វៀតណាម កំណត់គោលដៅ ទំហំនៃការនាំចេញផ្លែឈើរបស់ខ្លួន ឱ្យបានជាង ៥ពាន់លានដុល្លារ នៅឆ្នាំ ២០២៥


ចំណូលនាំចេញផ្លែឈើ របស់វៀតណាម ត្រូវបានគេរំពឹងថា នឹងអាចកើនឡើងដល់ 5 ពាន់លានដុល្លារនៅឆ្នាំ 2025 និងប្រហែលកើនដល់ 6.5 ពាន់លានដុល្លារ នៅឆ្នាំ 2030។ នេះបើយោងតាម ផែនការអភិវឌ្ឍន៍ ដើមឈើហូបផ្លែសំខាន់ៗ រហូតដល់ឆ្នាំ 2025 និង 2030 ដែលអនុម័តនាពេលថ្មីៗនេះ ដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ( MARD) ប្រទេសវៀតណាម បានបង្ហាញទៀតថា វៀតណាមនឹងផ្តោតលើ ការអភិវឌ្ឍការដាំដុះ ដើមឈើហូបផ្លែសំខាន់ៗ ចំនួន 14 មុខ រួមមាន ស្រកានាគ ស្វាយ ចេក លីច ឡុង ក្រូច ក្រូចថ្លុង ម្នាស់ សាវម៉ាវ ទុរេន ខ្នុរ ផ្លែប័រ ផ្លែបឺរ និងក្រូចឆ្មារជាដើម។

ក្នុងនោះផងដែរ ផ្ទៃដីនៃការដាំដុះដើមឈើ ហូបផ្លែទាំងនេះ ត្រូវបានកំណត់ថា នឹងកើនឡើងដល់ 960,000 ហិកតានៅឆ្នាំ 2025 និង 1 លានហិកតានៅឆ្នាំ 2030 ជាមួយនឹងការរំពឹងទុកថា នឹងអាចផ្ដល់ទិន្នផល ផ្លែឈើបានប្រហែល 11 - 12 លានតោន ក្នុងឆ្នាំ 2025 និង 13-14 លានតោននៅឆ្នាំ 2030។ ស្របគ្នានេះដែរ MARD ក៏គ្រោងនឹងពង្រីកផ្ទៃដី ដាំដើមឈើហូបផ្លែ សរុបនៅទូទាំងប្រទេសវៀតណាម ឲ្យបានឈានដល់ 1.2 លានដើម នៅឆ្នាំ 2025 និង 1.3 លានដើមនៅឆ្នាំ 2030 ផងដែរ ជាមួយនឹងទិន្នផលរៀងៗឆ្នាំ ពី 14 លានតោន និង 16 លានតោន។

ក្រសួងបានចាត់តាំងនាយកដ្ឋាន ការពាររុក្ខជាតិរបស់ខ្លួន ដើម្បីសម្របសម្រួល ជាមួយមូលដ្ឋាន ក្នុងការគ្រប់គ្រងជំងឺ លើដើមឈើហូបផ្លែ និងណែនាំមូលដ្ឋាន ឱ្យបង្កើតលេខកូដតំបន់ដាំដុះ និងតាមដានប្រភពដើម នៃផលិតផល និងធ្វើការជាមួយអង្គភាព លើការពង្រីកទីផ្សារ នាំចេញសម្រាប់ផលិតផលផ្លែឈើ។ ស្ថិតិរបស់អគ្គនាយកដ្ឋានគយ វៀតណាមបង្ហាញថា ផ្លែស្រកានាគមាន បរិមាណច្រើនជាងគេ សម្រាប់ការនាំចេញ ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ 2022 នេះ ដែលបានឈានដល់ជិត 463 លានដុល្លារ។ ខណៈការនាំចេញផ្លែចេក និងទុរេន កំពុងតាមពីក្រោយ ដែលទទួលបាន ២៣៧ លានដុល្លារ និង ១៥៨ លានដុល្លាររៀងៗគ្នា។