ប្រាសាទចៅសាយទេវតា ស្ថាបនាឡើងនៅចុង សតវត្សទី១១ ដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ រចនាបថអង្គរវត្ត ដើម្បីឧទ្ទិសថ្វាយសាសនាហិណ្ឌូ។ ប្រាសាទនេះមានទីតាំង ស្ថិតនៅខាងកើត ទ្វារជ័យនៃក្រុងអង្គរធំ ឈមគ្នានឹងប្រាសាទធម្មនន្ទ។ មិនគួរណា អ្នកទេសចរជាតិអន្តរជាតិ មើលរំលងបូជនីយដា្ឋន តូចច្រឡឹងមួយនេះសោះ។ ការហៅឈ្មោះ ចៅសាយទេវតា នេះតៗគ្នាពីមុនដល់បច្ចុប្បន្ន មិនមានប្រភពណា បញ្ជាក់ច្បាស់លាស់ទេ តែបើតាមការសន្និដ្ឋានរបស់អ្នកស្រុក ឈ្មោះប្រាសាទនេះ ប្រហែលជាឈ្មោះមេទ័ព ដែលមានស្នាដៃល្អម្នាក់ ក្នុងការធ្វើសឹកសង្គ្រាម ឬអ្នកមានស្នាដៃ ក្នុងការធ្វើអ្វីមួយនោះហើយ បានជាគេដាក់ឈ្មោះនេះរហូតមក។

សព្វថ្ងៃអ្នកស្រុក ហៅឈ្មោះប្រាសាទនេះត្រឹម ចៅសាយប៉ុណ្ណោះ មិនមានពាក្យទេវតា នៅខាងចុងទេ នេះជាទម្លាប់របស់ខ្មែរ ដែលច្រើនប្រើឈ្មោះ ខ្លីៗប៉ុណ្ណោះ។ ប្រាសាទចៅសាយទេវតា នេះមានរូបរាងតូចច្រឡឹង មានចម្លាក់ក្បូរក្បាច់ ល្អវិចិត្រ រស់រវើក បែមុខទៅទិសខាងកើត សំដៅស្ទឹងសៀមរាប មានស្រះ២ និងគូទឹកព័ទ្ធជុំវិញ តែបច្ចុប្បន្នស្រះ និងគូទឹករីងស្ងួតស្ទើរតែគ្មានសោះ ជំនួសដោយដើមឈើតូចធំ ជាច្រើនដុះក្នុងនោះ។ ថ្វីត្បិតប្រាសាទចៅសាយទេវតា ស្ថិតនៅក្បែរប្រាសាទធំៗជាច្រើន តែហាក់ដូចជាស្ងប់ស្ងាត់ណាស់ ព្រោះមិនសូវមាន អ្នកទេសចរចាប់អារម្មណ៍ច្រើន ដូចប្រាសាទអង្គរវត្ត បាយ័ន និងតាព្រហ្មទេ។ ប្រធានក្រុមគ្រប់គ្រង ភ្នាក់ងារទេសចរណ៍ប្រចាំការ នៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ លោកឈួម ឆាត ឱ្យដឹងកាលពីពេលថ្មីៗ កន្លងមកថា ភ្ញៀវទេសចរ ដែលចូលមើលប្រាសាទទាំង ២នេះ ក្នុង១ថ្ងៃ បានប្រហែលជាង ២០០នាក់ប៉ុណ្ណោះ ហើយភាគច្រើន ជាជនជាតិចិន។

មូលហេតុដូច្នេះ ព្រោះប្រាសាទនេះតូច ហើយភ្ញៀវខ្លះ មានរយៈពេលទស្សនាខ្លី ទើបពួកគេចាប់អារម្មណ៍តែប្រាសាទធំៗ។ ប្រាសាទនេះ ជួសជុលដោយរដ្ឋាភិបាលចិន សម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA ចាប់ពីឆ្នាំ ១៩៩៨ ហើយបញ្ចប់នៅឆ្នាំ២០០៨។ មុនពេលជួសជុល ប្រាសាទចៅសាយទេតា ខូចខាតច្រើន ទោះជាតួកណ្ដាល និងតួខាងកើត មានស្ថានភាពនៅល្អក៏ដោយ ប៉ុន្តែដំបូល និងតួផ្សេងទៀត បាក់បែកស្ទើរទាំងស្រុង។ ជើងចម្លាក់ និងជញ្ជាំងមួយចំនួនទ្រេត ក៏ត្រូវបានដាក់ខុសពីកន្លែងដើម។ ចំណែកអ្នកជំនាញបារាំង បានជួសជុល តួខាងលិចក្នុងទសវត្សរ៍៥០ ប៉ុន្តែជើងចម្លាក់ នៅកន្លែងផ្សេងទៀត ខូចខាតតិច ឬច្រើនដោយអន្លើ។ វិធីសាស្ដ្រក្នុងការជួសជុល និងអភិរក្សដែល CSA យកមកប្រើរួមមាន ការប្រមែប្រមូល និងរៀបថ្មដែលនៅ រាយប៉ាយឡើងវិញ រៀបចំជួសជុលជើងចម្លាក់ និងយកទៅដាក់តាមកន្លែងដើម រៀបចំប្រព័ន្ធបង្ហូរទឹក ជួសជុលសំណង់ប្រាសាទ ពង្រឹងរចនាសម្ព័ន្ធស្ថាបត្យកម្ម ជួសជុល និងថែទាំថ្ម ដែលខូចខាត និងថ្មដែលល្អផ្សេងៗទៀត។ នៅពេលជួសជុល ស្ថាប័ន CSA បានយកថ្ម ដែលនៅរាយប៉ាយ មកដាក់កន្លែងដើមវិញ បានចំនួនជាង ៣.០០០ដុំ។

ក្រុមការងារជំនាញខាងអភិរក្ស បានចំណាយពេល ជិតមួយទសវត្ស ធ្វើឱ្យការខូចខាត និងគ្រោះថ្នាក់នៅប្រាសាទចៅសាយទេវតា ត្រូវបានដោះស្រាយទាំងស្រុង។ ថ្មដែលបាក់ធ្លាក់ បានរៀបចូលកន្លែងដើម ចំណែកថ្មខ្លះទៀតត្រូវបានជួសជុល និងពង្រឹងឡើងវិញ ឱ្យមានសភាពដូចដើម ទៅតាមរចនាបថ លក្ខណៈស្ថាបត្យកម្ម រចនាសម្ព័ន្ធសម្ភារៈសំណង់ និងបច្ចេកទេសសាងសង់៕
2.jpg)
2.jpg)