ល្អាងភ្នំចាស់ មានទីតាំងស្ថិតនៅក្នុង ភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមាន ចម្ងាយប្រមាណជា ៤០ គីឡូម៉ែត្រពី ទីរួមខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវលេខ ៤២ ឆ្ពោះទៅស្រុកឱរ៉ាល់។ ល្អាងភ្នំចាស់នេះ មានកម្ពស់ជាង ២០០ ម៉ែត្រ ចែកចេញជាបីផ្នែក គឺខ្នងភ្នំព្រះព្រហ្ម ខ្នងភ្នំព្រះពុទ្ធ និងខ្នងកិន្នរ ដែលមានផ្ទៃក្រឡាប្រមាណជា ១០៣ ហិកតា ហើយភ្នំចាស់ គឺជាភ្នំមួយ ដែលមានល្អាងជាច្រើន ក៏ប៉ុន្តែល្អាងដែលធំជាងគេគឺ ល្អាងជង្រុក ដែលប្រជាជនរស់នៅតំបន់នោះ មានជំនឿយ៉ាងមុតមាំ ទៅលើល្អាងមួយនោះ។
ល្អាងភ្នំចាស់ គឺជាភ្នំធម្មជាតិមួយ ដែលមានអាយុកាល រាប់ពាន់ឆ្នាំមកហើយ និងជាទីតាំងប្រវត្តិសាស្ត្រ ដែលមនុស្សសម័យបុរេប្រវត្តិធ្លាប់រស់នៅ។ តាមប្រជាពលរដ្ឋនៅទីនោះ បាននិយាយថា ភ្នំចាស់នេះមាន បារមីខ្លាំងពូកែណាស់ ហើយជារៀងរាល់ឆ្នាំ អ្នកស្រុកតែងតែនាំគ្នា ធ្វើបុណ្យថ្វាយម្ចាស់ភ្នំ ពីព្រោះកាលពីសម័យដើម នៅតំបន់ភ្នំចាស់នេះ គឺសុទ្ធតែជនជាតិសួយរស់នៅ និងគ្រប់គ្រងដោយ មេកន្ទ្រាញខ្លាំងពូកែម្នាក់ឈ្មោះ បាភ្នំ។ រហូតមកដល់សព្វថ្ងៃនេះ ភ្នំចាស់នៅតែល្បី ខាងជំនឿអរូបី ហើយប្រសិនបើមាននរណាម្នាក់ ដែលទៅលេងនៅភ្នំចាស់ យកស្រាទៅផឹកនៅទីនោះ ច្បាស់ជាបារមីម្ចាស់ភ្នំ បង្ហាញឱ្យឃើញដូចជា សត្វខ្លា ពស់ធំៗ មកបន្លាចឱ្យឃើញភ័យរន្ធត់ ជាក់ជាមិនខានឡើយ ។
ដូច្នេះហើយបានជាភ្ញៀវទេសចរ ឬក៏ប្រជាជន ដែលមានបំណងឡើងភ្នំ ឬ ចូលទៅក្នុងល្អាងភ្នំចាស់ ពួកគាត់តែងតែអុជធូប បែបន់សុំបារមីម្ចាស់ភ្នំជាមុន។ ភ្នំចាស់ មានល្អាងភ្នំបែកជារូងតូចៗ ប្រមាណជា ៣០ ដែលរូងខ្លះមានសភាពងងឹតស្លុប គួរឱ្យខ្លាចរអា និងល្អាងខ្លះទៀត មានពន្លឺថ្ងៃចាំងចូល អាចធ្វើឱ្យអ្នកទស្សនា ចូលទៅបាន៕