មានរបាយការណ៍ជាច្រើន បានបង្ហាញថាការដើរ គឺផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់សុខភាពរបស់យើង សូម្បីតែការដើរក្នុងចម្ងាយខ្លីៗ ក៏ដោយ។ លើសពីនេះ ប្រសិនបើយើងដើរ លំហាត់ប្រាណ ស្របនឹងបរិស្ថាន និងបរិយាកាស ដ៏ស្រស់ស្អាតនៃធម្មជាតិ បូករួមនឹង ការរចនាស្ពានអាកាស ដ៏មានភាពច្នៃប្រឌិត ទៀតនោះ វារឹតតែអាចជួយដល់ សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ដរបស់យើង ទៀតផង។ ដូច្នេះហើយ បានជានៅក្នុង ទីក្រុងជឿនលឿនមួយចំនួន បានបំផុសគំនិត បង្កើតជាស្ពានអាកាសថ្មើរជើង ដែលឆ្លងកាត់ធម្មជាតិ ដើម្បីផ្ដល់ភាពស្រស់ស្រាយបំផុត ដល់អ្នកដំណើរ។ ស្របគ្នានេះដែរ ក្រុមការងារយើង នឹងនាំអ្នកទាំងអស់គ្នា ទៅស្គាល់ស្ពានថ្មើរជើងខ្ពស់ៗ ឆ្លងកាត់ធម្មជាតិ ឬហៅថា Sky Walk ទាំងចំនួន 10 កន្លែង ដែលស្រស់ស្អាតបំផុត នៅក្នុងទីក្រុងជុំវិញពិភពលោក៖
1. ស្ពានអាកាសថ្មើរជើង RiNo ArtPark ទីក្រុង Denver រដ្ឋ Colorado

ស្ពានអាកាសថ្មើរជើង RiNo ArtPark ជាស្ពានដែលទើបតែ នឹងបើកឲ្យប្រើប្រាស់ ថ្មីៗនេះប៉ុណ្ណោះ នៅក្នុងទីក្រុង Denver ដែលជាការរចនា ដោយក្រុមហ៊ុនក្នុងស្រុក Tres Birds។ RiNo ArtPark មានទីតាំងស្ថិតនៅ តំបន់មាត់ទន្លេ ដែលមានប្រវែង 400 ហ្វីត ដែលពោពេញ ទៅដោយទិដ្ឋភាព នៃឧទ្យានជុំវិញ និងទន្លេ South Platte ដែលនៅជាប់គ្នា។
2. ស្ពានអាកាសថ្មើរជើង God's Window Skywalk ទីក្រុង Mpumalanga អាហ្វ្រិកខាងត្បូង

God's Window Skywalk គឺជាគម្រោងដែល បច្ចុប្បន្នកំពុងស្ថិត ក្នុងការអភិវឌ្ឍនៅឡើយ។ គម្រោងស្ពាននេះ មានទីតាំងនៅភាគខាងកើត នៃអាហ្វ្រិកខាងត្បូង និងជាស្នាដៃរចនា ដោយក្រុមហ៊ុនស្ថាបត្យកម្ម Dewar van Antwerpen និង Boogertman + Partners ។ ស្ពាននេះ នឹងស្ថិតនៅក្នុង តំបន់ការពារធម្មជាតិ Blyde River Canyon Nature Reserve ដែលអាចផ្ដល់នូវ ទេសភាពបែប Panoramic គួរឲ្យចង់ទៅដើរលេងកម្សាន្ដ។
3. ស្ពានអាកាសថ្មើរជើង Redwood ទីក្រុង Eureka, កាលីហ្វញ៉ា

កាលពីរដូវក្តៅមុន ទីក្រុង Eureka រដ្ឋកាលីហ្វ័រញ៉ា បានបើកដំណើរការ ស្ពានអាកាសថ្មើជើងមួយ ដែលមានឈ្មោះថា Redwood Sky Walk ដែលនឹងផ្ដល់ បទពិសោធន៍ដើរដ៏អស្ចារ្យ ក្នុងចម្ងាយមួយភាគបួនម៉ាយល៍ ដល់អ្នកដំណើរ។ ស្ពាននេះមានកម្ពស់ 100 ហ្វីត ខ្ពស់ពីដី និងមានអមជុំវិញ ដោយប្រភេទដើមឈើក្រហម ដ៏ស្រស់ស្អាត ដុះពាសពេញក្នុងតំបន់នេះ។
4. ស្ពានអាកាសថ្មើរជើង Treetop Walk Bavarian Forest ទីក្រុង Neuschönau ប្រទេសអាល្លឺម៉ង់

ស្ពានអាកាសថ្មើរជើង Treetop Walk Bavarian Forest មានទីតាំងស្ថិតនៅ ក្នុងឧទ្យានជាតិ Bavarian Forest និងជាផ្លូវនាំឡើង ទៅលើទីខ្ពស់ នៃអគារឈើ រាងពងមាន់ប្រវែង 144 ហ្វីត ជាមួយនឹង ការផ្ដល់ទិដ្ឋភាព 360 ដឺក្រេ នៃរុក្ខជាតិបៃតងជុំវិញនោះ។ ស្ពាននេះត្រូវបាន រចនាឡើងដោយស្ថាបត្យករ ដែលមានមូលដ្ឋាន នៅទីក្រុង Schönberg លោក Josef Stöger។
5. ស្ពានអាកាសថ្មើរជើង Grand Canyon West តំបន់ Peach Springs រដ្ឋ Arizona

ស្ពានអាកាសថ្មើរជើង Grand Canyon West នេះ បានបើកឲ្យប្រើប្រាស់ អស់រយៈពេល 15 មកហើយ បើគិតមកដល់ឆ្នាំនេះ។ អ្នកដែលទៅ ដើរលេងកម្សាន្ដនៅស្ពាន Grand Canyon West នេះនឹងបានឃើញ ទិដ្ឋភាពពីលើជ្រលងភ្នំ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលមានកម្ពស់ 4,000 ហ្វីត តាមរយៈកម្រាល ស្ពានកញ្ចក់ដ៏ល្បីល្បាញរបស់ Grand Canyon West។
6. ស្ពានអាកាសថ្មើរជើង Columbia Icefield តំបន់ Alberta ប្រទេសកាណាដា

Columbia Icefield គឺជាស្ពានអាកាសកញ្ចក់ថ្មើជើង ដែលមានទីតាំងនៅ ភាគខាងលិច នៃប្រទេសកាណាដា ជាមួយនឹងកម្ពស់ជាង 900 ហ្វីត ពីលើជ្រលងភ្នំ Sunwapta។ ស្ពាននេះនឹងផ្ដល់ អារម្មណ៍នៃការទស្សនា ទេសភាពភ្នំ ទន្លេ និងជ្រលងភ្នំ ដ៏ស្រស់ស្អាតក្នុងតំបន់នោះ។ លើសពីនេះ ស្ពាននេះក៏ក្បែឧទ្យានជាតិ Jasper និងហ៊ុំព័ទ្ធដោយភ្នំផងដែរ ដែលនឹងផ្ដល់ ខ្យល់អាកាសបរិសុទ្ធបំផុត។ ស្ពានអាកាសថ្មើជើងនេះ គឺជាគម្រោងរចនារបស់ ស្ថាបត្យកម្ម Sturgess និងបានបើកដំណើរការ តាំងពីឆ្នាំ 2014 មកម្ល៉េះ។
7. ស្ពានអាកាសថ្មើរជើង Noisette Creek តំបន់ North Charleston, South Carolina

ស្ពានអាកាសថ្មើរជើង Noisette Creek គឺជាស្ពានថ្ម ដែលតភ្ជាប់ពីឧទ្យាន ដែលមានស្រាប់ ទៅកាន់ផ្នែកខាងជើង នៃព្រែកក្នុងតំបន់នោះ។ ស្ពាននេះនៅកម្ពស់ 800 ហ្វីត ជាមួយនឹងរចនាបថ គួរឲ្យចាប់អារម្មណ៍មួយបែប ដែលជាស្នាដៃរបស់ Thomas & Hutton ហើយបច្ចុប្បន្ននេះ ស្ពាននេះក៏ ស្ថិតក្រោមការសាងសង់នៅឡើយ។
8. ស្ពានអាកាសថ្មើរជើងនៃ High Line ទីក្រុងញូវយ៉ក

High Line គឺជាឧទ្យានមួយ នៅក្នុងតំបន់ Manhattan ទីក្រុងញូវយ៉ក ដែលមានស្ពានអាកាសថ្មើរជើង កាត់តាមឧទ្យាននេះ ចម្ងាយ 1.45 ម៉ាយល៍។ ស្ពាននេះត្រូវបាន រចនាដោយក្រុមហ៊ុន AD100 Diller Scofidio + Renfro, James Corner Field Operations (អ្នកដឹកនាំគម្រោង) និងបានបើកជា សាធារណៈតាំងពីឆ្នាំ 2009 មកម្ល៉េះ។
9. ស្ពានអាកាសថ្មើរជើងនៃ Robinson តំបន់ Bradenton រដ្ឋ Florida

Robinson គឺជាកន្លែងអភិរក្ស ព្រៃលិចទឹកមួយ មានទំហំជាង 600 ហិចតា នៅលើឆ្នេរ នៃឈូងសមុទ្រ Florida។ កន្លែងអភិរក្សព្រៃលិចទឹកនេះ ក៏មានស្ពានថ្មើរជើង រាប់សិបគីឡូម៉ែត្រមួយខ្សែ សម្រាប់ឲ្យអ្នកដំណើរ ដើរឆ្លងកាត់ទេសភាព ដ៏ស្រស់ត្រកាលនៅទីនោះ។
10. ស្ពានអាកាសថ្មើរជើងនៃ Gardens by the Bay សិង្ហបុរី

Gardens by the Bay គឺជាឧទ្យានបញ្ឈរ ដ៏ស្រស់ស្អាតមួយ របស់សិង្ហបុរី ដែលមានរចនាបថ ដូចដើមឈើដ៏ធំៗអញ្ចឹង។ សួនបញ្ឈរនេះ បានទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីអន្តរជាតិ ចាប់តាំងពីការបើក ដំណើរការរបស់ខ្លួន កាលពីមួយទសវត្សរ៍មុន។ ជាពិសេសគឺ ស្ពានអាកាសថ្មើរជើងដ៏ខ្ពស់ ដែលផ្សាភ្ជាប់ពីប៉ម នៃសួនបញ្ឈរមួយ ទៅមួយរបស់វាតែម្ដង។