ឧស្សាហកម្មថៃ អាចនឹងជាប់កាតព្វកិច្ចបង់ពន្ធ លើដំណើរការដែលបង្កការបំភាយឧស្ម័នពុល នាឆ្នាំក្រោយនេះ!


បាងកក៖ ឆាប់ៗខាងមុខនេះ វិស័យឧស្សាហកម្មនៅថៃ នឹងត្រូវជាប់បន្ទុកបន្ថែមទៀត ជុំវិញការបង់ពន្ធជូនរដ្ឋ កើតចេញពីការបំភាយឧស្ម័ន ចូលទៅក្នុងបរិយាកាស ដែលច្បាប់តម្រូវឱ្យ ជាប់កាតព្វកិច្ចបង់ពន្ធ ដែលត្រៀមនឹងប្រកាស នាពេលដ៏ខ្លីខាងមុខនេះ។

ខាងមុខឆាប់ៗនេះ រដ្ឋាភិបាលថៃ នឹងប្រកាសឱ្យអនុវត្ត កាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ចំពោះអាជីវកម្មណា ដែលបំភាយឧស្ម័នពុល ចូលទៅក្នុងបរិយាកាស ជាដំនើរបោះជំហានថ្មីមួយ របស់ថៃ ដូចទៅនឹងបណ្ដា ប្រទេសជឿនលឿនផ្សេងៗទៀត ក្នុងសកលលោក។ លោក Ekniti Nitithanprapas អគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធដារជាតិថៃ បានឱ្យដឹងដូច្នេះថា កាតព្វកិច្ចបង់ពន្ធ លើកាបោនឌីអុកស៊ីត ដែលបំភាយចេញពីរោងចក្រ ឬសហគ្រាស គឺជាទិសដៅរបស់ពិភពលោក ហើយថៃមិនអាច ជៀសវាងបាននោះទេ។

លោកអគ្គនាយក បានបន្ថែមទៀតថា ការចាប់ផ្ដើមប្រមូលពន្ធ លើការបំភាយឧស្ម័នពុលនេះ ដឹកនាំដោយសហភាពអឺរ៉ុប ដោយបណ្ដាប្រទេសជាច្រើន ត្រូវជាប់កាតព្វកិច្ចនេះ ហើយយ៉ាងយូរឆ្នាំក្រោយ ថៃអាចនឹងប្រកាស ឱ្យអនុវត្តដូចទៅនឹង បណ្ដាប្រទេសនៅអឺរ៉ុបដូចគ្នា។ រាល់រោងចក្រ សហគ្រាស ដែលបំភាយឧស្ម័ន ក្នុងកម្រិតច្រើន ឬស្ថិតក្នុងកម្រិត ដែលកំណត់ដោយច្បាប់ នឹងត្រូវជាប់ពន្ធនេះ ពិសេសឧស្សាហកម្មស៊ីម៉ងត៍ ដែក អាលុយមីញ៉ូម ជី និងផលិតផលអេឡិកត្រូនិច ជាច្រើនផ្សេងៗទៀត។

ការជាប់ពន្ធលើ ការបំភាយឧស្ម័ននេះ គឺជារឿងដែល មិនអាចរួចផុតបាន ខណៈពិភពលោក បានកំពុងប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុផែនដី តាមរយៈការកាត់បន្ថយ ឧស្ម័នពុលបំភាយ ទៅក្នុងបរិយាសនៅគ្រប់រូបភាព។ ហេតុនេះ ការនាំចេញមុខទំនិញ របស់ថៃជាច្រើនប្រភេទ នឹងត្រូវជាប់កាតព្វកិច្ច បង់ពន្ធនេះ ទៅកាន់ប្រទេសដែលផលិតផលថៃ ត្រូវបាននាំចូលនោះ តែបើថៃបានប្រមូលពន្ធ ពីប្រទេសខ្លួនរួច ការនាំចេញទៅទីផ្សារអន្តរជាតិ នឹងមានភាពល្អប្រសើរជាង ជាមួយលទ្ធភាពចរចាជាមួយ ដៃគូពាណិជ្ជកម្ម ក្នុងការលុបចោល ការយកពន្ធ។

ការប្រមូលពន្ធនេះ ត្រូវបានរំពឹងថា នឹងអាចប្រកាស នាឆ្នាំក្រោយនេះឯង ដែលរួមចំណែក ក្នុងការកាត់បន្ថយការបំភាយ ឧស្ម័នពុល ហើយក៏បានរួមចំណែក ទៅដល់សេដ្ឋកិច្ចទីផ្សាររបស់ថៃ នៅក្នុងឆាកអន្តរជាតិ ឱ្យកាន់តែប្រសើរ ដូចទៅនឹងបណ្ដាប្រទេសធំៗ ជាច្រើនទៀត ជាពិសេសគឺរួមគ្នាប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុ។ នាថ្ងៃអនាគត រដ្ឋាភិបាលថៃ ក៏នឹងមានការកាត់បន្ថយពន្ធ ទៅលើថ្មរថយន្តអគ្គិសនី ដើម្បីលើកទឹកចិត្ត ឱ្យពលរដ្ឋងាកមករក រថយន្តប្រើប្រាស់អគ្គិសនី ជំនួសឱ្យឥន្ធនៈផងដែរ៕