ព្រះបាទជ័យវរ្ម័នទី៧ គឺជាមហាវីរក្សត្រដ៏ល្បីឈ្មោះ នៅសម័យមហានគរ ដែលបានធ្វើឲ្យប្រទេសជាតិ មានសុខសន្ដិភាព ព្រំដែនគោកនិងទឹក មានវិសាលភាពធំធេង ហើយមានការរីកចម្រើន លើគ្រប់វិស័យទាំងអស់ នៅសម័យនោះ ព្រះអង្គបានកសាងសមិទ្ធផលជាច្រើន សម្រាប់ជាតិ សាសនា និងប្រជារាស្ដ្រនៅទូទាំងប្រទេស ដូចជាសាលារៀន សាលាសំណាក់ ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ប្រាង្គប្រាសាទ។ ចំណែក ប្រាសាទតាសោម ដែលកសាងក្នុងរជ្ជកាល របស់ព្រះអង្គ សម្រាប់ឧទ្ទិសថ្វាយ ចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន ដែលនៅគោបុរៈ មានមុខលោកេស្វរៈ បែទៅរកទិសធំៗទាំង៤ តំណាងឲ្យព្រះអង្គមាន ព្រហ្មវិហារធម៌ចំពោះ នាហ្មឺនសព្វមុខមន្ដ្រី ប្រជារាស្ដ្រគ្រប់ទិសទី។
ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គឺជាយុគសម័យមាស នៃប្រវត្ដិសាស្ដ្រប្រទេសកម្ពុជា នាសម័យមហានគរ ហើយព្រះអង្គបានកសាង ប្រាសាទយ៉ាងច្រើនសន្ធឹកសន្ធាប់ ពាសពេញផ្ទៃប្រទេស ដើម្បីគោរពបូជាតាម លទ្ធិព្រះពុទ្ធសាសនាមហាយាន និងមួយចំនួនទៀត ឧទ្ទិសថ្វាយចំពោះ ព្រះរាជវង្សានុវង្ស របស់ព្រះអង្គទៀតផង។ ចំណែកប្រាសាទតាសោម មានទីតាំងស្ថិតនៅខាងកើតប្រាសាទនាគព័ន្ធ ជិតគីឡូម៉ែត្រលេខ៤ តាមផ្លូវវង់ធំ នៃភូមិសាស្ដ្រខេត្ដសៀមរាប កសាងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សទី១៣ នៅសម័យមហានគរដ៏រុងរឿង ដើម្បីឧទ្ទិសថ្វាយចំពោះ ព្រះពុទ្ធសាសនាមហាយាន ដែលបរិវេណខាងក្រៅប្រាសាទ គេសង្កេតឃើញមាន រុក្ខជាតិតូចធំដុះខ្ពស់ៗ ចោលម្លប់ត្រឈឹងត្រឈៃ ធើ្វឲ្យអ្នកទេសចរបាន សុខកាយសប្បាយចិត្ដ ភ្លេចអស់នូវទុក្ខកង្វល់ទាំងពួង ។
នៅគោបុរៈប្រាសាទតាសោម មិនខុសប្លែកពីប្រាង្គប្រាសាទ ដែលកសាងក្នុងរជ្ជកាល ព្រះអង្គនោះទេ សុទ្ធតែមានលម្អទៅដោយ រូបលោកេស្វរៈមុខ៤ បែរទៅទិសធំៗទាំងបួន តំណាងឲ្យព្រហ្មវិហារធម៌ មេត្ដា ករុណា ឧបេក្ខា និងមុទិត្ដា របស់ព្រះអង្គចំពោះនាហ្មឺន សព្វមុខមន្ដ្រី ប្រជារាស្ដ្រ ព្រះអង្គតែងមានព្រះបន្ទូលថា ទុក្ខលំបាករបស់ប្រជារាស្ដ្រ គឺជាទុក្ខលំបាករបស់ព្រះអង្គ។ ប្រាសាទនេះមានកំពូលតែមួយ លម្អដោយព្រហ្មមុខ៤ ហើយមានកំពែងព័ទ្ធជុំវិញ មានបណ្ដោយ២៤០ម៉ែត្រ ទទឹង២០០ម៉ែត្រ ពេលចូលទៅដល់ បរិវេណខាងក្នុង គេសង្កេតឃើញនៅតាមហោជាង នៃរោងទងព័ទ្ធជុំវិញប្រាសាទ មានចម្លាក់រឿងរ៉ាវទាក់ទងនឹង ព្រះពុទ្ធសាសនាយ៉ាងច្រើន សន្ធឹកសន្ធាប់ និងមានធម្មសាលាចំនួន២។ បើតាមលក្ខណៈនៃសំណង់ ប្រាង្គប្រាសាទតាសោម ស្ថិតក្នុងរចនាបទបាយ័ន ហើយកសាងតំណាល ប្រាសាទតាព្រហ្ម បន្ទាយក្ដី ព្រះខ័ន នាគព័ទ្ធ គឺបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧ ធ្វើការបង្រួបបង្រួមជាតិមាតុភូមិ ហើយរំដោះប្រទេសជាតិ រួចពីពួកចាមឈ្លានពាន ដោយបោះនិវេសនដ្ឋាន បណ្ដោះអាសន្ននៅទីនោះ ក្នុងបំណងជួសជុលប្រាង្គប្រាសាទ ដែលបែកបាក់ដោយសារសង្គ្រាម ព្រមទាំងកសាងប្រាសាទ មួយចំនួនទៀតនៅតំបន់នោះ ។
ប្រាសាទទាំងឡាយ ដែលកសាងក្នុងរចនាបទបាយ័ន គេសង្កេតឃើញហាក់ដូចជាមាន ភាពប្រញាប់ប្រញាល់ ថ្មមិនសូវមានគុណភាព ហើយសំណង់កសាង លើដីរាបស្មើដូច វត្ដអារាមអ៊ីចឹង លើកលែងតែប្រាសាទបាយ័ន ក្នុងបំណងបង្រួបបង្រួម ទស្សនៈនៃសាសនាព្រហ្មញ្ញ និងព្រះពុទ្ធសាសនា។ លក្ខណៈពិសេសនៃ រចនាបទនេះ បុព្វបុរសយើងកសាងប្រាង្គមុខបួន ញញឹមស្រស់ស្រាយ និងគោបុរៈ មានលម្អរូបលោកេស្វរៈ ហើយផ្លូវចូលទៅកាន់ប្រាសាទ ទាំងសងខាងនៃបង្កាន់ដៃ មានលម្អរូបនាគ ជាសម្គាល់ទៀតផង។ ប្រាសាទតាសោម ទោះបីជាទទួលរងនូវ ការបំផ្លិចបំផ្លាញផ្នែកខ្លះក៏ដោយ តែមានក្បាច់ចម្លាក់ រចនាល្អគួរឲ្យគយគន់ មិនចាញ់ប្រាង្គប្រាសាទ មួយចំនួននៅតំបន់អង្គរប៉ុន្មានឡើយ។ បច្ចុប្បន្នចំនួនអ្នកទេសចរ ពីគ្រប់មជ្ឈដ្ឋានដែលទៅ ទស្សនាប្រាសាទល្បីៗ នៅតំបន់អង្គររួចហើយ បានចំណាយពេលវេលា ទៅទស្សនាប្រាសាទនេះ ជាបន្ដបន្ទាប់ ម្នាក់ៗលាន់មាត់សរសើរពី សម្រស់ប្រាង្គប្រាសាទ និងធម្មជាតិនៅទីនោះ មិនដាច់ពីមាត់ ។
ប្រាសាទនេះ ពិតជារួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យទេសចរណ៍ លើកស្ទួយសេដ្ឋកិច្ច វប្បធម៌ដល់ប្រជាពលរដ្ឋខ្មែរ នៅក្នុងតំបន់ ក៏ដូចជាទូទាំងប្រទេសផងដែរ។ តាមរយៈសិលាចារឹក មួយចំនួនបញ្ជាក់ថា ព្រះបាទជ័យវរ្ម័នទី៧ បានកសាងសាលារៀន សាលាដំណាក់ មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ដ្រ ប្រាង្គប្រាសាទ យ៉ាងច្រើនលើសលុប សម្រាប់ប្រយោជន៍ជាតិ សាសនា ប្រជាពលរដ្ឋ ។ ព្រះបាទជ័យវរ្ម័នទី៧ ត្រូវប្រជាពលរដ្ឋនាហ្មឺនសព្វមុខមន្ដ្រី និងប្រវត្ដិសាស្ដ្រចាត់ទុកថា ជាក្សត្រដែលមាន សេចក្ដីអង់អាចក្លាហាន ប្រកបដោយគតិបណ្ឌិត ជានិច្ចកាលព្រះអង្គ តែងគិតគូរពីបញ្ហាសុខទុក្ខ របស់ប្រជារាស្ដ្រ និងមាតុភូមិ។ នាសម័យនោះព្រះអង្គបានធ្វើឲ្យ ប្រទេសជាតិមានការរីកចម្រើន គ្រប់វិស័យ ធ្វើឲ្យសត្រូវខ្លបខ្លាចគ្រប់ទិសទី៕