ជាធម្មតាទៅហើយ ការធ្វើដំណើរកម្សាន្ត គឺជាផ្នែកមួយនៃសកម្មភាពរបស់មនុស្សទូទៅ ក្នុងការលំហែអារម្មណ៍ពីភាពតានតឹង បង្កើតបរិយាកាសសប្បាយរីករាយ ហើយក៏ជាការបង្កើតការចងចាំល្អៗផងដែរ។ និយាយពីដំណើរកម្សាន្ត អ្នកប្រាកដជាគិតដល់ទីកន្លែង និងរមណីយដ្ឋានផ្សេងៗជាគោលដៅ ដែលអ្នកនឹងត្រូវទៅហើយ ប៉ុន្តែបើគិតដល់រមណីយដ្ឋាន ក៏ដូចជាទីកន្លែងកម្សាន្តទាំងនោះវិញ វាមានជាច្រើនប្រភេទណាស់ កន្លែងខ្លះជាកន្លែងវប្បធម៌ ជាតំបន់ឆ្នេរសមុទ្រ ជាតំបន់ធម្មជាតិព្រៃភ្នំ និងខ្លះទៀតគឺជាតំបន់ទីប្រជុំជនតែម្តង។
សម្រាប់អត្ថបទនេះ យើងនឹងលើកយកទីកន្លែងនៃតំបន់ទេសចរណ៍ ចំនួន 8 កន្លែងដែលមកពីប្រទេសនៅក្នុងប៉ែកអាស៊ីអាគ្នេយ៍ចំនួន 3 ផ្សេងគ្នា ដែលមានដូចជាវៀតណាម ឡាវ និងកម្ពុជា។ អ្នកអាចកត់ចំណាំកន្លែងមួយ នៅក្នុងចំណោម ទាំង 8 នេះបាន សម្រាប់ជាទិសដៅ ក្នុងដំណើរកម្សាន្តបន្ទាប់របស់អ្នក ឬអាចជាគ្រោងសម្រាប់ឆ្នាំ 2020 ខាងមុខនេះក៏បាន!!
1. ឆ្នេរ Halong ប្រទេសវៀតណាម
ឆ្នេរ Halong របស់វៀតណាម ត្រូវបានបញ្ចូលជាតំបន់បេតិកភណ្ឌរបស់ពិភពលោក ដែលវាក៏ត្រូវរាប់ជាគ្រាប់ត្បូង ដ៏ប្រណិតនៅក្នុងតំបន់អាស៊ីអាគ្នេយផងដែរ។ ទីនេះវាជាតំបន់ឆ្នេរធម្មជាតិ ដែលមានទេសភាពស្រស់ត្រកាលជាទីបំផុត ជាមួយនឹងធម្មជាតិពណ៌បៃតង ទឹកសមុទ្រថ្លាឈ្វេង ទឹករលកធ្វើចលនាតិចៗ ជាមួយនឹងខ្យល់ដែលបក់មក។ វាគឺជាតំបន់ដែលទាក់ទាញភ្ញៀវទេសចរ បានច្រើនបំផុតនៅក្នុងប្រទេសវៀតណាម។
ឈ្មោះថា “Halong” នេះតំណាងឲ្យនាគរាជ ចុះមកលេងទឹក និងទាក់ទងជាមួយនឹងរឿងព្រេងរបស់វៀតណាម ដែលមានសត្វនាគមកជួយសង្គ្រោះជីវិតមនុស្ស នៅក្នុងតំបន់នេះផងដែរ។
2. ទីក្រុងហាណូយ ប្រទេសវៀតណាម
ភ្ញៀវទេសចរដែលមានបំណងចង់ដើរលេង ជុំវិញតំបន់អាស៊ីអាគ្នេយ៍ឲ្យបានពេញលេញ ពិតជាមិនអាចរំលងរដ្ឋធានីហាណូយ របស់វៀតណាមបាននោះឡើយ។ ទីក្រុងនេះជារដ្ឋធានីធំជាងគេ ហើយក៏ជាបេះដូងរបស់វៀតណាមផងដែរ ដែលនៅទីនេះមានព្រះវិហារព្រះពុទ្ធសាសនាជាច្រើន ទីកន្លែងនៃវីឡា សល់ពីសម័យអាណានិគមបារាំង និងទីកន្លែងប្រវត្តិសាស្ត្រជាច្រើនទៀត។ ហាណូយជាទីក្រុង ដែលមានភាពមាមាញឹកណាស់ ប្រជាជននៅទីនេះ មិនសូវជាមានអ្នកទំនេរនោះទេ នៅតាមដងផ្លូវមានគេលក់អាហារជាច្រើនប្រភេទ មានរសជាតិឈ្ងុយឆ្ងាញ់ ហើយតម្លៃក៏ធូរថ្លៃទៀតផង។ ទីនេះក៏ល្បីនៃរសជាតិកាហ្វេដើម ក្រឡុកជាមួយនឹងទឹកដោះគោខាប់របស់វៀតណមផងដែរ ដែលភ្ញៀវទេសចរមិនដែលរំលងឡើយ។ នៅពេលយប់ក៏មានដូចជាភោជនីយដ្ឋានលំដាប់ល្បីៗ ក្លឹបរាត្រី កន្លែងផឹកស្រាបៀរដើមក្នុងប្រទេស ជាមួយនឹងសេវាកម្មល្អៗ ហើយតម្លៃក៏សមរម្យអាចទទួលយកបានផងដែរ។
បើសិនជាអ្នកមានពេលទំនេរ និងសល់ពេលច្រើន ក៏អាចជិះកង់ដើរលេង តាមដងផ្លូវ ជាពិសេសទៅតាមតំបន់ជាយក្រុងដើម្បីបានឃើញពីទេសភាពនៃទីក្រុង ទេសភាពតាមដងផ្លូវ និងជីវិតនៃការរស់នៅ របស់ប្រជាជននៅក្នុងតំបន់ទាំងនោះ។
3. ឧទ្យានជាតិ Phong Nha-Ke Bang របស់វៀតណាម
ឧទ្យានជាតិ Phong Nha-Ke Bang គឺជាតំបន់ទី 8 របស់វៀតណាម ដែលបានចុះបញ្ជីទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ វាមានទីតាំងនៅក្នុងរូងភ្នំ Doong Cave ដែលជារូងភ្នំដែលធំបំផុតមួយ នៅលើផែនដី។ តំបន់នេះ ក៏ជាតំបន់ដាច់ស្រយ៉ាលមួយដែរ ដែលផ្នែកខាងក្នុងរូងនេះ ជាផ្នែកក្រោមទឹកសមុទ្រ ជាប់ជាមួយនឹងភ្នំថ្មកំបោរធំជាងគេនៅក្នុងតំបន់អាស៊ី។
អ្នកដែលមកដល់ទីនេះ នឹងទទួលបានអារម្មណ៍ប្លែក ភ្ញាក់ផ្អើល ដែលមិននឹកស្មានថានឹងបានឃើញរូងភ្នំ ជាមួយនឹងទេសភាពដែលមិនគួរឲ្យជឿ ដូចជាកន្លែងដែលត្រូវបានគេបោះបង់ចោល ហ៊ុនព័ទ្ធដោយព្រៃឈើ ដែលគេព្យាករណ៍ថា វាមានអាយុកាលប្រមាណ 400 លានឆ្នាំមកហើយ។
4. ទីក្រុងហូជីមីញ និងតំបន់ Mekong Delta របស់វៀតណាម
ទីក្រុងហូជីមីញ ដែលមួយទៀតត្រូវបានគេស្គាល់ថាទីក្រុងសៃហ្គន របស់វៀតណាម ជាទីក្រុងដែលគេចាត់ទុកថាធំបំផុត និងរុងរឿងជាងគេរបស់វៀតណាម។ ផ្ទៃខាងលើរបស់វា ត្រូវបានគ្របដណ្តប់ដោយអាគារខ្ពស់ៗ ដែលរួមទាំង Landmark 81 ជាអាគារដែលខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រៅពីនេះ ទីក្រុងនេះ ក៏មានសំណល់អាគារជាច្រើនទៀតនៅក្នុងទីប្រជុំជន កាលពីសម័យអាណានិគមរបស់បារាំង សាលាក្រុងសៃហ្គន សាលមហោស្រព វិហារ Notre Dame និងការិយាល័យប៉ុស្តិ៍កណ្តាលជាដើម។ ទីក្រុងនេះ ក៏ជាទីក្រុងនៃផ្សារពាណិជ្ជកម្មផងដែរ ដែលប្រមូលផ្តុំទៅដោយផ្សារទំនើបជាច្រើន និងសម្រាប់អ្នកដែលចូលចិត្តទិញទំនិញបោះដុំនោះ វាក៏មានផ្សារ Ben Thanh ដ៏ល្បីល្បាយផងដែរ។
នៅផ្នែកខាងក្រៅនៃទីក្រុងហូជីមីញ វាជាតំបន់ទន្លេដីសណ្តរទន្លេមេគង្គ ឬគេហៅថា “Mekong Delta”។ វាក៏ជាកន្លែងដែលទន្លេមេគង្គជួបជាមួយនឹងសមុទ្រចិនខាងត្បូងផងដែរ។ Mekong Delta ផ្តល់ដីល្បាប់មានជីជាតិ ខ្សាច់ និងជាកន្លែងដែលមានទេសភាពស្រស់ស្អាតបែបធម្មជាតិផងដែរ។ ភ្ញៀវទេសចរ មកដល់ទីនេះភាគច្រើន គឺជិះទូកដើរលេងទស្សនាទេសភាព និងការរស់នៅរបស់ប្រជាជនវៀតណាមតាមតំបន់នោះ។
5. Vang Vieng ប្រទេសឡាវ
Vang Vieng គឺជាតំបន់កណ្តាលរបស់ប្រទេសឡាវ ដែលព័ទ្ធជុំវិញដោយទេសភាពធម្មជាតិដ៏អស្ចារ្យ។ ទីក្រុងនេះស្ថិតនៅលើទន្លេ Nam Song ព័ទ្ធជុំវិញដោយភ្នំ និងវាលស្រូវពណ៌បៃតងផងដែរ។ អ្នកត្រូវចំណាយពេលប្រមាណ 4 ម៉ោងក្នុងការធ្វើដំណើរពីរដ្ឋធានីវៀងចន្ទន៍មកកាន់ទីនេះ។ សព្វថ្ងៃទីក្រុងនេះ ត្រូវបានគេស្គាល់ថាវាជាគោលដៅទេសចរណ៍កាស៊ីណូ ដ៏ពេញនិយមមួយ និងអមតាមផ្លូវសុទ្ធតែអាហារដ្ឋាន និងផ្ទះសំណាក់។
ក្រៅពីនេះ Vang Vieng មានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនដូចជាភ្នំ រូងគុហា និងទេសភាពជនបទផងដែរ ដោយអ្នកអាចជិះកង់ ឬម៉ូតូដើរលេងនៅក្នុងតំបន់នេះ ដើរលេង និងគយគន់ទេសភាពបានយ៉ាងសប្បាយ។
6. Bokeo Nature Reserve របស់ឡាវ
ទីនេះគឺជាតំបន់ព្រៃឈើ ដែលមានព្រំប្រទល់ជាប់នឹងមីយ៉ាន់ម៉ា និងប្រទេសថៃ។ វាក៏ជាតំបន់អភិរក្សសត្វព្រៃ ព្រមទាំងជាជម្រករបស់សត្វខ្លា ខ្លាឃ្មុំ ដំរី សត្វស្វា និងទោចផងដែរ។
វាក៏ជាកន្លែងដែលប្រមូលផ្តុំទៅដោយធម្មជាតិ មានផ្ទះ និងកន្លែងស្នាក់នៅ លើដើមឈើ មានព្រៃត្រូពិចខៀវស្រងាត់ ដែលភ្ញៀវទេសចរអាចធ្វើការកម្សាន្តបែបផងព្រេងជាមួយនឹងធម្មជាតិ ដ៏ស្រស់បំព្រងនៅក្នុងតំបន់នេះបាន។
7. ប្រាសាទអង្គរវត្ត ប្រទេសកម្ពុជា
ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងទីក្រុងសៀមរាប ប្រទេសកម្ពុជាហើយវាក៏ជាទីកន្លែងសាសនាដ៏ធំបំផុតនៅក្នុងពិភពលោក។ អង្គរវត្តគឺតំណាងឲ្យមោទនភាព និងការដឹងគុណ ដែលខ្មែរបានសាង់សង់និងឧទ្ទិសដល់ព្រះហិណ្ឌូ ហើយសម្រាប់រចនាបថនៃប្រាសាទនេះ គឺមានភាពល្អឥតខ្ចោះ។ ទីនេះគឺជាកន្លែងដ៏ធំមួយ ដែលខ្មែរតែងតែយកទីនេះ ជាកន្លែងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ជាតិខ្លួនផងដែរ។
នៅលើផ្ទៃដីប្រមាណ 402 ហិចតាបួនជ្រុង ដែលវាគឺពិតជាធំមែនទែន និងបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តជាច្រើននៅជុំវិញពិភពលោក។ ភ្ញៀវទេសចរមកកាន់ទីនេះ ដើម្បីមកមើលក្បាច់ចម្លាក់នៅតាមជញ្ជាំងប្រាសាទ ចង់ឃើញផ្ទាល់ពីសំណង់ប្រាសាទគ្មានពីរ ក៏ដូចជាចង់ស្វែងយល់ពីប្រវត្តិសាស្ត្រនៅទីនេះផងដែរ។
8. កោះរុង ប្រទេសកម្ពុជា
ឆ្នេរសមុទ្ររបស់កម្ពុជាក៏បានជាប់ឈ្មោះ ជាឆ្នេរសមុទ្រធម្មជាតិដែលស្រស់ស្អាតជាងគេនៅក្នុងពិភពលោកផងដែរ។ កោះរ៉ុងនៃខេត្តព្រះសីហនុ ប្រៀបបានដូចជាឋានសួគ៌នៅលើដីអញ្ចឹងដែរ ដែលហ៊ុនព័ទ្ធដោយឆ្នេរខ្សាច់ពណ៌ស ដើមដូង និងទឹកសមុទ្រពណ៌ខៀវស្រងាត់ ដែលពិតជាស្រស់ស្អាតមែនទែន។
តំបន់កោះរ៉ុងនេះ អាចជាកន្លែងនៃថ្នាំទិព្វបែបធម្មជាតិ ក្នុងការព្យាបាល និងលំហែអារម្មណ៍ផ្សេងៗ។ ឆ្នេរសមុទ្រដែលពេញនិយមនៅទីនេះមានពីរ គឺឆ្នេរ Long និងឆ្នេរ Lonely។
ឆ្នេរ Long មានរយៈចម្ងាយ 7 គីឡូម៉ែតនិងជាឋានសួគ៌ត្រូពិច ហើយនៅតាមឆ្នេរនោះក៏មានលក់វត្ថុអនុស្សាវរីយ ទីកន្លែងកម្សាន្តបែប Pub និងអាហារដ្ឋានមួយចំនួនជាដើម។ ដោយឡែកឆ្នេរ Lonely គឺជាតំបន់ឆ្នេរបែបស្ងប់ស្ងាត់ និងអាចផ្តល់កន្លែងនៃឧទ្យានផ្ទាល់ខ្លួនដល់ភ្ញៀវទៀតផង វាពោពេញទៅដោយទេសភាពដ៏ស្រស់បំព្រងតែម្តង។ នៅក្នុងសមុទ្រនៃឆ្នេរនីមួយៗ មានសុទ្ធតែប្រព័ន្ធជីវសាស្រ្តចម្រុះ និងថ្មប៉ប្រះទឹកមួយចំនួនផងដែរ។
ដូចនេះសម្រាប់អ្នកដែលមានបំណងចង់ធ្វើដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋានណាមួយនោះ អាចធ្វើការជ្រើស 1 ក្នុងចំណោម 8 នេះបាន ព្រោះវាសុទ្ធសឹងតែជាកន្លែងដែលប្រមូលផ្តុំទៅដោយទេសភាព ប្រវត្តិសាស្ត្រជាដើម ហើយទៅលើការចំណាយនានា ក៏មិនថ្លៃដល់បណ្តាប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិចឡើយ។