ហ្សាកាតា៖ ការសិក្សាស្រាវជ្រាវថ្មីមួយ បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រែបម្រួលអាកាសធាតុ ដែលកំពុងវាយប្រហារ ភពផែនដី និងបានបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ធនធានធម្មជាតិ ក៏ដូចជាអាយុជីវិតជាច្រើន ប្រទេសនៅអាស៊ី ត្រូវចាត់វិធានការណ៍រហ័ស ក្នុងការពង្រឹង លទ្ធភាពនៃការបង្កើត និងប្រើប្រាស់ថាមពលបៃតង ឱ្យបានច្រើន។
បញ្ហាអាកាសធាតុ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ហើយក៏ជាបញ្ហាប្រឈមដ៏សំខាន់ ដែលពិបាកដោះស្រាយផងដែរ ព្រោះត្រូវរួបរួមគ្នា សម្រាប់ពិភពលោកតែមួយ បើពុំដូច្នោះទេ បញ្ហាគ្រោះធម្មជាតិជាច្រើន នឹងបន្តកើតមានឡើង និងមានកម្រិតហានិភ័យ កាន់តែខ្លាំងឡើងៗ។ ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសនៅអាស៊ី ត្រូវចាត់វិធានការណ៍រហ័ស ដោយការសិក្សាស្រាវជ្រាវ របស់ទីភ្នាក់ងារថាមពល កកើតឡើងវិញអន្តរជាតិ (International Renewable Energy Agency) បានបង្ហាញថា ការបង្កើនការប្រើប្រាស់ថាមពលបៃតង កាន់តែច្រើន គឺជាដំណោះស្រាយដ៏ប្រសើរមួយ មិនគួរមើលរំលង។
របាយការណ៍ស្រាវជ្រាវ ដដែលនោះ បានបង្ហាញថា បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ត្រូវចំណាយយ៉ាងហោចណាស់ ២១០ ពាន់លានដុល្លារឯណោះ ដើម្បីរៀបចំបង្កើត ឱ្យចេញជាស្ថានីយ៍ ផលិតថាមពលកកើតឡើងវិញបាន តាមរយៈជំនួយទៅដល់ បច្ចេកវិទ្យាទំនើបៗ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗជាដើម។ ការចំនាយនេះ គឺច្រើនជាង ២ដងកន្លះ នៃការចំនាយសរុប នាពេលបច្ចុប្បន្ន ឬអាចច្រើនជាងនេះ ហើយបើអាចសម្រេចបាន វានឹងជួយឆ្លើយតប ទៅនឹងការរក្សា សីតុណ្ហភាពផែនដី មិនឱ្យកើនឡើងលើស ១,៥ អង្សាសេ ដែលពិភពលោក កំពុងតែព្រួយបារម្ភជាខ្លាំង។
បញ្ហាប្រឈម ដែលប្រទេសនៅអាស៊ីអាគ្នេយ៍ គប្បីយកចិត្តទុកដាក់ គឺការលុបចោល ឬកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ដែលបង្កើតទៅជា ការបំភាយឧស្ម័នពុលជាច្រើន ចូលទៅក្នុងបរិយាកាស។ ការប្រើប្រាស់ធ្យូងថ្មនេះ មានប្រទេសមួយចំនួនតែប៉ុណ្ណោះ ដែលបានលុបបំបាត់ចោល តែខ្លះបានបង្កើតថ្មីផងដែរ ដូចជានៅចិន និងវៀតណាម តែទន្ទឹមគ្នានោះ ក៏មានការបង្កើត ស្ថានីយ៍ផលិតថាមពលបៃតង បានច្រើនវិញផងដែរ។ នៅអាស៊ីអាគ្នេយ៍ គោលដៅឆ្នាំ២០២៥ ធ្វើយ៉ាងណាឱ្យថាមពលផ្គត់ផ្គង់ ២៣% នៃការផ្គត់ផ្គង់ថាមពលសរុប បានមកពីថាមពលបៃតង ហើយដំណើរការនេះ កំពុងតែបន្តទៅមុខ តែសម្រេចបាន ឬយ៉ាងណានោះ នៅពុំទាន់ប្រាកដនៅឡើយ។
ការបង្កើនល្បឿន នៃការផ្គត់ផ្គង់ថាមពលបៃតង នៅតាមបណ្ដាប្រទេស នៃតំបន់អាស៊ីអាគ្នេយ៍ គឺជាការប្ដេជ្ញាចិត្ត របស់ថ្នាក់ដឹកនាំទាំងអស់គ្នា ដោយជម្រុញឱ្យ បង្កើតស្ថានីយ៍ផលិត ថាមពលបៃតង ឱ្យបានកាន់តែច្រើន និងកាត់បន្ថយស្ថានីយ៍ ដែលបំភាយឧស្ម័នពុល ដើម្បីអាចសម្រេចបាន នូវគោលដៅបានកំណត់នាឆ្នាំ ២០២៥ ខាងមុខ។ សម្រាប់ជំហ៊ានបន្ទាប់ឆ្ពោះទៅឆ្នាំ ២០៥០ បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ នឹងត្រូវចំនាយបន្ថែមទៀត នៅក្នុងវិស័យថាមពល ហើយនឹងទទួលបាន មកវិញនូវការ កាត់បន្ថយហានិភ័យជាច្រើន សម្រាប់សុខមាលភាពសាធារណៈ និងបរិស្ថានធម្មជាតិ សរុបប្រមាណជា ១,៥ ទ្រីលានដុល្លារអាមេរិក៕