រដ្ឋបាលលោក បៃដិន កាលពីពេលថ្មីៗនេះ បានដាក់បញ្ចូលក្រុមហ៊ុន ផលិតបន្ទះឈីបចិន Yangtze Memory Technologies Co., Ltd. (YMTC) និងអង្គភាពនៅក្នុង ឧស្សាហកម្មបន្ទះឈីប AI ចំនួន 21 ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដើម្បីពង្រីកការបង្ក្រាបរបស់ខ្លួន លើឧស្សាហកម្មបន្ទះឈីប របស់ប្រទេសចិន។

ក្រុមហ៊ុន YMTC ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនេះ ដោយសារការភ័យខ្លាចថា វាអាចបង្វែបច្ចេកវិទ្យារបស់អាមេរិក ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិន Huawei និង Hikvision ដែលបានចុះ ក្នុងបញ្ជីខ្មៅពីមុន។ ការផ្លាស់ប្តូរដែលមានចែង នៅក្នុង Federal Register មួយនេះ នឹងរារាំងអ្នកផ្គត់ផ្គង់ របស់ YMTC ពីការដឹកជញ្ជូនទំនិញពី សហរដ្ឋអាមេរិកទៅកាន់ ក្រុមហ៊ុនដោយគ្មានអាជ្ញាប័ណ្ណ។ អង្គភាពបន្ទះឈីប AI របស់ចិនចំនួន 21 ដែលត្រូវបានបញ្ចូល ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដែលរួមមានក្រុមហ៊ុន Cambricon Technologies Corp និង CETC ប្រឈមមុខនឹង ការពិន័យកាន់តែតឹងរ៉ឹង ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក បានទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព នូវការចូលប្រើប្រាស់ បច្ចេកវិទ្យារបស់ពួកគេ ដែលផលិតនៅគ្រប់ទីកន្លែង ក្នុងពិភពលោកជាមួយនឹង ឧបករណ៍របស់សហរដ្ឋអាមេរិក។


លោក Thea Kendler បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា៖ «នៅពេលដែលរដ្ឋាភិបាលចិន ស្វែងរកការជ្រៀតចូល ក្នុងវិស័យយោធា និងផ្នែកស៊ីវិលរបស់ខ្លួន ផលប្រយោជន៍សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក ទាមទារឱ្យយើងធ្វើសកម្មភាព យ៉ាងម៉ឺងម៉ាត់ក្នុងការបដិសេធ ការចូលទៅកាន់បច្ចេកវិទ្យាទំនើប»។