គម្រោងវិនិយោគអាជីវកម្មរ៉ែមាស ថ្មីមួយទៀត មានទីតាំងនៅខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានខ្ទង់ ៣០០ កន្លែង


កម្ពុជានឹងចាប់ផ្ដើម អាជីវកម្មចម្រាញ់រ៉ែមាស ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅចុងឆ្នាំ២០២៣ខាងមុខ នេះ ក្រោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជី គម្រោងវិនិយោគរ៉ែមាស ជូនដល់ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាន បញ្ជាក់ថា គម្រោងវិនិយោគ អាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុននេះ មានទីតាំងវិនិយោគ ស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ចំនួន៣០០កន្លែង។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃ អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «ប្រសិនបើមិនមាន អ្វីប្រែប្រួលនោះទេ ក្រុមហ៊ុននេះទំនងជា អាចចាប់ផ្តើមធ្វើ អាជីវកម្មចម្រាញ់រ៉ែមាស នៅអំឡុងចុងឆ្នាំ២០២៣ខាងមុខនេះ»។ លោក អ៊ឹង ឌីប៉ូឡា បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការវាយតម្លៃ ហេតុផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (EIA) រួចរាល់ជាស្ថាពរ ក្រសួងរ៉ែ និងថាមពល បានសម្រេចអនុញ្ញាត ឲ្យក្រុមហ៊ុននេះ អាចធ្វើអាជីវកម្មរ៉ែ នៅខេត្តកំពង់ធំជាផ្លូវការ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងតែ រៀបចំខ្សែច្រវ៉ាក់របស់ខ្លួន។ លោកអគ្គនាយក បានគូសបញ្ជាក់ថា ទំហំនៃការធ្វើអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD គឺមានលក្ខណៈខ្នាត ក្រោមមធ្យម។

លោកលើកឡើងផងដែរថា តាមរយៈក្រុមហ៊ុននេះ នឹងចូលរួមចំណែក ជំរុញការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា ដោយបង្កើតចំណូលពន្ធ សួយសារ ការងារ និងការចែករំលែក បទពិសោធន៍ ក៏ដូចជា ការនាំមកនូវបច្ចេកវិទ្យាថ្មីៗ សម្រាប់កម្ពុជា។ គិតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៧ ដែលទទួលអាជ្ញាប័ណ្ណអាជីវកម្ម ដើម្បីផលិតរ៉ែមាស ពីក្រសួងរ៉ែ និងថាមពល។ ដោយក្នុងនោះ មានក្រុមហ៊ុន Renaissance Minerals បានផលិតរ៉ែមាសជាផ្លូវការ នៅខេត្ដរតនគិរី និងក្រុមហ៊ុនឌែលខម (Delcom Cambodia) បានចាប់ផ្តើមសាកល្បង ផលិតមាស នៅខេត្តព្រះវិហារ។

លោកអគ្គនាយកបញ្ជាក់ថា ធនធានរ៉ែ គឺជាធនធានរបស់ទាំងអស់គ្នា ពុំមែនរបស់ក្រសួងរ៉ែ មិនមែនរបស់ នរណាម្នាក់ទេ គឺធនធានរ៉ែ របស់ប្រជាជនខ្មែរទាំងមូល។ លោក អ៊ឹង ឌីប៉ូឡា បានឲ្យដឹងថា ចំណូលដែល បានប្រមូលពីវិស័យរ៉ែ គឺជាមានការកើនឡើង ជារៀងរាល់ឆ្នាំ ដោយក្នុងនោះ នៅឆ្នាំ២០២០ ប្រមូល ចំណូលសួយសារ បានដល់ជាង ២៥លានដុល្លារ បានចូលទៅក្នុង ថវិកាជាតិ រីឯឆ្នាំ២០២១ ប្រមូលចំណូលបានជាង ៣៥លានដុល្លារ និងរយៈពេល៦ខែ ឆ្នាំ២០២២ ប្រមូលបាន ២០លានដុល្លារ៕