រដ្ឋបាលខេត្តបាត់ដំបង បង្ហាញគម្រោងកែលម្អ សួនរង្វង់មូលលោកតាដំបងគ្រញូង


លោកតាដំបងក្រញូង ជារូបសំណាក់តំណាងខេត្តបាត់ដំបង ត្រូវបានសាងសង់ អំឡុងសម័យសង្គមរាស្ត្រនិយម និងត្រូវបានកែលម្អនៅឆ្នាំ ១៩៩៩ ក្នុងទម្រង់មកទល់នឹង សព្វថ្ងៃនេះ មានកម្ពស់ ៦,៥ ម៉ែត្រ ស្ថិតនៅចំណុចប្រសព្វ នៃផ្លូវជាតិលេខ៥ ឆ្ពោះមកកាន់រាជធានីភ្នំពេញ និងសាលាខេត្តបាត់ដំបង។ រង្វង់មូលលោកតាដំបងក្រញូងនេះ ជាទីសក្ការៈបូជាដ៏ធំមួយ ប្រចាំខេត្តបាត់ដំបង ដោយនៅរៀងរាល់ថ្ងៃសីល និងបុណ្យទានម្ដងៗ គេសង្កេតឃើញមាន ការរៀបចំប្រារព្ធពិធីសាសនាផ្សេងៗ ដែលមានមនុស្ស មកបន់ស្រន់យ៉ាងកុះករ សូម្បីថ្ងៃធម្មតា ក៏មានអ្នកដំណើរមកអុចធូប ថ្វាយសំណែន និងថតរូបកម្សាន្ដផងដែរ។

ដើម្បីសម្រួលការគោរពបូជា និងលើកម្ពស់សោភ័ណភាព ទីតាំងរង្វង់មូល លោកតាដំបងក្រញូង រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចគម្រោងរៀបចំ កែលម្អទីធ្លារសាធារណៈ នៅជុំវិញរង្វង់មូលនេះ អោយមានសណ្ដាប់ធ្នាប់ ល្អជាងមុន និងរៀបរយស្អាតបាត សម្រាប់ជាទីសក្ការៈបូជា របស់បងប្អូនប្រជាពលរដ្ឋ អាចរៀបចំពិធីសាសនា និងបន់ស្រន់ផ្សេងៗ។

បើយោងតាម ប្លង់គំរូពីរដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញថា រង្វង់មូលនេះ នឹងត្រូវកែលម្អបរិវេណជុំវិញ ដូចជា៖

១. មានទីធ្លារចំណតសម្រាប់យានយន្ដចំនួន ២ កន្លែង ស្ថិតនៅខាងមុខវិទ្យាល័យ នេតយ៉ង់ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តបាត់ដំបង

២. មានទីធ្លារលក់ដូរ និងចំណតយានយន្ដ ១ កន្លែងនៅកែងវិទ្យាល័យ នេត យ៉ង់

៣. សួនច្បារសាធារណៈ ១ កន្លែងនៅកែង មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តបាត់បង

៤. ទីធ្លារសម្រាប់ថតរូប ១ កន្លែងនៅសួនខាងមុខ រង្វង់មូលលោកតាដំបងក្រញូង (ផ្លូវជាតិលេខ៥)

ក្រោយពីគម្រោង កែលម្អទីធ្លាជុំវិញ រង្វង់មូលលោកតាដំបងក្រញូងនេះ ប្រជាពលរដ្ឋ អាចមានទីធ្លា ចំណតយានយន្ដល្អប្រសើរ ជាងមុន អាចធ្វើដំណើរមកបន់ស្រន់ និងរៀបចំពិធីផ្សេងៗ ដោយសុវត្ថិភាព មានទីធ្លាសម្រាប់ ថតរូបអនុស្សាវរីយ៍ និងទីធ្លាសួនប្រកប ដោយសោភ័ណភាព និងផាសុកភាព។