ការអភិរក្សភាពចម្រុះ នៃជីវិតនៅលើផែនដី និងសុខភាពមហាសមុទ្រ គឺមានសារៈសំខាន់ ចំពោះសុខុមាលភាព របស់មនុស្សលោក ប៉ុន្តែធនធានសំខាន់ៗ មានហានិភ័យពីលទ្ធផលផ្ទាល់ នៃការអនុវត្តដែលមិនស្ថិតស្ថេរ និងសកម្មភាពប៉ះពាល់នានា របស់មនុស្ស។ ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព មិនអាចសម្រេចបាន ដោយដំណោះស្រាយបច្ចេកវិទ្យា បទបញ្ជានយោបាយ ឬឧបករណ៍ហិរញ្ញវត្ថុ តែប៉ុណ្ណេះនោះទេ។ យើងត្រូវផ្លាស់ប្តូររបៀបគិត និងសកម្មភាពមួយចំនួន។
បើយោងតាម ផេកផ្លូវការរបស់អង្គការយូណេស្កូ បានបង្ហោះវីដេអូបង្ហាញអំពី សត្វសមុទ្រចំនួន 3 ប្រភេទ ដែលជិតផុតពូជ លើពិភពលោក ដែលបានរាយនាម ដូចខាងក្រោម៖
1. អណ្តើកសមុទ្រ Hawksbill, hawksbill ត្រូវបានរកឃើញ នៅទូទាំងមហាសមុទ្រត្រូពិច របស់ពិភពលោក។ ពួកវាមានអាយុវែង ហើយត្រូវបានប៉ាន់ស្មានថា អាចរស់នៅពី 50 ទៅ 60 ឆ្នាំ។
2. Hawaiian monk seal, (ស្រដៀងសត្វភេសមុទ្រ) ត្រូវបានរកឃើញនៅក្នុងប្រជុំកោះ Hawaiian។ ពួកវារស់នៅដាច់ស្រយាល នៅលើកោះទាំងនេះ មិនមានកន្លែងណាផ្សេងទៀត ក្នុងលោកនោះទេ។
3. ត្រីបាឡែនពណ៌ខៀវ (Blue Whale) វាជាសត្វដ៏ធំបំផុត នៅលើភពផែនដី។ ទោះបីជារស់នៅ ក្នុងទឹកជ្រៅក៏ដោយ ក៏ត្រីបាឡែនគឺជាថនិកសត្វ និងដកដង្ហើម ដោយត្រូវការបរិមាណខ្យល់ច្រើន។
អង្គការយូណេស្កូ កំពុងដឹកនាំការអនុវត្ត ដំណើរគម្រោងទសវត្សរ៍នៃវិទ្យាសាស្ត្រ មហាសមុទ្ររបស់ អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព (2021-2030) ដែលជាឱកាសម្តងក្នុងមួយជីវិត សម្រាប់អ្នកវិទ្យាសាស្ត្រ និងអ្នកពាក់ព័ន្ធពីវិស័យចម្រុះ ដើម្បីអភិវឌ្ឍចំណេះដឹងវិទ្យាសាស្ត្រ និងភាពជាដៃគូ ដែលត្រូវការ ដើម្បីពន្លឿននិង បន្ថែមភាពជឿនលឿនក្នុង វិទ្យាសាស្ត្រមហាសមុទ្រ ដើម្បីសម្រេចបាន ការយល់ដឹងកាន់តែច្បាស់ អំពីមហាសមុទ្រ និងផ្តល់នូវដំណោះស្រាយ ផ្អែកលើវិទ្យាសាស្ត្រ ដើម្បីសម្រេចបាននូវ របៀបវារៈក្នុងឆ្នាំ 2030 ដើម្បីអភិរក្សជីវចម្រុះ ក្នុងសមុទ្រ មហាសមុទ្រ ជាពិសេសសត្វទាំងបី ខាងលើនេះ។