ទីកន្លែងទាំង ១០ ក្នុងពិភពលោក ដែលល្អបំផុតសម្រាប់ ការទស្សនាព្រះអាទិត្យរះ


ការទស្សនាព្រះអាទិត្យរះ អាចនឹងជារឿងធម្មតា សម្រាប់អ្នកដែល ងើបពីព្រលឹម ក៏ប៉ុន្ដែវាអាចក្លាយជា ទស្សនីយភាពប្លែក និងអស្ចារ្យថ្មីមួយទៀត ប្រសិនបើយើងទស្សនាពីទីតាំង ឬទីកន្លែងដ៏សាកសមមួយ។ ដូច្នេះតើទីកន្លែងណាខ្លះ ដែលសាកសម និងល្អបំផុតសម្រាប់ ការទស្សនាព្រះអាទិត្យរះ នាពេលព្រឹកព្រលឹមនោះ? ដោយយោងទៅតាមគេហទំព័រ Morning.co.uk បានចុះផ្សាយទីកន្លែងចំនួន ១០ ដែលរាប់ទុកថា ជាកន្លែងទស្សនាព្រះអាទិត្យដ៏ល្អ និងស្រស់ស្អាតបំផុត នៅក្នុងពិភពលោក។ អ្វីដែលពិសេស នៅក្នុងចំណោមទីតាំងទាំង ១០ ក៏មាននៅក្នុង ប្រទេសកម្ពុជាផងដែរ ហើយថែមទាំងជាប់ ចំណាត់ថ្នាក់លេខ ១ ក្នុងនាមជាទីតាំង សម្រាប់ការទស្សនា ព្រះអាទិត្យរះស្អាតបំផុត នៅក្នុងពិភពលោកផងដែរ។

១. ទីតាំងនៅប្រាសាទអង្គរវត្ដ/ប្រទេសកម្ពុជា

ប្រាសាទអង្គរវត្ត ជាសំណង់អច្ឆរិយវត្ថុមួយ ក្នុងចំណោម សំណង់អច្ឆរិយៈបុរាណទាំងប្រាំពីរ របស់ពិភពលោក ហើយក៏ជាសម្បត្តិ បេតិកភណ្ឌពិភពលោក ដែលទទួលស្គាល់ដោយ អង្គការយូណេស្កូផងដែរ។ ដោយសារជាតំបន់សម្បូរទៅដោយ វប្បធម៌ប្រវត្តិសាស្ត្រ ប្រាសាទអង្គរវត្ដ គឺជាកន្លែងទាក់ទាញបំផុត ដែលភ្ញៀវទេសចរ ត្រូវតែទៅទស្សនា។ មិនថាទិដ្ឋភាពនៅពេលថ្ងៃ ឬពេលព្រះអាទិត្យ កំពុងរះក៏ដោយ ក៏នៅទីនោះមិនធ្វើឲ្យ អ្នកទស្សនាខកបំណងឡើយ។

២. ទីតាំងភ្នំភ្លើង Haleakala/សហរដ្ឋអាមេរិក

តំបន់ភ្នំភ្លើង Haleakala Crater ស្ថិតនៅលើកោះ Maui នៃកោះរដ្ឋ Hawaiian សហរដ្ឋអាមេរិក ដែលទីកន្លែងដ៏ស្រស់ស្អាត មួយបែបនៃធម្មជាតិ។ ជាមួយនឹងចំណុចខ្ពស់បំផុត របស់ភ្នំភ្លើង ដែលមានកម្ពស់ 10,023 ហ្វីត ពីលើនីវ៉ូទឹកសមុទ្រនេះ នឹងផ្ដល់នូវបទពិសោធន៍ មើលថ្ងៃរះដ៏គួរឱ្យភ្ញាក់ផ្អើល។ Haleakala Crater ក៏កន្លែងទាក់ទាញទេសចរណ៍ ដែលមានប្រជាប្រិយភាព តាំងពីទសវត្សរ៍ឆ្នាំ 1800 ផងដែរ។

៣. វិមាន Taj Mahal/ប្រទេសឥណ្ឌា

Taj Mahal គឺជាវិហារថ្មម៉ាបពណ៌ស ដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលត្រូវបានសាងសង់ នៅទីក្រុង Agra ប្រទេសឥណ្ឌា ចន្លោះឆ្នាំ 1631 និង 1648 តាមបញ្ជារបស់ អធិរាជ Shah Jahan។ វាត្រូវបានគេចាត់ទុកថាជា វិមានដ៏ល្បីបំផុតមួយ របស់ពិភពលោក និងជាគំរូស្ថាបត្យកម្ម Mughal ដែលល្អបំផុត មិនធ្លាប់មានផងដែរ។ ជាពិសេស ការទៅលេងនៅពេលព្រឹកព្រលឹម អ្នកនឹងបានឃើញ ព្រះវិហារនេះ បង្ហាញសម្រស់ ជាមួយនឹងពន្លឺពណ៌មាស ដ៏ស្រទន់នៃថ្ងៃរះ។

៤. ប្រាសាទ Borobudur/ប្រទេសឥណ្ឌូណេស៊ី

ប្រាសាទ Borobudur ដ៏អស្ចារ្យ គឺជាវិមានព្រះពុទ្ធសាសនា ដ៏ធំបំផុតនៅលើពិភពលោក។ ប្រាសាទនេះស្ថិតនៅលើកោះជ្វា ដែលស្ថិតនៅលើកំពូលភ្នំ អាចមើលឃើញវាលស្មៅខៀវខ្ចី និងទេសភាពដ៏ស្រស់ស្អាត ដែលបានហ៊ុំព័ទ្ធ ប្រាសាទនេះផងដែរ។ ដូច្នេះប្រាសាទ Borobudur គឺកន្លែងល្អឥតខ្ចោះ សម្រាប់ការដើរលេង នៅពេលព្រះអាទិត្យរះ នាព្រឹកព្រលឹម។

៥. ឧទ្យានជាតិ Grand Canyon/សហរដ្ឋអាមេរិក

ឧទ្យានជាតិ Grand Canyon ក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក គឺជាកន្លែងទេសចរណ៍ ដ៏ល្បីល្បាញមួយផងដែរ នៅសហរដ្ឋអេមរិក។ ជាពិសេសទន្លេ Colorado ដែលបានចាប់ផ្តើម ឆ្លាក់អន្លង់តាមចន្លោះភ្នំ ប្រហែល 6 លានឆ្នាំមុន ដែលបណ្តាលឱ្យ កើតមានស្រទាប់ថ្ម ចម្រុះពណ៌ដ៏ស្រស់ស្អាត។ វាមិនត្រឹមតែជា ទេសភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានទិដ្ឋភាពថ្ងៃរះ នៅទិសខាងត្បូង ដ៏ស្រស់ស្អាតទៀតផង។

៦. តំបន់ Uluru/អូស្រា្ដលី

តំបន់ Uluru គឺជាថ្មភក់ដ៏ធំសម្បើមមួយ ដែលមានទីតាំងនៅ ចំកណ្តាលនៃតំបន់ Red Center ភាគខាងជើងនៃ ប្រទេសអូស្រាលី។ តំបន់ Uluru មានភាពពិសិដ្ឋ សម្រាប់ជនជាតិដើម ភាគតិចអូស្ត្រាលី វាត្រូវបានគេចាត់ទុកថា ជាកន្លែងសម្រាក សម្រាប់វិញ្ញាណបុព្វបុរសបុរាណ ហើយត្រូវបានគេជឿទៀតថា តំបន់នេះបានចាប់ផ្តើម បង្កើតឡើងប្រហែល 550 លានឆ្នាំមុន។ អ្វីដែលពិសេសនោះគឺ ថ្ងៃរះនៅទីនោះ គឺអស្ចារ្យមែនទែន។

៧. ជ្រលងភ្នំ Tiger Hill/ប្រទេសឥណ្ឌា

មានទីតាំងនៅតំបន់ Darjeeling ក្នុងរដ្ឋ West Bengal ដែលជាជ្រលងភ្នំកម្ពស់ 2,590 ម៉ែត្រ Tiger Hill ផ្តល់នូវទិដ្ឋភាព គ្មានការរំខាន និងទេសភាពនៃភ្នំ។ ដើម្បីទទួលបាន អត្ថប្រយោជន៍ច្រើនបំផុត ពីទិដ្ឋភាពដ៏ស្រស់ស្អាតនេះ សូមទៅទស្សនានៅពេល ថ្ងៃរះចន្លោះពីខែតុលា ដល់ខែធ្នូ ឬខែមីនា ដល់ខែមេសា នៅពេលដែល ផ្ទៃមេឃនៅតែច្បាស់។

៨. ភ្នំ Batur/ប្រទេស ឥណ្ឌូណេស៊ី

ភ្នំ Batur គឺជាភ្នំភ្លើងសកម្ម ដែលមានទីតាំង នៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ ភ្នំនេះមានកម្ពស់ 5,600 ហ្វីតពីលើនីវ៉ូទឹកសមុទ្រ ការផ្ទុះចុងក្រោយ របស់ភ្នំភ្លើងនេះគឺនៅឆ្នាំ 2000។ ការផ្ទុះដំបូងបាន កើតឡើងប្រហែល 30,000 ឆ្នាំមុន ហើយជាព្រឹត្តិការណ៍ភ្នំភ្លើង ដែលគេស្គាល់ដ៏ធំបំផុតមួយ នៅលើផែនដី។ ទិដ្ឋភាពព្រះអាទិត្យរះ ពីលើពពក គឺពិតជាស័ក្តិសម សម្រាប់ការធ្វើដំណើរ របស់អ្នកទេសចរ និងអ្នកស្រុកមកកាន់ភ្នំនេះ។

៩. តំបន់ភ្នំខ្ពស់រាប Sarangkot/ប្រទេសនេប៉ាល់

ទោះបីជាអ្នកមិនមែន ជាមនុស្សងើបពេលព្រឹកក៏ដោយ ការឃើញព្រះអាទិត្យរះ ពីខាងក្រោយភ្នំ Sarngkot នៅក្នុងប្រទេសនេប៉ាល់នេះ ប្រាកដជាហេតុផលមួយ សម្រាប់ឲ្យអ្នក ក្រោកពីដំណេក លឿនជាមិនខាន។ Sarangkot គឺជាភ្នំមួយនៅ ប៉ែកខាងលិចនៃ Pokhara ប្រទេសនេប៉ាល់ ដែលមានកម្ពស់ 1600 ម៉ែត្រ។ វាត្រូវបានគេស្គាល់ យ៉ាងច្បាស់ តាមរយៈទិដ្ឋភាពថ្ងៃរះបែប Panoramic។

១០. ភ្នំ Cadillac/សហរដ្ឋអាមេរិក

ភ្នំ Cadillac គឺជាភ្នំមួយក្នុងចំណោមភ្នំ ជាច្រើននៅលើកោះ Mount Desert ក្នុងឧទ្យានជាតិ Acadia នៃសហរដ្ឋអាមេរិក។ ភ្នំនេះឈរនៅកម្ពស់ 1,530 ហ្វីត វាគឺជាចំណុចខ្ពស់បំផុត តាមបណ្តោយ ឆ្នេរសមុទ្រអាត្លង់ទិកខាងជើង ដែលផ្តល់នូវទិដ្ឋភាព ដ៏អស្ចារ្យនៃឆ្នេរសមុទ្រ និងទេសភាពកោះទឹកកក។ ភ្ញៀវទេសចរភាគច្រើន ដែលឡើងភ្នំ Cadillac នេះ គឺដើម្បីមើល ថ្ងៃរះនាពេលព្រឹកតែម្ដង។