ADB ផ្ដល់ជំនួយថវិកា ៦២,៩ លានដុល្លារ ដើម្បីគាំទ្រអនុវិស័យបសុសត្វ ក្នុងការពង្រឹងសុវត្ថិភាពអាហារ និងភាពធន់នឹងអាកាសធាតុនៅកម្ពុជា


បើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថា ADB បានបង្ហាញថា កម្ពុជានឹងទទួលបាន កញ្ចប់ថវិកាចំនួន ៦២,៩លានដុល្លារអាមេរិកពី ADB ក្នុងការជួយលើកកម្ពស់សន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន តាមរយៈការកែលម្អ ប្រព័ន្ធសុខាភាពបន្ថែម ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផលបសុសត្វជាដើម។ ជាក់ស្ដែង លោក Srinivasan Ancha អ្នកជំនាញជាន់ខ្ពស់ ផ្នែកបម្រែបម្រួលអាកាសធាតុរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា អនុវិស័យបសុសត្វ មានសារៈសំខាន់ណាស់ ចំពោះជីវភាពរស់នៅ តាមតំបន់ជនបទ ប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀង នៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ អនុវិស័យទាំងនេះ ផ្តល់ឱកាសជាច្រើន សម្រាប់កសិករលក្ខណៈគ្រួសារ រួមទាំងស្ត្រី និងកសិអាជីវកម្មខ្នាតតូច និងមធ្យម។ លោកបានបញ្ជាក់ទៀតថា៖ «សត្វពាហនៈ និងក្របី ស្ទើរតែទាំងអស់ គឺជាកម្មសិទ្ធិរបស់ កសិករលក្ខណៈគ្រួសារ ទោះបីជាផលិតកម្មជ្រូក និងបសុបក្សីកំពុងមានលក្ខណៈ ជាពាណិជ្ជកម្មកាន់តែ ខ្លាំងឡើងក៏ដោយ។ តាមរយៈជំនួយរបស់ ADB នេះ នឹងអនុញ្ញាតឱ្យអនុវិស័យនេះអាចទាញយក សក្តានុពលនៃកំណើនខ្ពស់ នាំមកដោយការកើនឡើង នៃការប្រើប្រាស់សាច់ក្នុងស្រុកដែលកើតឡើង ដោយសារកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម ចំនួនប្រជាជនកើនឡើង ឱកាសពាណិជ្ជកម្ម និងការធ្វើឱ្យប្រសើរជាលំដាប់ ក្នុងការគ្រប់គ្រងជំងឺ និងអាហារូបត្ថម្ភសម្រាប់សត្វ»។

លោក Srinivasan Ancha បានលើកឡើងបន្ថែមថា គម្រោងកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃបសុសត្វឆ្លងព្រំដែន ក្នុងមហាអនុតំបន់មេគង្គ (GMS) នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់គ្រួសារយ៉ាងហោចណាស់ ៤០ ០០០ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ឧត្តរមានជ័យ ព្រៃវែង សៀមរាប និងខេត្ដតាកែវ តាមរយៈការជំរុញការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពស្ថាប័ន និងបច្ចេកទេស និងគោលនយោបាយគាំទ្រសំខាន់ៗ។