ចាប់ពីថ្ងៃ៣១ ដល់ថ្ងៃទី៦ ខែកញ្ញា ខាងមុខ កម្ពុជា នឹងមានការធ្លាក់ភ្លៀង កម្រិតមធ្យមទៅខ្ពស់ ទូទាំងប្រទេស


ភ្នំពេញ៖ ស្ថានភាពអាកាសធាតុនៅកម្ពុជា នាចុងខែសីហា និងឈានចូល ដើមខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ នឹងមានការប្រែប្រួល ដោយនឹងមានការធ្លាក់ភ្លៀង នៅលើផ្ទៃប្រទេស ពីកម្រិតមធ្យម ទៅកម្រិតខ្ពស់ ដែលប្រជាពលរដ្ឋគ្រប់រូប គប្បីប្រុងប្រយ័ត្ននៅតាមគេហដ្ឋាន និងការធ្វើដំណើរនៅតាម ផ្លូវទាំងរាជធានី និងខេត្ត។

ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ដោយ នឹងទទួលរងនូវឥទ្ធិពលខ្សោយ ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីបក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម។ តាមរយៈឥទ្ធិពលនេះ នឹងធ្វើឱ្យស្ថានភាពអាកាសធាតុ នៅកម្ពុជា មានការធ្លាក់ភ្លៀង ពីកម្រិតធម្យម ទៅខ្ពស់ អមជាមួយនឹងខ្យល់កន្ត្រាក់ និងរន្ទះផងដែរ។

ជាមួយគ្នានោះដែរ នៅចន្លោះថ្ងៃទី៣ ទៅថ្ងៃទី៥ ខែកញ្ញា ខាងមុខ កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ ) ដែលអូសបន្លាយ លើភាគខាងជើងថៃ ឡាវ និងវៀតណាម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងក្នុង កម្រិតពីខ្សោយទៅមធ្យម ជាមួយគ្នានោះ ផ្នែកខ្លះនៃបណ្តាខេត្ត នៅទំនាបភាគកណ្ដាល និងភាគពាយ័ព្យអាចមានភ្លៀង ដោយអន្លើរក្នុងកម្រិតបង្គួរ លាយឡំទៅដោយផ្គររន្ទះ។
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C
- សីតុណ្ណភាពអតិបរមា មានពី ៣២-៣៥ °C

២. បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យម ជាមួយគ្នានោះផ្នែកខ្លះ អាចមានភ្លៀង ដោយអន្លើរក្នុង កម្រិតបង្គួរលាយឡំ ទៅដោយផ្គររន្ទះ។
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C

៣. តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គររន្ទះ៕
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
- សីតុណ្ណភាពអតិបរមា មានពី ៣១-៣៣ °C

អាស្រ័យហេតុនេះ បងប្អូនប្រជាពលរដ្ឋ នៅគ្រប់រាជធានីខេត្ត គប្បីយកចិត្តទុកដាក់ និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហេតុការណ៍ដែលអាច នឹងកើតមានឡើងជាយថាហេតុ៕