ទឹកធ្លាក់ជ្រោះឱម៉ាល់ នៅខេត្តកំពត អាចឱ្យភ្ញៀវទេសចរទស្សនាបាននូវ ទេសភាពព្រៃឈើដ៏ខៀវស្រងាត់ និងអាចចូលកម្សាន្ត តាមចំការដំណាំហូបផ្លែជាច្រើន នៅតាមដងផ្លូវ


ទឹកធ្លាក់ជ្រោះឱម៉ាល់ ជារមណីយដ្ឋានធម្មជាតិមួយ ដែលមានភ្ញៀវទេសចរ តិចតួចណាស់ បានស្គាល់ពីទីកន្លែងនេះ។ មិនថាភ្ញៀវជាតិ ឬភ្ញៀវអន្តរជាតិនោះទេ ក៏មិនសូវស្គាល់ពី ទីកន្លែងធម្មជាតិមួយនេះដែរ។ នៅតាមផ្លូវ យើងអាចទស្សនាបាន នូវព្រៃឈើដ៏ខៀវស្រងាត់ នារដូវវស្សា និងអាចទស្សនា ចំការដំណាំហូបផ្លែជាច្រើន នៅតាមដងផ្លូវ ជាពិសេសចំការទុរេន ដែលជាដំណាំហូបផ្លែ តំណាងឲ្យខេត្តកំពត។

ពេលទៅដល់ទីនោះ យើងនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាត កំពុងលាក់ខ្លួន នៅក្នុងជ្រលងភ្នំ នៃជួរភ្នំបូកគោ ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើ ជុំវិញដ៏ខៀវស្រងាត់ សំលេងសត្វបក្យាបក្សីយំឮអឺងកង ពេញព្រៃ និងខ្យល់អាកាសត្រជាក់ ជាប់ចិត្តដិតអារម្មណ៍។ អ្នកដែលបានទៅដល់ទីនោះហើយ គឺច្បាស់ជា មិនចង់ត្រលប់ មកផ្ទះវិញនោះទេ។ ទឹកធ្លាក់ជ្រោះឱម៉ាល់ មានទីតាំងស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ ទឹកធ្លាក់ជ្រោះឱម៉ាល់ មានចម្ងាយប្រហែល ១១ គីឡូម៉ែត្រ ពីក្រុងកំពត។

យើងអាចធ្វើដំណើរពីក្រុងកំពត ទៅរមណីយដ្ឋានទឹកឈូ លុះហួសវត្តស្នំប្រាំពីរបន្តិច មានផ្លូវបត់ឆ្វេងទៅត្រង់ យើងធ្វើដំណើរដោយ ទោចក្រយានយន្តគ្រប់ប្រភេ ទប្រហែល ៧ គីឡូម៉ែត្រ និងត្រូវដើរថ្មើរជើង តាមជើងភ្នំប្រហែល ៤ គីឡូម៉ែត្រទៀត ទើបទៅដល់។