(ព្រះសីហនុ)៖ ចលនាប្រឡងប្រណាំង ឆ្នេរខ្សាច់កម្សាន្តស្អាត លើកទី៣ ឆ្នាំ២០២២ បានវាយតម្លៃ និងផ្ដល់ជ័យលាភី ដល់ឆ្នេរខ្សាច់កម្សាន្តចំនួន ១១ឆ្នេរ ក្នុងនោះមានកម្រិតល្អណាស់ ៦ឆ្នេរ និងកម្រិតមធ្យម ៥ឆ្នេរ ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន ២៧ ឆ្នេរ នៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា។
ការប្រគល់ជ័យលាភីនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលា ស្ដីពីការពង្រឹងគុណភាព សេវាកម្មទេសចរណ៍ ឆ្ពោះទៅការអបអរសាទ រពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ អមជាមួយពិធីចែកបណ្ណសរសើរ និងលិខិតសរសើរ ដល់ប្រតិបត្តិករទេសចរណ៍ ខេត្តគោលដៅតំបន់ឆ្នេរ ក្រោមអធិបតីភាព ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន នៅសណ្ឋាគារសុខាប៊ិច។ យោងតាមរបាយការណ៍របស់ លោក មុំ បូវីល លេខាធិការក្រុមការងារ ទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរកម្សាន្ត នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បានឱ្យដឹងថា បន្ទាប់ពីការដាក់ចេញនូវ ចលនាប្រឡងប្រណាំង ឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៣ ឆ្នាំ២០២២ ក្រុមការងារទទួលបន្ទុក តាមដាន និងវាយតម្លៃ ឆ្នេរខ្សាច់កម្សាន្ត បានចុះត្រួតពិនិត្យ និងវាយតម្លៃឆ្នេរបេក្ខភាព ចំនួន២៧ នៅតាមបណ្តាខេត្ត តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងនោះនៅខេត្តកែបមានចំនួន ៦ឆ្នេរ ខេត្តកោះកុងចំនួន ៥ឆ្នេរ និងខេត្តព្រះសីហនុចំនួន ១៦ឆ្នេរ។
ជាលទ្ធផល ឆ្នេរខ្សាច់កម្សាន្តដែលទទួលបាន ចំណាត់ថ្នាក់ជាឆ្នេរស្អាត «កម្រិតល្អណាស់» មានចំនួន៦ ឆ្នេរ រួមមាន៖
• ខេត្តកែបមាន ២ឆ្នេរ៖ ឆ្នេរកែប និងឆ្នេរកោះទន្សាយ។
• ខេត្តព្រះសីហនុមាន ៤ឆ្នេរ៖ ឆ្នេរសុខា ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរឋានសួគ៌។
ឆ្នេរខ្សាច់កម្សាន្ត ដែលទទួលបាន ចំណាត់ថ្នាក់ជាឆ្នេរស្អាត «កម្រិតមធ្យម» មានចំនួន ៥ឆ្នេរ រួមមាន៖
• ខេត្តកោះកុងមាន ១ឆ្នេរ៖ ឆ្នេរកោងកាង។
• ខេត្តព្រះសីហនុមាន ៤ឆ្នេរ៖ ឆ្នេរឯករាជ្យ ឆ្នេរសុខសាន្ត (គ្រប់គ្រងដោយសហគមន៍) ឆ្នេរកោះរ៉ុង និងឆ្នេរប្រាសាទ។
លោក មុំ បូវីល បានបញ្ជាក់ទៀតថា សម្រាប់ឆ្នេរខ្សាច់កម្សាន្តណា ដែលមិនទទួលបានចំណាត់ថ្នាក់ ក្រុមការងារទទួលបន្ទុក ត្រូវរៀបចំផែនការ និងមានចំណាត់ការ កែលម្អជាបន្ទាន់ ហើយត្រូវវាយតម្លៃឡើងវិញ នាពេល ៣ខែបន្ទាប់។
ចំពោះឆ្នេរដែលពុំទទួលបានចំណាត់ថ្នាក់ រួមមាន៖
• ខេត្តកោះកុង មានឆ្នេរនេសាទ ឆ្នេរអាវស៊ីវវង់ ឆ្នេរពយស្ងាយ និងឆ្នេរប៉ាក់ខ្លង។
• ខេត្តកែប មានឆ្នេរអង្កោល ឆ្នេរដើមបើស ឆ្នេរកំពង់សារាយ និងឆ្នេរកោងកាង។
• ខេត្តព្រះសីហនុ មានឆ្នេរជំទាវម៉ៅ ឆ្នេរព្រែកត្រែង ឆ្នេរដូង ឆ្នេររ៉ុងសន្លឹម ឆ្នេរកោះតូច ឆ្នេរលំហែ ឆ្នេរ២៣ និងឆ្នេរខ្សាច់ស៕