។

សន្ទុះកំណើនសេដ្ឋកិច្ច របស់ម៉ាឡេស៊ី គិតត្រឹមត្រីមាសទី២ កន្លងទៅ ពោលគឺចាប់ពីខែមេសា រហូតដល់មិថុនា កន្លងទៅនេះ មានការកើនឡើងខ្ពស់ជាងការរំពឹងទុក។ ជាក់ស្ដែងការកើនឡើងនោះ មានសន្ទុះដល់ទៅ ៨,៩% បើធៀបទៅនឹង រយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ កន្លងទៅ ជាពេលវេលាដែលម៉ាឡេស៊ី រងគ្រោះធ្ងន់ធ្ងរ ដោយសារតែការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍ ក្នុងទ្រង់ទ្រាយធំ។ អត្រាកំណើននេះ ក៏ជាការកើនឡើងខ្ពស់ ជាងការព្យាករណ៍ទុក ដែលរំពឹងថាអាចមានតែ ៥% តែប៉ុណ្ណោះ។

ការកើនឡើងនេះ ក៏ដោយសារតែ សេដ្ឋកិច្ចផ្ទៃក្នុងរបស់ម៉ាឡេស៊ី មានការកើនឡើង ព្រោះពលរដ្ឋចាប់ផ្ដើម ចេញធ្វើការងារឡើងវិញ ហើយតម្រូវការ ប្រើប្រាស់សេវាកម្ម មុខទំនិញផ្សេងៗ ចាប់ផ្ដើមងើបឡើងវិញ ស្របពេលរដ្ឋាភិបាល បានសម្រួលទៅដល់ការរស់នៅ និងការប្រកបអាជីវកម្ម នៅលើផ្ទៃប្រទេស។ ជាមួយគ្នានោះដែរ ការនាំចេញរបស់ម៉ាឡេស៊ី ចាប់ផ្ដើមមានការកើនឡើង នៅពេលតម្រូវការ ពីទីផ្សារបរទេស បញ្ជាទិញផលិតផលពីម៉ាឡេស៊ី ពិសេសគឺផលិតផលចំណីអាហារ។

ធនាគារ Negara Malaysia (BNM) របស់ម៉ាឡេស៊ី បានឱ្យដឹងថា ការកើនឡើងនេះ គឺស្ថិតក្នុងល្បឿនមួយដ៏លឿន គិតចាប់ពីត្រីមាសទី២ ឆ្នាំ២០២១ មក ហើយការព្យាករណ៍បង្ហាញថា ពេញមួយឆ្នាំ ២០២២ នេះ អាចធ្វើឱ្យកំណើនសេដ្ឋកិច្ច មានសន្ទុះក្នុងចន្លោះពី ៥,៣% ទៅ ៦,៣% បើធៀបនឹងឆ្នាំមុន។ ទន្ទឹមគ្នានោះដែរ រដ្ឋាភិបាលម៉ាឡេស៊ី រំពឹងថា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះ អាចនឹងមានសន្ទុះ ល្អប្រសើរជាងឆ្នាំមុន ហើយត្រីមាសទី៣ នេះ និងត្រីមាសទី៤ ខាងមុខ លទ្ធផលនឹងបន្ត ល្អប្រសើរថែមទៀត៕