កម្ពុជា ឡាវ និងវៀតណាម (CLV) ប្ដេជ្ញាចិត្តរួមគ្នាដើម្បីពង្រីក និងធ្វើឱ្យកាន់តែ ស៊ីជម្រៅបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ


ក្នុងឱកាសនៃមហាសន្និបាត អន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយម វៀតណាម បានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការ រវាងសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ដើម្បីពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព ជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ និងយូរអង្វែង នៃប្រទេសទាំងបី។

ប្រធានរដ្ឋសភា នៃប្រទេស CLV បានចេញសេចក្ដីថ្លែងការណ៍រួម ស្តីពីការបង្កើតកិច្ចប្រជុំកំពូលសភា CLV និងកំណត់ការអនុម័ត ជាផ្លូវការនូវនីតិវិធីនៃកិច្ចប្រជុំ។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ ប្រធានរដ្ឋសភា ទាំងបី បានសម្តែងការប្ដេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការពង្រីក និងធ្វើឱ្យកាន់តែស៊ី ជម្រៅបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់សភា ដើម្បីថែរក្សា និងការពារកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងផ្ដល់ផលប្រយោជន៍ ទៅវិញទៅមករវាង រដ្ឋសភា នៃប្រទេសទាំងបី ដោយជំរុញកិច្ចសហប្រតិបត្តិការ នយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសទាំងបី។

ប្រធានរដ្ឋសភា នៃប្រទេសទាំងបី បានយល់ព្រមលើក យន្តការដែលមានស្រាប់ នៃកិច្ចប្រជុំគណៈកម្មាធិការ គណៈកម្មការកិច្ចការបរទេស CLV ទៅជា "កិច្ចប្រជុំកំពូលសភា CLV”។ កិច្ចប្រជុំកំពូលនេះ មានគោលបំណង (១) ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ក្នុងចំណោមប្រទេស CLV។ (២) ជំរុញការផ្លាស់ប្តូរ និងការផ្សព្វផ្សាយ ព័ត៌មាន បទពិសោធន៍ និងការអនុវត្ត ឱ្យបានល្អលើមុខងារ និងភារកិច្ចរបស់សភាជាតិ CLV។ និង (៣) កៀរគរធនធានហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធី និងគម្រោងក្រោម ក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV (CLV-DTA)។

កិច្ចប្រជុំកំពូល លើកទីមួយ នឹងធ្វើជាម្ចាស់ផ្ទះ ដោយរដ្ឋសភា នៃប្រទេសឡាវ នៅឆ្នាំ២០២៣។ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសភានេះ នឹងបង្កើត ផលប្រយោជន៍ជាក់ស្ដែង បន្ថែមទៀត ដោយផ្អែកលើការគោរពគ្នា ទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញ ទៅមក សម្រាប់សន្តិភាព និងវិបុលភាព (M4P2) សម្រាប់ប្រជាជន នៃប្រទេសទាំងបី និងកត្តាផ្សេងៗលើសពីនេះទៀត៕