កម្ពុជា ដាក់ចេញគោលការណ៍សំខាន់ៗ ៧ចំណុច ដើម្បីបន្តពង្រឹង និងពង្រីកសក្តានុពល នៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍


កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោកអញ្ជើញជា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បិទ «វេទិកាជាតិ អេកូទេសចរណ៍លើកទី៣» នៅសណ្ឋាគារហ្គាឌិនស៊ីធី ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវ អនុសាសន៍ណែនាំបន្ថែមចំនួន ៧ចំណុច ដល់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សំដៅធ្វើយ៉ាងណា អនុវត្តឱ្យទទួលបានជោគជ័យ ដើម្បីបន្តពង្រឹង និងពង្រីកសក្តានុពល នៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

ទី១៖ ជាមួយនឹងការដាក់ឱ្យ អនុម័តនូវសេចក្តីថ្លែងការណ៍ ស្តីពីការអភិវឌ្ឍសហគមន៍ និងអេកូទេសចរណ៍ តាមគន្លងប្រក្រតីភាពថ្មី, សូមស្នើឱ្យអង្គវេទិកាទាំងមូល ជាពិសេស ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងគណៈអភិបាលរាជធានី-ខេត្ត បន្តជំរុញការអភិវឌ្ឍ សហគមន៍នៅតាមមូលដ្ឋាន ដោយឈរលើស្មារតីនៃ កិច្ចសហប្រតិបត្តិការខ្ពស់ ប្រកបដោយភាពជាក់ស្តែងនិយម សំដៅជួយអភិវឌ្ឍសហគមន៍ ទៅតាមជំនាញរៀងៗខ្លួន ពិសេសសម្រួលដល់ ការវិនិយោគនៅតាម សហគមន៍ទេសចរណ៍នានា។

ទី២៖ សូមអបអរសាទរ ចំពោះកិច្ចសហការរវាង ក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ក្នុងការកំណត់ តំបន់អេកូទេសចរណ៍ អាទិភាពថ្នាក់ជាតិ ដែលនឹងក្លាយជាមូលដ្ឋានដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍ សកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ក្នុងតំបន់។ ក្នុងន័យនេះ សូមស្នើឱ្យ គ.ជ.អ.អ. រៀបចំឯកសារគតិយុត្តចាំបាច់នានា ដើម្បីទទួលស្គាល់តំបន់ទាំងនេះ ជាផ្លូវការឱ្យបានឆាប់, សិក្សាអំពីបរិយាកាស អំណាយផលសម្រាប់ការវិនិយោគ ព្រមទាំងអភិវឌ្ឍ និងជំរុញការអភិវឌ្ឍ ដោយឈរលើទស្សនាទាន «ការអភិវឌ្ឍបម្រើការអភិរក្ស, ការអភិរក្សទ្រទ្រង់ការអភិវឌ្ឍ» សំដៅធានាការអភិវឌ្ឍ ប្រកបដោយចីរភាព។

ទី៣៖ ពាក់ព័ន្ធនឹង ការដោះស្រាយបញ្ហា ក្នុងសហគមន៍ ដូចជា៖ ការកសាងហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ និងការផ្តល់សេវាសាធារណៈនានា សូមស្នើឱ្យ គ.ជ.អ.អ. បន្តសិក្សារៀបចំ បញ្ជីសហគមន៍អាទិភាព ដើម្បីដាក់បញ្ចូល ក្នុងផែនការអាទិភាព របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ទី៤៖ សូមអំពាវនាវឱ្យដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោង ពាក់ព័ន្ធនឹងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។ ក្នុងស្មារតីនេះ សូមសម្តែងនូវការគាំទ្រ ចំពោះការអនុវត្តគម្រោងពាក់ព័ន្ធ នឹងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងសូមស្នើឱ្យ លោកបណ្ឌិត ថោង ខុន ប្រធាន គ.ជ.អ.អ. ចូលរួមសម្របសម្រួល ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំគម្រោង និងផែនការសកម្មភាព ពាក់ព័ន្ធនានា ។

ទី៥៖ សូមស្នើឱ្យ គ.ជ.អ.អ. សហការជាមួយ ដៃគូពាក់ព័ន្ធជំរុញ ការផ្សព្វផ្សាយតាមរយៈ បច្ចេកវិទ្យាឌីជីថល ដូចជា៖ ការបង្កើតកម្មវិធីទូរស័ព្ទ និងថ្នាលបច្ចេកវិទ្យា ឌិជីថលជាដើម សំដៅលើកកម្ពស់ ការអនុវត្តយុទ្ធនាការ ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី ស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។

ទី៦៖ សូមគាំទ្រឱ្យមាន ការរៀបចំពិធីបុណ្យអេកូទេសចរណ៍ ប្រចាំឆ្នាំ នៅតាមតំបន់អេកូទេសចរណ៍អាទិភាព។ ក្នុងន័យនេះសូមស្នើឱ្យ គ.ជ.អ.អ. រៀបចំសំណើគោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ពិនិត្យនិងសម្រេចដ៏ខ្ពង់ខ្ពស់ ។

ទី៧៖ សូមស្នើឱ្យ គ.ជ.អ.អ. រៀបចំរបាយការណ៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី អំពីលទ្ធផលនៃវេទិកាជាតិ អេកូទេសចរណ៍លើកទី ៣ នេះ ដោយគោរពស្នើសុំ ការសម្រេចលើដំណោះស្រាយ សម្រាប់បញ្ហាប្រឈមនានា ដែលសហគមន៍បាន និងកំពុងជួបប្រទះ។ បន្ថែមលើនេះក៏សូមស្នើឱ្យ គ.ជ.អ.អ. បន្តជំរុញការអនុវត្តការងារ ដែលនៅសេសសល់ ស្របតាមស្មារតីនៃ វេទិកាជាតិអេកូទេសចរណ៍លើកទី៣ និងសេចក្តីថ្លែងការណ៍នេះ ហើយផ្សព្វផ្សាយឱ្យបាន ទូលំទូលាយទៅដល់ គ្រប់ភាគីពាក់ព័ន្ធ។

គួរបញ្ជាក់ផងដែរថា ក្នុងវេទិកានេះ មានការចូលរួមពី ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំងអ្នកពាក់ព័ន្ធ ជាច្រើនរូបផងដែរ។