ក្រុងព្រះសីហនុ៖ ការបើកដំណើរការ សង្គមសេដ្ឋកិច្ចឡើងវិញ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តជម្រុញឱ្យ វិស័យជាច្រើនចាប់ផ្ដើម មានដង្ហើមឡើងវិញ ដោយក្នុងនោះប្រាក់ចំណូល របស់កំពុងផែស្វយ័តក្រុងព្រះសីហនុ ក៏មានការកើនឡើង ជាបន្តបន្ទាប់ដូចគ្នា។ សន្ទុះនៃការកើនឡើងនោះ បើគិតដល់ត្រីមាសទី២ កន្លងទៅ មានការកើនឡើង ដល់ទៅ ២១៨,៨៦% ឯណោះ។

របាយការណ៍ផ្លូវការចេញដោយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ប្រាក់ចំណូលទទួលបាន ក្នុងត្រីមាសទី២ ឆ្នាំ២០២២ ពោលគឺគិតចាប់ពីខែមេសា ដល់ខែមិថុនា កន្លងទៅ មានការកើនឡើង ២១៨,៨៦% ឬសរុបជាទឹកប្រាក់ប្រមាណ ១១ លានដុល្លារអាមេរិក។ សន្ទុះនៃការកើនឡើងនេះ បើធៀបទៅនឹង ចំនួនដូចគ្នា កាលពីត្រីមាសទី២ ឆ្នាំ២០២១ កន្លងទៅ គឺរកប្រាក់ចំណូល បានតែប្រមាណ ៣,៤៣ លានដុល្លារតែប៉ុណ្ណោះ ស្ថិតក្នុងអំឡុងពេល កម្ពុជារងគ្រោះដោយជំងឺកូវីដ-១៩។

តាមការបញ្ជាក់ឱ្យដឹង នៃការកើនឡើង ប្រាក់ចំណូលក្នុងត្រីមាសទី២ កន្លងទៅនេះ បានឱ្យដឹងថា ប្រាក់ចំណូលប្រមូលបានសរុប កើតចេញពី សេវាចតនាវាដឹកជំនិញ និងការលើកដាក់ ទូកុងតឺនឺចេញចូល តាមច្រកកំពង់ផែ ដែលរកប្រាក់ចំណូល បានជិត ៥០% និង ៣០% នៃចំនួនប្រាក់ចំណូលសរុប។ ជាមួយគ្នានោះដែរ កំពង់ផែស្វយ័ត ក៏រកប្រាក់ចំណូលបានបន្ថែម ចេញពីការប្រើប្រាស់ឃ្លាំងស្តុកឥវ៉ាន់ ថ្លៃដឹកជញ្ជូនទំនិញ ថ្លៃជួល ថ្លៃធ្វើដំណើរ និងសេវាជាច្រើនទៀត មកពីតំបន់សេដ្ឋកិច្ចពិសេស។

លោក លូ គីមឈុន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាអគ្គនាយក កំពង់ផែ បានបញ្ជាក់ដូច្នេះថា ក្រៅពីប្រាក់កម្រៃ ក៏ដូចជាសេវាទាំងនោះ ក៏មានការរួមចំនែកពី រូបបិយប័ណ្ណជប៉ុន (លុយយេន) ឡើងថ្លៃ ដែលជាផ្នែកមួយ ជម្រុញឱ្យប្រាក់ចំណូល ក្នុងត្រីមាសទី២ កន្លងទៅមានការកើនឡើង។ លោកបានបន្តទៀតថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងបន្តមានលទ្ធភាព ទទួលបានប្រាក់ចំណូលច្រើន ជាងឆ្នាំមុន ស្របពេលរដ្ឋាភិបាល កំពុងធ្វើការងារលើគម្រោង ពង្រីកលទ្ធភាព កំពង់ផែទឹកជ្រៅ ដែលនឹងបើកទ្វារ ឱ្យការដឹកជញ្ជូនទំនិញ នៅកម្ពុជា កាន់តែល្អប្រសើរ និងសំបូរបែប នាពេលខាងមុខ។

ស្ថិតក្នុងទំហំនៃ ប្រាក់ចំណេញសរុប កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានចំនាយថវិកាសរុប ប្រមាណ ១៨,៣១ លានដុល្លារអាមេរិក សម្រាប់បើកប្រាក់បៀវត្សរ៍ ទៅដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រើប្រាស់ទៅលើ ការជួសជុលផ្សេងៗ បង់រំលោះ ក៏ដូចជារៀបចំ និងចាត់ចែងទៅលើ កិច្ចការងារសំខាន់ៗ ជាច្រើនផ្សេងទៀត ស្ថិតក្នុងអត្រាកំណើនជិត ២០% ខ្ពស់ជាងឆ្នាំមុន ដែលមានត្រឹម ១៥,២៦ លានដុល្លារអាមេរិក៕