ស្ទឹងពពក ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏អស្ចារ្យមួយ ដែលភ្ញៀវទេសចរភាគច្រើន និយមហៅថាជា ឋានសួគ៌ក្រោមមេឃ


«ស្ទឹងពពក» ជាតំបន់ទេសចរណ៍ និងស្អាតអស្ចារ្យមួយទៀត ដែលមានទីតាំងនៅភូមិក្រាំងចេក ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ពពករសាត់ដេដាស ជាផ្ទាំងទស្សនីយភាពថ្មីមួយ សម្រាប់អ្នកទេសចរ ដែលបានទៅដល់តំបន់ «ស្ទឹងពពក»។ ក្រៅពីនេះ គេអាចគយគន់ទេសភាពទឹកធ្លាក់ និងដងព្រែក អមដោយព្រៃព្រឹក្សា ដ៏ត្រឈឹងត្រឈៃ ត្រជាក់ល្ហឹមទៀតផង។ «ស្ទឹងពពក» តំបន់ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង គឺជាកន្លែងកំសាន្ត ដ៏កម្រមួយ ដែលកូនខ្មែរមួយចំនួន មិនធ្លាប់បានស្គាល់។

មូលហេតុដែលដាក់ឈ្មោះ តំបន់បាតុភូតធម្មជាតិស្រស់ស្អាតនេះថា ស្ទឹងពពក ដោយសារវាជាកន្លែងតែមួយគត់ ដែលអាចមានលំហូរអព្ទ័ បានតាមច្រលងជួរភ្នំក្រវាញខាងត្បូង ហើយអាចមើលឃើញ ត្រើយម្ខាងទៀត របស់ជួរភ្នំក្រវាញខាងត្បូងដូចគ្នា ទើបប្រៀបបានដូចជាស្ទឹង។ តំបន់ «ស្ទឹងពពក» មានសក្តានុពលទេសចរណ៍ដ៏អស្ចារ្យ។ ដើម្បីទៅដល់ «ស្ទឹងពពក» គេត្រូវធ្វើដំណើរលើផ្លូវជាតិលេខ៤៨ ឆ្លងកាត់ស្ពានស្រែអំបិល រួចធ្វើដំណើរប្រមាណ ១៥០ម៉ែត្រ បត់ស្ដាំតាមផ្លូវដីក្រហម ឆ្ពោះទៅស្ថានីយវារីអគ្គិសនីគីរីរម្យ៣ ហើយត្រូវបន្តដំណើរ ហួសវារីអគ្គិសនីប្រមាណ ១៥០ម៉ែត្រ នោះនឹងដល់ផ្ទះប្រជាសហគមន៍ ស្ទឹងពពក។ ភ្ញៀវទេសចរ ត្រូវជិះម៉ូតូឡើងភ្នំ ដែលដឹកដោយប្រជាសហគមន៍ ឆ្ពោះទៅស្ទឹងពពក ដែលមានចម្ងាយ ៣.៥០០ម៉ែត្រ។

ភ្ញៀវទេសចរ អាចគយគន់ទេសភាព ពពករសាត់ដេដាសសក្បុស យ៉ាងស្រស់ស្អាត នៅដើមខែវស្សា និងដើមរដូវរងា។ ក្រៅពីនេះ អ្នកទេសចរ អាចទស្សនាដងព្រែក និងទឹកធ្លាក់ពីភ្នំ បោះតង់ ឬចងអង្រឹងស្នាក់នៅក្នុងតំបន់ទេសចរធម្មជាតិ ដ៏ស្ងប់ស្ងាត់នេះបានដែរ។ តំបន់នេះ ត្រូវបានប្រជាសហគមន៍រកឃើញយូរហើយ ប៉ុន្តែប្រជាពលរដ្ឋរស់នៅទីនោះ គិតថាវាជាកន្លែងធម្មតា។ ទោះបីតំបន់ «ស្ទឹងពពក» មានទេសភាពស្រស់ស្អាត ប៉ុន្តែភ្ញៀវទេសចរត្រូវដឹងពី ស្ថានភាពផ្លូវទៅកាន់តំបន់នេះ។

គួរកត់សម្គាល់ថា ក្រៅពីតំបន់ទេសចរណ៍ថ្មី «ស្ទឹងពពក» ខេត្តកោះកុង ក៏មានតំបន់ទេសចរណ៍ធម្មជាតិ ជាច្រើនកន្លែងទៀតដែរ តួយ៉ាងដូចជា តំបន់អារ៉ែង និងខ្នងផ្សារជាដើម៕