មកស្គាល់ត្រកូលសត្វខ្លាទាំង ៨ប្រភេទ ដែលកំពុងមានវត្តមាន និងធ្លាប់មានវត្តមាន នៅក្នុងប្រទេសកម្ពុជាយើង!


យោងតាមការចុះផ្សាយ ដោយក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញពី សត្វត្រកូលខ្លាទាំង ៨ប្រភេទ ដែលកំពុងមានវត្តមាន និងធ្លាប់មានវត្តមាន នៅក្នុងប្រទេសកម្ពុជា របស់យើង។ ដោយក្រសួងបានលើកឡើងថា សត្វព្រៃដែលរួមទាំង ប្រភេទសត្វត្រកូលខ្លា កំពុងទទួលរង ការគំរាមកំហែងយ៉ាងខ្លាំង ពីការបរបាញ់ខុសច្បាប់ ការដាក់អន្ទាក់ ការថយចុះសត្វដែលជាចំណី និងការបាត់បង់ទីជម្រកជាដើម។ ខណៈដែលប្រភេទសត្វខ្លាធំ ឬខ្លាដំបង បានបាត់វត្តមាន ពីក្នុងព្រៃធម្មជាតិនៃប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៧ មកម្ល៉េះ។

ដូច្នេះ ដើម្បីជាកិច្ចខិតខំប្រឹងប្រែង ក្នុងការការពារ និងអភិរក្សសត្វខ្លាធំ និងសត្វដែលជា ចំណីរបស់ខ្លាធំ ក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធនានា បានធ្វើការនាំសត្វខ្លាធំ មកក្នុងព្រៃធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ ប្រទេសកម្ពុជាឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងប្រទេសកម្ពុជា និងឥណ្ឌា ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃ ដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វា នៅប្រទេសកម្ពុជា។ ដូច្នេះចង់ដឹងថា សត្វត្រកូលខ្លាទាំង ៨ប្រភេទ ដែលកំពុងមានវត្តមាន និងធ្លាប់មានវត្តមាននៅក្នុងប្រទេសកម្ពុជា មានអ្វីខ្លះ?

សូមទស្សនារូបភាពខាងក្រោម៖

១-ខ្លាធំ ឬខ្លាដំបង Tiger (Panthera tigris) ជាប្រភេទកំពុងទទួល រងគ្រោះជិតផុតពូជ (Endangered)

២- ខ្លារខិន Leopard (Panthera pardus) ជាប្រភេទកំពុងទទួល រងគ្រោះជិតផុតពូជ (Endangered)

៣-ខ្លាពពក Clouded leopard (Neofelis nebulosi) ជាប្រភេទ ងាយរងគ្រោះថ្នាក់ (Vulnerable)

៤-ខ្លាត្រី Fishing cat (Prionailurus viverrinus) ជាប្រភេទងាយរងគ្រោះថ្នាក់ (Vulnerable)

៥-ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទជិត ទទួលរងគ្រោះថ្នាក់ (Near threatened)

៦-ខ្លាភ្ញីថ្មកែវ Marbled cat (Pardofelis marmorata) ជាប្រភេទជិត ទទួលរងគ្រោះថ្នាក់ (Near threatened)

៧-ឆ្មាព្រៃ Jungle cat (Felis chaus) ជាប្រភេទ រងគ្រោះថ្នាក់តិចតួច (Least concern)

៨-ឆ្មាដាវ Leopard cat (Prionailurus bengalensis) ជាប្រភេទរងគ្រោះថ្នាក់តិចតួច (Least concern)