គិតមកដល់ឆ្នាំ 2019 នេះ គ្រប់យ៉ាងមានការវិវត្តច្រើន ទៅលើគ្រប់វិស័យ ដែលការវិវត្តទាំងនោះ មិនត្រឹមតែជាស្នាដៃនៃការប្រកួតប្រជែងគ្នានោះឡើយ ប៉ុន្តែវាក៏ជាចំណែកមួយនៃការធ្វើឲ្យការរស់នៅ របស់មនុស្សបានកាន់តែប្រសើរផងដែរ។ ថ្វីបើអ្នកពុំមែនជាស្ថាបត្យករក៏ពិតមែន ប៉ុន្តែខ្ញុំជឿថា បើសិនជាអ្នកបានឃើញពីសំណង់ស្ថាបត្យកម្មទំនើបៗទាំងនេះហើយ អ្នកពិតជាទទួលអារម្មណ៍ថា “Wow!” ពិតជាអស្ចារ្យមែន ហើយក៏សឹងតែមិនគួរឲ្យជឿថា វាពិតជាវត្តមានពិតប្រាកដ នៅក្នុងពិភពលោករបស់យើងនោះឡើយ។
សម្រាប់សំណង់ស្ថាបត្យកម្មទំនើបៗដ៏អស្ចារ្យទាំងនោះ មានដូចជាៈ
1. Heydar Aliyev Centre
អាគារមួយនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង Baku នៃប្រទេស Azerbaijan។ វាគឺជាមជ្ឈមណ្ឌល ដែលមានរចនាសម្ព័ន្ធជាបែបប្រពៃណី របស់ប្រទេសនេះ ដែលត្រូវបានសាងសង់ឡើងជារលកគន្លង និងនៅលើខ្សែកោងទាំងអស់។ គ្រប់ផ្នែកកោងនៃអាគារនេះ មានបន្ទាត់នៃមុំខុសគ្នាទាំងអស់ សូម្បីតែឧទ្យាននៅជុំវិញ ច្រកចេញចូលនៅក្រោមដីក៏ដោយ។ នៅផ្នែកខាងក្នុង មានសាលជាការតុបតែងជាឆាកសម្រាប់ការសម្តែងសិល្បៈផ្សេងៗ ជាសាលប្រជុំ និងសាលសន្និសីទជាដើម។ អាគារនេះត្រូវបានរចនាឡើយដោយស្ថាបត្យករ លោក “Zaha Hadid” និងត្រូវបានកសាងរួចរាល់នៅក្នុងឆ្នាំ 2013 ព្រមទាំងទទួលបានពានរង្វាន់ ធំៗមួយចំនួនផ្នែកស្ថាបត្យកម្មផងដែរ។
2. M by Montcalm Shoreditch
សណ្ឋាគារនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។ អ្នកនឹងឃើញវា បន្ទាប់ពីស្ថានីយ៍ Old Street Tube ដែលរចនាបថរបស់វា ដូចជាត្រូវបានគេគូសចេញពីចន្លោះអាគារផ្សេងៗអញ្ចឹងដែរ។ សណ្ឋាគារនេះត្រូវបានរចនាឡើងដោយ ស្ថាបត្យករ លោក “Squire” និងត្រូវបានសាងសង់ឡើងឲ្យបានទាក់ភ្នែក និងប្លែកជាងគេតែម្តង (ក្នុងចក្ខុវិស័យអុបតិច) ដែលវាហាក់ដូចជាអណ្តែតឡើងចេញពីកណ្តាលគេតែម្តង ជាពិសេសវាក៏ស្ថិតនៅទល់មុខនឹងមន្ទីរពេទ្យ Moorfield Eye ទៀតផង។
3. Harpa Concert and Conference Hall
សម្រាប់សាលមួយនេះ មានទីតាំងនៅលើកោះ Reykjavik នៃប្រទេសអ៊ីស្លង់។ វាត្រូវបានសាងសង់ដោយជួរដែក នៅជាប់មាត់សមុទ្រ នៅលើឆ្នេរភាគខាងត្បូងរបស់ប្រទេសអ៊ីស្លង់ ដែលមានឈ្មោះថា Reynisfjara Black Beach។ សាលទាំងនេះ ត្រូវបានបង្កើតឡើងដោយជាបន្ទះលោហៈគ្របដណ្តប់ដោយកញ្ចក់ចាំងភ្លឺរលោង ឆ្លុះនឹងពន្លឺថ្ងៃ ហើយក៏រឹងមាំផងដែរ។ វាត្រូវបានរចនាឡើងដោយ ស្ថាបត្យករ លោក “Henning Larsen” និងសាងសង់រួចរាល់នៅក្នុងឆ្នាំ 2011 ដែលវាក៏ជាកន្លែងត្រូវបានគេចាត់ទុកថា ជាសុបិន្តរបស់អ្នកចូលចិត្តថតរូបទៀតផង។
4. Stazione Reggio Emilia AV Mediopadana
វាគឺជាស្ថានីយរថភ្លើងទំនើបអស្ចារ្យមួយ ដែលមានទីតាំងនៅក្នុងប្រទេស Reggio Emilia ប្រទេសអ៊ីតាលី។ ស្ថានីយនេះរចនា ដោយស្ថាបត្យករជាច្រើន បង្កើតឡើងដោយបន្ទះដែក និងកញ្ចក់ប្រវែង 483 ម៉ែត្រ និងទទឹង 25,4 ម៉ែត្រ។ បើមើលពីចម្ងាយទៅ វាប្រៀបបានដូចជាផ្ទះកញ្ចក់ដ៏ស្រស់ស្អាតអញ្ចឹងមួយដែរ ដែលអាចឲ្យពន្លឺចាំងចូលទៅក្នុងផ្នែកខាងក្នុងនៃស្ថានីយបានយ៉ាងច្បាស់។
5. Noisy-le-Grand
គម្រោងមួយនេះមានទីតាំងនៅតំបន់ជាយទីក្រុងប៉ារីស នៃប្រទេសបារាំង។ វាត្រូវបានគេស្គាល់ថាជាគម្រោងសាងសង់លំនៅដ្ឋាន ជូនដល់ប្រជាពលរដ្ឋរបស់បារាំងនៅតំបន់ជាយក្រុង ដែលក្នុងតំបន់ស្ថាបត្យកម្មនេះ មានទាំងគម្រូលំនៅដ្ឋាន កន្លែងកម្សាន្ត និងទីកន្លែងសម្រាប់លំហែមួយចំនួនផងដែរ។ សំណង់ស្ថាបត្យកម្មនៅក្នុងតំបន់ជាយក្រុងប៉ារីសនេះ មានការទាក់ទាញណាស់ ដោយខ្សែភាពយន្តល្បីៗមួយចំនួនដូចជា Hunger Games បានជ្រើសរើសទីនេះ ក្នុងការថតខ្សែភាពយន្តរបស់គេទៀតផង។
6. Market Hall (ផ្សារទំនើបដ៏ធំសម្បើមមួយ)
ទីនេះ គឺជាផ្សារទំនើបដ៏ធំសម្បើមមួយ ដែលមានទីតាំងនៅក្នុងទីក្រុង Rotterdam ប្រទេសហូឡង់។ ផ្សារទំនើបដ៏ធំនេះ មានរូបរាងនិងទំហំដ៏ធំ សឹងប្រហែលនឹងឃ្លុបដាក់យន្តហោះទៅហើយ ហើយវាក៏ជាប្លុកនៃផ្ទះល្វែង ទីផ្សារកសិផល និងទំនិញសម្រាប់ប្រើប្រាស់ជាច្រើនប្រភេទទៀត។ ផ្សារនេះ ត្រូវបានការពារដោយបន្ទះកញ្ចក់ធំៗ និងនៅតាមជញ្ជាំង មានតាំងជាគំនូរនៃផលិតផលទៅតាមប្រភេទស្តង់នីមួយៗ ប្រមាណជាង 100 ស្តង់នៅផ្នែកខាងក្រោម ដែលមានទាំងបន្លែផ្លែឈើ អាហារ និងភេសជ្ជៈ និងនៅផ្នែកខាងលើចម្រុះទៅដោយទំនិញគ្រប់ប្រភេទ។ វាគឺជាសាលនៃទីផ្សារដ៏ធំមួយ នៅក្នុងប្រទេសហូឡង់។
7. Norddeutsche Landesbank Building
អាគារនេះមានទីតាំង នៅក្នុងទីក្រុង Hannover ប្រទេសអាឡឺម៉ង់។ អាគារការិយាល័យនេះ ត្រូវបានបែងចែកជាប្លុកៗ និងសាងសង់ជាមួយនឹងគ្រឹះដ៏រឹងមាំ បន្តពីលើគ្នា ដែលមានកម្ពស់ប្រមាណ 70 ម៉ែត្រនិងក្រឡាផ្ទៃ 75,000 ម៉ែត្រការ៉េ។ វាត្រូវបានរចនាឡើងដោយស្ថាបត្យករ លោក “Behnisch” និងក្រៅពីការិយាល័យធ្វើការ នៅជាន់ខាងលើ វាក៏មានលាយឡំជាមួយនឹងភោជនីយដ្ឋានបែបស្ងប់ស្ងាត់ និងទីកន្លែងកម្សាន្តជាច្រើនទៀតផងដែរ។
8. Opera House
វាមានទីតាំងនៅក្នុងទីក្រុងគាំងចូវ (Guangzhou) ប្រទេសចិន។ Opera House ត្រូវបានជាអាគារដ៏អស្ចារ្យរបស់ចិនមួយដែរ ដែលមានការរចនាបានស្អាតមែនទែន។ វាជាអាគារកញ្ចក់ ដែលបានធ្វើឡើងដោយស្ថាបត្យករ លោក “Zaha Hadid” និងចំណាយប្រាក់ជាង 200 លានដុល្លារឯណោះ ក្នុងការសាងសង់។
9. សារមន្ទីរ Mucem
សារមន្ទីរនេះ មានទីតាំងឋិតនៅច្រកចូលកំពង់ផែចាស់ និងគ្រប់ដណ្តប់ទៅលើបន្ទាយបុរាណ នៅក្នុងទីក្រុង Marseille ប្រទេសបារាំង។ វាមើលពីចម្ងាយទៅដូចជាដែកថែបដ៏ធំសម្បើមមួយអញ្ចឹងដែរ! Mucem ជាសារមន្ទីរដែលមានតាំងបង្ហាញពីវត្ថុបុរាណ និងរឿងរ៉ាវ ខ្សែសាច់រឿងផ្សេងៗ ដែលសល់ពីជំនាន់មុនផងដែរ។ នៅលើផ្នែកដំបូលសារមន្ទីរក៏មានជាហាងកាហ្វេតូចមួយ ដែលអាចឲ្យអ្នកថតយកទេសភាពពីខាងលើបានយ៉ាងស្អាតទៀតផង។
10. Le Volcan Cultural Centre
ទីនេះគឺជាមជ្ឈមណ្ឌលវប្បធម៌ នៅក្នុងទីក្រុង Le Havre ប្រទេសបារាំង។ វាត្រូវបានសាងសង់ជាលើកទីពីរហើយ ក្រោយពីសង្គ្រាមលោកលើកទីពីរត្រូវបានបញ្ចប់។ នៅក្នុងនោះ មានសាលប្រជុំដ៏ធំមួយ ជាមួយនឹងកៅអីប្រមាណ 1,200 ឯណោះ និងមានកន្លែងតាំងបង្ហាញពីរឿងរ៉ាវប្រវត្តិសាស្ត្រផងដែរ។ នៅមានស្ពានដែលឲ្យដើរថ្មើរជើង ចូលទៅក្នុងកន្លែងផ្សេងៗ ដែលវាពិតជាអំណោយផល ដល់ការថតរូបផ្តិតយកទេសភាពដែលនៅជុំវិញ បានស្អាតទៀតផង។
ក្រៅពីសំណង់អាគារទំនើបៗដ៏ស្រស់ស្អាតទាំង 10 នេះហើយ នៅមានសំណង់ ចំនួន 5 ផ្សេងទៀតដែរ ដែលសាងសង់ឡើងបានយ៉ាងល្អ មានរចនាបថប្លែក ហើយក៏ទាក់ទាញអារម្មណ៍មនុស្ស បានច្រើន មិនចាញ់គ្នាផងដែរ ដូចជាៈ
- The Agora: មានទីតាំងនៅក្នុងទីក្រុង Valencia ប្រទេសអេស៉្បាញ
- Cité du Vin: មានទីតាំងនៅក្នុងទីក្រុង Bordeaux ប្រទេសបារាំង
- The Bund Finance Centre: មជ្ឈមណ្ឌលហិរញ្ញវត្ថុ ដែលមានទីតាំងនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន
- Oslo Opera House: មានទីតាំងនៅក្នុងទីក្រុង Oslo ប្រទេសន័រវែស
- Nanyang Technological University: សាកលវិទ្យាល័យវិទ្យាសាស្ត្របច្ចេកវិទ្យា មានទីតាំងនៅក្នុងប្រទេសសាំងហ្គារពួរ
សរុបមក បើតាមបញ្ជីនៃសំណង់ស្ថាបត្យកម្មទំនើបមួយនេះ យើងឃើញថា ប្រទេសបារាំងមានសំណង់អាគារ ជាប់នៅក្នុងបញ្ជីបានច្រើនជាងគេ ដូច្នេះ ហើយពិតជាគ្មានរឿងគួរឲ្យឆ្ងល់ទៀតទេ ដែលថាបារាំងគឺជាប្រទេសមួយ ដែលមានភ្ញៀវទេសចរ ទៅកម្សាន្តបានច្រើនជាងគេនៅក្នុង ពិភពលោក សម្រាប់ពេលបច្ចុប្បន្ននេះ។ ចុះសម្រាប់អ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ សម្រាប់សំណង់ដ៏ទំនើបទាំងនេះ មួយណាដែលអ្នកពេញចិត្តជាងគេ