អ្វីទៅជាស្ថាបត្យកម្ម Regenerative? ហេតុអ្វី វាមានសារៈសំខាន់ជាង ស្ថាបត្យកម្មបែបនិរន្តរភាព?


យោងទៅតាមរបាយការណ៍ពីស្ថាប័ន Architecture 2030 បានបង្ហាញឲ្យឃើញថា ការពិតដែលមិនអាចប្រកែកបាន នៅក្នុងឧស្សាហកម្មស្ថាបត្យកម្មនោះគឺ វិស័យសាងសង់សំណង់ស្ថាបត្យកម្ម បានចូលរួមចំណែក ដល់ការបំភាយឧស្ម័នកាបូន ប្រមាណជា 40 ភាគរយឯណោះ នៅទូទាំងពិភពលោក។ ដូច្នេះហើយមាន ក្រុមហ៊ុនស្ថាបត្យកម្មជាច្រើន ចាប់ផ្ដើមបង្កើតគំនិត ក្នុងការសាងសង់សំណង់ស្ថាបត្យកម្មនានា ឲ្យប្រកបដោយនិរន្ដរភាព ដើម្បីជាជួយទប់ស្កាត់ ដល់ការបំផ្លាញបរិស្ថាន ទាំងពេលបច្ចុប្បន្ន និងអនាគត។

ក៏ប៉ុន្ដែមធ្យោបាយតែមួយគត់ ដែលអាចរក្សាស្ថានភាពបរិស្ថានបច្ចុប្បន្ន កុំឲ្យរងការប៉ះពាល់ ដោយវិស័យសំណង់ទាំងស្រុងនោះ គឺការឆ្ពោះទៅរក ការអភិវឌ្ឍស្ថាបត្យកម្មស្ដារឡើងវិញ ឬហៅថា Regenerative Architecture។ ជាទូទៅការរចនាអគារប្រភេទ តែរួមបញ្ចូលនូវ ការប្រើប្រាស់មុខងារសកម្ម ឬអកម្មផ្សេងៗ ដើម្បីជាឧបករណ៍សម្រាប់ កាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន ដូចជាការប្រើប្រាស់ ថាមពលកកើតឡើងវិញ ឬការផ្សាភ្ជាប់ទៅនឹងធម្មជាតិ ដែលអាចស្ដារឡើងវិញ នូវបរិស្ថានបៃតង ឬហៅថាស្ថាបត្យកម្ម ស្ដារឡើងវិញនេះឯង។ ដូច្នេះតើស្ថាបត្យកម្ម Regenerative គឺជាអ្វី?

នៅក្នុងជីវវិទ្យា Regenerative ឬការបង្កើតឡើងវិញ គឺសំដៅលើសមត្ថភាពក្នុងការបន្ត ស្តារ ឬលូតលាស់ជាលិកា នៅក្នុងសារពាង្គកាយ និងប្រព័ន្ធអេកូឡូស៊ី ស្របតាមការប្រែប្រួលធម្មជាតិ។ ដូចគ្នានេះដែរ នៅពេលអនុវត្តទៅលើ ការរចនាអគារស្ថាបត្យកម្ម គឺសំដៅលើរចនាសម្ព័ន្ធ ដែលផ្សាភ្ជាប់គ្នា ទៅនឹងធម្មជាតិ ឬរចនាសម្ព័ន្ធដែលសាងសង់ឡើង ដើម្បីបង្កើតបរិយាកាសបៃតង ឡើងវិញតែម្ដង។ អាចនិយាយម្យ៉ាងទៀតបានថា ជាអគារដែលត្រូវបានរចនាឡើង និងដំណើរការ ដើម្បីបញ្ច្រាសការខូចខាត នៃប្រព័ន្ធអេកូឡូស៊ី និងមានឥទ្ធិពលវិជ្ជមាន ទាំងស្រុងទៅលើ បរិស្ថានធម្មជាតិ។

ស្ថាបត្យកម្មបង្កើតឡើងវិញ (Regenerative Architecture) មានភាពផ្ទុយគ្នាពី ស្ថាបត្យកម្មប្រកបដោយនិរន្ដរភាព (Sustainable Architecture)។ ដើម្បីសាងសង់ ឬរចនាស្ថាបត្យកម្មមួយ ប្រកបដោយនិរន្ដរភាព គេត្រូវប្រើប្រាស់ធនធានជាច្រើន ដែលមានកំណត់។ ឧទាហរណ៍ការសាងសង់អគារ ដែលធ្វើអំពីឈើ ដែលអាចជួយកាត់បន្ថយ ការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាស ការប្រើប្រាស់បន្ទះសូឡា Photovoltaic ដើម្បីជួយកាត់បន្ថយកំដៅផែនដី ត្រូវបានចាត់ទុកជា ស្ថាបត្យកម្មប្រកបដោយនិរន្ដរភាព ក៏ប៉ុន្ដែស្ថាបត្យកម្មទាំងអស់នោះ ត្រូវការកាប់បំផ្លាញព្រៃឈើ និងប្រើប្រាស់ធនធានធម្មជាតិ ក្នុងពេលតែមួយផងដែរ។

ដោយឡែកសម្រាប់ស្ថាបត្យកម្ម បង្កើតឡើងវិញ គឺត្រូវបានសាងសង់ឡើង ដោយមិនប៉ះពាល់ធម្មជាតិផង និងជួយស្ដាធម្មជាតិឡើងវិញផង។ ឧទាហរណ៍ អគារ BIQ House រចនាដោយស្ទូឌីយោរ Splitterwerk និងបន្ទះសូឡា SolarLeaf bio-reactive អភិវឌ្ឍដោយ ARUP ដែលអាចបង្កើត ថាមពលកកើតឡើងវិញ ពីជីវម៉ាស Algal និងកំដៅព្រះអាទិត្យ។ ការរៀបចំដំបូលបៃតង សម្រាប់ដាំដើមរុក្ខជាតិ និងការរៀបចំប្រព័ន្ធ ប្រមូលទឹកភ្លៀងជាដើម។ តែយ៉ាងណាមិញ វិធីសាស្រ្តរចនាទាំងពីរខាងលើ ត្រូវបានប្រើប្រាស់ដើម្បីបំពេញគ្នា ទៅវិញទៅមកផងដែរ។