ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អាចនឹងចាប់ផ្ដើមសាងសង់ នៅពាក់កណ្ដាលឆ្នាំ ២០២៣


បន្ទាប់ពីការបើកប្រើប្រាស់សាកល្បង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រឹមខែតុលាឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយដៃគូរអភិវឌ្ឍន៍ បាននឹងកំពុងសិក្សាលើ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មួយខ្សែទៀត ដែលអាចនឹងចាប់ផ្ដើម នៅពាក់កណ្ដាលឆ្នាំក្រោយ ស្របពេលដែល ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) កំពុងសិក្សាពីលទ្ធភាពសាងសង់ ហើយត្រៀមបញ្ចប់ ការសិក្សានៅចុងឆ្នាំ ២០២២ នេះ។

គម្រោងសិក្សាលទ្ធភាព សាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានរដ្ឋាភិបាល ផ្ទេរទៅអោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) សិក្សាវិញ បន្ទាប់ពីក្រុមហ៊ុននេះ មានបទពិសោធន៍ លើការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រកបដោយភាពជោគជ័យ ហើយយើងក៏មាន ប្លង់សិក្សាពីមុន តាមរយៈទីភ្នាក់ងារជប៉ុន និងក្រុមហ៊ុនចិន China Railway International Group ដែលបានសិក្សាកាលពី ៣ ឆ្នាំមុនមកដែរ។ ដូចនេះ គម្រោងសិក្សា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រំពឹងអាចនឹង បញ្ចប់នៅត្រឹមដំណាច់ឆ្នាំ២០២២ ព្រោះត្រូវការផ្លាស់ប្ដូរ កែតម្រូវភូមិសាស្ត្រ នៅតំបន់មួយចំនួនប៉ុណ្ណោះ បន្ទាប់មករដ្ឋាភិបាល នឹងត្រូវចរចាជាមួយ ក្រុមហ៊ុនពីតម្លៃសាងសង់ និងចុះកុងត្រា ចាប់ផ្ដើមសាងសង់ នៅពាក់កណ្ដាលឆ្នាំ២០២៣ នេះតែម្ដង។

យោងតាមការសិក្សាបឋម បានបង្ហាញថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ដែលចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ទៅដល់ច្រកព្រំដែនអន្តរជាតិបាវិត-ម៉ុកបៃ និងយកគម្រូតាមផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែរ។

ផ្លូវល្បឿនលឿនទី២ នេះរបស់កម្ពុជា នឹងត្រូវរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការតភ្ជាប់ ផ្លូវរបៀងសេដ្ឋកិច្ចនៅក្នុង តំបន់អាស៊ាន បម្រើដល់ការដឹកជញ្ជូនទំនិញ ការធ្វើដំណើររហ័ស រវាងទីក្រុងភ្នំពេញ-ហូជីមិញ ពង្រីកទំហំពាណិជ្ជកម្មអន្តរជាតិ និងអភិវឌ្ឍន៍មជ្ឈមណ្ឌល ភស្ដុភារកម្មកម្ពុជា ដោយសារតែប្រទេសកម្ពុជា ស្ថិតនៅតំបន់យុទ្ធសាស្ត្រ សម្រាប់ការដឹកជញ្ជូន និងស្ដុកទំនិញ រវាងប្រទេសវៀតណាម និងប្រទេសថៃ ព្រមទាំងពាណិជ្ជកម្មអាស៊ាន ជាមួយប្រទេសចិនផងដែរ។