KPF និង Heatherwick Studio បង្ហាញពីការរចនា ស្ថានីយទីប្រាំ របស់អាកាសយានដ្ឋានសិង្ហបុរី មានទាំងសោភ័ណ្ឌភាព និងប្រព័ន្ធសុខាភិបាលខ្ពស់


ក្រុមស្ថាបត្យករ KPF និង Heatherwick ទើបបានបង្ហាញពី ការរចនាស្ថានីយទីប្រាំ របស់អាកាសយានដ្ឋាន Changi ក្នុងប្រទេសសិង្ហបុរី។ គម្រោងរបស់ពួកគេ បានបង្ហាញពីគំនិត “អាកាសយានដ្ឋាន ជាទីក្រុងមួយ” ដោយសារតែស្ថានីយទីប្រាំថ្មី របស់អាកាសយានដ្ឋាននេះ មានទំហំធំទូលាយ និងមានផែនការ អាចផ្ទុកអ្នកដំណើរបានដល់ 50 លាននាក់ក្នុងមួយឆ្នាំ។ ស្ថានីយថ្មីនេះ ខុសប្លែកពីស្ថាបត្យកម្មដទៃ ដោយរួមបញ្ចូលនូវ ការរចនាផ្តល់ភាពងាយស្រួល ដល់ការធ្វើទំនាក់ទំនងសង្គម, ផ្តល់នូវគុណភាពបែបថ្មីនៃពន្លឺ, បរិយាកាសថ្មី និងបទពិសោធន៍ពិសេស ដល់អ្នកដំណើរជាតិ-អន្តរជាតិ ដែលបានមកដល់ទីនេះ។    

ស្ថានីយទីប្រាំនេះ សាងសង់ឡើងលើផ្ទៃដីទំហំ 1,080 ហិកតា នៅភាគខាងលិច នៃអាកាសយានដ្ឋាន ព័ទ្ធជុំវិញដោយ ទេសភាពស្រស់ត្រកាល រំលេចជាមួយវាលធម្មជាតិ នាពេលថ្ងៃលិច។ គ្រប់យ៉ាងគិតគូរ ដល់ភាពទូលំទូលាយ ដោះស្រាយបញ្ហាកក់ស្ទះ និងមានទីធ្លាគ្រប់គ្រាន់ សម្រាប់អ្នកដំណើរគ្រប់គ្នា។ ក្រៅពីនោះ នៅមានការរចនា បែបបច្ចេកទេស ផ្តោតលើសុវត្ថិភាពបរិស្ថាន និងកាត់បន្ថយ ការចម្លងមេរោគជាចំបង។ បើនិយាយអំពី ប្រព័ន្ធដំណើរផ្សេងៗ រួមមានការប្រើប្រាស់បច្ចេកវិទ្យា Contactless ដើម្បីកាត់ បន្ថយការប៉ះដោយផ្ទាល់ រាល់ពេលទូទាត់ប្រាក់ ឬពិនិត្យលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងៗ, បង្កើនប្រព័ន្ធបន្សុទ្ធខ្យល់ និងការរៀបចំ ជាច្រើនទៀត ជាវិធីសាស្រ្តកាត់បន្ថយ ជំងឺឆ្លងផ្សេងៗជាមុន។

នៅក្នុងស្ថានីយ ក៏មានជាយាន្តជំនិះ បើកបរដោយស្វ័យប្រវត្តិ សម្រាប់ដឹកសម្ភារៈផ្សេងៗ និងម៉ាស៊ីនដឹកវ៉ាលី ដោយស្វ័យប្រវត្តិ សម្រាប់អ្នកដំណើរផងដែរ។ គ្រឿងយន្តថ្មីៗ និងបច្ចេកវិទ្យាបញ្ញា បែបសប្បនិម្មិត (Artificial Intelligence) ក៏ដាក់ប្រើប្រាស់ នៅក្នុងស្ថានីយនេះដែរ ប៉ុន្តែមិនត្រូវបាន កាត់បន្ថយបុគ្គលិក នោះទេ មានតែបង្កើតឱកាសការងារ ជាច្រើន ដល់ប្រជាជនសិង្ហបុរីទៀតផង។ ក្រុមស្ថាបត្យករ KPF និង Heatherwick ត្រូវបានជ្រើសរើស ឱ្យរចនាស្ថានីយទីប្រាំនេះ តាំងពីឆ្នាំ 2018 មក ហើយគម្រោងស្ថានីយនេះ ជាគម្រោងទីបី ដែលក្រុមស្ថាបត្យករ Heatherwick បានសម្រេច ការរចនាសម្រាប់ ប្រទេសសិង្ហបុរី ដូច្នេះពួកគេមាន បទពិសោធន៍ល្អបំផុត សម្រាប់គម្រោងដ៏ធំនេះ។

ក្រុមស្ថាបត្យករ KPF ក៏មានបទពិសោធន៍ ដ៏ជំនាញដែរ ដោយគេបានសម្រេច នូវគម្រោងជាច្រើន នៅសហរដ្ឋអាមេរិក ជាពិសេសធ្លាប់បាន បង្កើតអាកាសយានដ្ឋាន នៅសហព័ន្ធអារ៉ាប់រួមទៀតផង។ ដូច្នេះ យើងឃើញត្រឹមរូបភាព ដែលពួកគេបានបង្ហាញដំបូងនេះ ក៏គួរឱ្យកោតសសើរដែរ ចុះទម្រាំបានឃើញ នូវសមិទ្ធផលរួចរាល់ទៀតនោះ ប្រាកដជាកាន់តែអស្ចារ្យ ប៉ុន្តែពួកគេមិនទាន់បាន កំណត់កាលបរិច្ឆេទនូវ ពេលសាងសង់រួចរាល់នៅឡើយទេ។