តាមទិន្នន័យផ្លូវការ ដែលបានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា ការនាំចូល និងនាំចេញទំនិញសរុប របស់ប្រទេសមីយ៉ាន់ម៉ា បានកើនឡើង ២១,៣៦ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់តម្លៃជាង ១៧,០៨ ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយ នៃឆ្នាំសារពើពន្ធ ២០២២-២០២៣ គិតចាប់ពីខែមេសាមក នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Xinhua។

ដូចគ្នានេះដែរ ទិន្នន័យពីក្រសួងពាណិជ្ជកម្ម ប្រចាំប្រទេសនេះ បានបង្ហាញថា ចាប់ពីខែមេសា ដល់ខែកញ្ញា ការនាំចេញបានកើនឡើង ១៩,១៨ ភាគរយ បើធៀបនឹងឆ្នាំមុន ខណៈដែលការនាំចូលកើនឡើង ២៣,៦៣ ភាគរយ។ យ៉ាងណាមិញ ពាណិជ្ជកម្មតាមព្រំដែន របស់ប្រទេសនេះ បានធ្លាក់ចុះ ២,១៧ ភាគរយវិញ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្លាក់មកនៅ ត្រឹមតម្លៃជាង ៤,០៤ ពាន់លានដុល្លារអាមេរិក ដោយសារប៉ះពាល់ដោយ ជំងឺរាតត្បាតកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា ពាណិជ្ជកម្មភាគច្រើន របស់មីយ៉ាន់ម៉ាជាមួយបរទេស ជាធម្មតាធ្វើឡើងតាមរយៈ ផ្លូវសមុទ្រ ដោយសារប្រទេសនេះ មានឆ្នេរសមុទ្រវែង។ ការនាំចេញសំខាន់ៗ របស់ប្រទេសរួមមាន ផលិតផលកសិកម្ម រ៉ែ ផលិតផលព្រៃឈើ ទំនិញផលិតកម្ម និងទំនិញផ្សេងៗទៀត៕