សហជីពរក្សាតួលេខចំនួន ២១៣ដុល្លារ រីឯនិយោជក ១៩៦ដុល្លារអាមេរិក លើការចរចាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ដើម្បីបន្តពិភាក្សាកំណត់ ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ កាលពីយប់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា លទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានេះ ភាគីតំណាងកម្មករនិយោជិត បានបន្ថយតួលេខពីចំនួន ២១៥ដុល្លារ មកតួលេខ ២១៣ដុល្លារ ជាមូលដ្ឋានក្នុងការចរចា។

ក្រោយការប្រជុំផ្ទៃក្នុងចំនួន ២លើក ភាគីនិយោជក ក៏បានដំឡើងតួលេខពីចំនួន ១៩៤ ដុល្លារ ទៅតួលេខ ១៩៦ដុល្លារ ជាមូលដ្ឋានក្នុងការចរចាដែរ។ ជាមួយគ្នានេះ ភាគីទាំងពីរបានបន្តពន្យល់ និងការពារគោលជំហរបស់ខ្លួនទៅ វិញទៅមកប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។

ឯកឧត្តមបន្តថា នៅក្នុងកិច្ចប្រជុំត្រីភាគីនេះ គឺរាជរដ្ឋាភិបាលក៏បានបន្ត សម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែម លើចំណុចនានា តាមសំណូមពរ របស់ភាគីតំណាង កម្មករនិយោជិត និងភាគីតំណាងនិយោជក ផងដែរ។ តាមលក្ខណ:បច្ចេកទេស និងបម្រែបម្រួលទិន្នន័យ នៃលក្ខណវិនិច្ឆ័យទាំង ៧ ដែលជាមូលដ្ឋាន កំណត់ប្រាក់ឈ្នួល អប្បបរមានោះ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានគណនាឃើញថា តួលេខប្រាក់ឈ្នួល អប្បបរមាសម្រាប់ឆ្នាំ២០២៣ គឺ ១៩៧,៨៦ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ អង្គប្រជុំបានឯកភាពគ្នា កំណត់កិច្ចពិភាក្សា ជាលក្ខណៈត្រីភាគីបន្តទៀត - នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ និងប្រជុំបញ្ចប់នៅ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២៕

