តំបន់ទេសចរណ៍សំខាន់ៗ ក្នុងខេត្តក្រចេះ ដែលភ្ញៀវទេសចរ អាចទៅកម្សាន្ដបាន នៅក្នុងរដូវវស្សា


យោងតាម លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានមានលើកឡើងថា បើទោះបីជាបច្ចុប្បន្នកម្ពុជា កំពុងស្ថិតក្នុងរដូវវស្សាក៏ដោយ ក៏ប៉ុន្ដែតំបន់ទេសចរណ៍សំខាន់ៗ មួយចំនួន នៅក្នុងខេត្តក្រចេះ នៅតែអាចដំណើរការ និងទទួលភ្ញៀវទេសចរ ឲ្យមកលេងកម្សាន្ដបានដដែល ដោយសារតែតំបន់ទាំងនោះ មានភាពអំណោយផល និងសម្បូរធនធានធម្មជាតិ ជាច្រើន ដែលធ្វើឱ្យតំបន់ទេសចរណ៍ ទំាងនោះកាន់តែមាន សម្រស់ស្រស់ស្អាត នៅក្នុងរដូវវស្សា។

លោក ចាន់ សុគន្ធី បានគូសបញ្ជាក់ទៀតថា តំបន់ទេសចរណ៍ ដែលនៅតែអាចបន្ត ទទួលភ្ញៀវទេសចរបានជាធម្មតា រួមមាន៖ ក្រុងក្រចេះ សហគមន៍ទេសចរណ៍កោះទ្រង់ សហគមន៍ក្រឡាន ភ្នំសំបុក អន្លង់ផ្សោតកាំពីនិងកាំពី វិហារសសរ ១០០ជាដើម ដែលតំបន់ទាំងអស់នេះ សុទ្ធតែជាទីតាំង ដ៏មានសក្ដានុពល និងមានធនធានធម្មជាតិ ដ៏សម្បូរបែប ជាពិសេសនៅក្នុង រដូវវស្សានេះតែម្ដង។

ក្រៅពីនេះ លោកក៏បានបង្ហាញពី តំបន់ទេសចរណ៍ នៅក្នុងស្រុកផ្សេងៗ នៃខេត្ដក្រចេះ ជាច្រើនទៀតផងដែរ សម្រាប់ដំណើរកម្សាន្ដ ក្នុងរដូវវស្សាសព្វថ្ងៃនេះ ដូចជាស្ពានកាំពី និង អន្លង់ផ្សោតកាំពី កោះទ្រង់ ហើយបន្ទាប់មកមានវិហារ រកាកណ្តាល តំបន់ក្រុងក្រចេះដែលមានផ្សារធំ ងាកទៅស្រុកស្នួល គឺមានវិមានពីរធ្នូ ដោយចុះមកមាន ភ្នំសុពណ៌កាលី ហើយតែអែបជើងភ្នំនោះ គេហៅថារមណីយដ្ឋាន កែច្នៃឆ្នេរសុពណ៌កាលី កំពុងតែដំណើរការ ទទួលទេសចរបានក្នុងរដូវវស្សា និងភ្នំសំបុកជាដើម។

សូមបញ្ជាក់ថា ខេត្តក្រចេះ មានតំបន់ទេសចរណ៍សរុប ១៩ទីតាំង រួមមាន៖ រមណីយដ្ឋាន ធម្មជាតិចំនួន ១៣កន្លែង រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រចំនួន ៥កន្លែង និងរមណីយដ្ឋាន វប្បធម៌ធម្មជាតិចំនួន ១កន្លែង៕ ដូច្នេះសម្រាប់ប្រិយមិត្ដ ដែលមានបំណង ចង់ធ្វើដំណើរកម្សាន្ដ ទៅកាន់ខេត្ដក្រចេះក្នុងរដូវវស្សានេះ អាចពិចារណាតំបន់ទេសចរណ៍ មួយចំនួននៅខាងលើនេះបាន។