ក្រសួងបរិស្ថាន បង្កើតនូវកាលានុវត្តភាព សម្រាប់ប្រជាពលរដ្ឋ នៅតាមសហគមន៍ តំបន់ការពារធម្មជាតិ ដើម្បីធានានូវផលប្រយោជន៍ និងកាត់បន្ថយ ផលប៉ះពាល់លើធម្មជាតិ


ក្រសួងបរិស្ថាន បានកំពុងជំរុញ ការអនុវត្តគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការអភិវឌ្ឍ សហគមន៍តំបន់ការពារធម្មជាតិ ជាពិសេស ធានានូវផលប្រយោជន៍ផ្ទាល់ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងកាត់បន្ថយផលប៉ះពាល់ លើធនធានធម្មជាតិ។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថានបានកំពុងជំរុញ ការអនុវត្តគោលនយោបាយ ផែនការ និងយុទ្ធសាស្រ្តរបស់ខ្លួន។

ដោយទី១ ផ្តោតលើផែនការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ដែលជាសសរកន្លោង មានសារៈសំខាន់ចាំបាច់ ជាសារវន្ត ក្នុងការធានាដល់ និរន្តរភាពបរិស្ថាន និងគាំទ្រដល់សន្តិសុខស្បៀង ខឿនសេដ្ឋកិច្ច សង្គមវប្បធម៌ និងសុខភាពសាធារណៈ តាមរយៈមុខងារអេកូឡូស៊ី ហើយទី២ ផ្តោតលើ ការជួយអភិវឌ្ឍសហគមន៍ តំបន់ការពារធម្មជាតិ សម្រាប់ទ្រទ្រង់កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន នៅជុំវិញតំបន់ការពារធម្មជាតិ ដែលក្នុងនោះការបង្កើត អេកូទេសចរណ៍ ដែលបានរួមចំណែកសំខាន់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋ នៃសហគមន៍តំបន់ការពារធម្មជាតិ។ បទពិសោធន៍ក្នុងរយៈពេលជាង ២ ឆ្នាំចុងក្រោយនេះ បានបង្ហាញថា ការលើកកម្ពស់ចីរភាព និងការពង្រឹងចលនា ទេសចរណ៍ផ្ទៃក្នុង គឺជាគន្លឹះយ៉ាងសំខាន់ ក្នុងការពង្រឹងភាពធន់ នៃវិស័យទេសចរណ៍។

ក្នុងពិធីបិទ «វេទិកាជាតិអេកូទេសចរណ៍លើកទី ៣» នារាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល នៅមានភាពផុយស្រួយនៅឡើយ តែការអភិវឌ្ឍសហគមន៍ទេសចរណ៍ និង អេកូទេសចរណ៍ នឹងបង្កើតនូវកាលានុវត្តភាពថ្មីៗ សម្រាប់ប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន ដែលនឹងមានសិទ្ធិអំណាចផ្ទាល់ ក្នុងការរៀបចំ និងចាត់ចែងអភិវឌ្ឍសហគមន៍របស់ខ្លួន និងជាពិសេស មានឱកាសស្វែងរក ចំណូលបន្ថែម តាមរយៈវិស័យទេសចរណ៍ នៅតាមសហគមន៍របស់ខ្លួន។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានបន្តអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវ គោលនយោបាយជាតិ អេកូទេសចរណ៍ ២០១៩-២០៣០ និងបានកំណត់ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ជាស្នូល ដ៏សំខាន់ ក្នុងការធ្វើពិពិធកម្មវិស័យទេសចរណ៍ ដើម្បីពង្រឹងមូលដ្ឋាន នៃវិស័យទេសចរណ៍ និងជាពិសេសធានា នូវផលប្រយោជន៍ផ្ទាល់ ជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន និងកាត់បន្ថយផលប៉ះពាល់ លើធនធានធម្មជាតិ។

សូមបញ្ជាក់ថា ដើម្បីគាំទ្រដល់សហគមន៍ទេសចរណ៍ និង អេកូទេសចរណ៍ រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលជាច្រើន ក្រោយពីវេទិកាជាតិ អេកូទេសចរណ៍ លើកទី ២ ក្នុងនោះរួមមាន៖ ការបង្កើត បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ការបន្តអនុវត្តគម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ការដាក់ចេញនូវ គោលការណ៍ណែនាំ ស្តីពីការបង្កើតសហគមន៍ អេកូទេសចរណ៍តាម ដងទន្លេមេគង្គលើ ជាដើម។ ក្នុងពិធីបិទ «វេទិកាជាតិអេកូទេសចរណ៍លើកទី ៣» ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានផ្ដល់នូវអនុសាសន៍ សំខាន់ៗចំនួន៧ បន្ថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីក សក្តានុពលនៃ ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និង អេកូទេសចរណ៍ នៅកម្ពុជា៕