តំបន់ទេសចរណ៍កំពូលទាំង ១០ នៅឌូបៃ ដែលអ្នកគួរទៅទស្សនា


ទីក្រុងឌូបៃគឺ ជាទីក្រុងដ៏លេចធ្លោមួយ នៃប្រទេសអារ៉ាប់រួម ដែលល្បីល្បាញខ្លាំង លើសំណង់ស្ថាបត្យកម្មទំនើបៗ ក៏ដូចជាពេញនិយម សម្រាប់ការដើរទិញឥវ៉ាន់ដ៏ប្រណិតៗ និងមានទិដ្ឋភាពជីវិត ពេលរាត្រីដ៏រស់រវើក បំផុតមួយផងដែរ។ ជាពិសេសអ្វីដែលយើង មិនអាចភ្លេចបាននោះគឺ អគារ Burj Khalifa ដែលមានកម្ពស់រហូតដល់ 830 ម៉ែត្រ ហើយនៅមានអគារខ្ពស់ៗ ជាច្រើនផ្សេងទៀត គ្របដណ្ដប់លើផ្ទៃមេឃ នៃទីក្រុងដ៏ជឿនលឿនមួយនេះ។ ដូច្នេះថ្ងៃនេះ ក្រុមការងារយើងនឹង ធ្វើការលើកយក តំបន់ទេសចរណ៍កំពូលៗ ប្រចាំទីក្រុងឌូបៃនេះ មកឲ្យប្រិយមិត្ដបាន ស្គាល់បន្ថែមទៀត ដោយក្នុងនោះមានដូចជា៖

1. អគារ Burj Khalifa

ជាមួយនឹងកម្ពស់សរុបជាង 829.8 ម៉ែត្រ Burj Khalifa ត្រូវបានចាត់ទុកជាសំណង់ និងអគារខ្ពស់ជាងគេបំផុត ក្នុងពិភពលោក។ អគារនេះមានចំនួនជាន់ រហូតដល់ 163 ជាន់នេះ ហើយអគារនេះ ក៏បានបំបែកកំណត់ត្រា ជាច្រើនផ្សេងៗទៀត របស់ពិភពលោកផងដែរ ដូចជាមានចំនួនជាន់ខ្ពស់បំផុត ជាន់កាន់កាប់ខ្ពស់បំផុត កន្លែងសង្កេតខាងក្រៅខ្ពស់បំផុត និងជណ្តើរយន្តសេវាកម្មខ្ពស់ ជាងគេបំផុតនៅលើ ពិភពលោកជាដើម។

2. អាងចិញ្ចឹមត្រីឌូបៃ និងសួនសត្វក្រោមទឹក

នៅទីក្រុងឌូបៃ ក៏ល្បីថាមានសួនសត្វក្រោមទឹក ឬឧទ្យានសមុទ្រដ៏ស្រស់ស្អាត បំផុតមួយផងដែរ នោះគឺ Dubai Aquarium និង Underwater Zoo ដែលមានទីតាំង នៅជាន់ផ្ទាល់ដីនៃផ្សារទំនើប Dubai Mall។ នៅទីនោះមានសត្វសមុទ្រជាង 33,000 ក្បាល និងអាងផ្ទុកទឹកដ៏ធំ ប្រមាណជាង 10 លានលីត្រ សម្រាប់ចិញ្ចឹមត្រីសមុទ្រនានា។ លើសពិនេះ វាជាសួនសត្វក្រោមទឹក តែមួយគត់ ដែលបង្ហាញពីជីវិតក្រោមទឹក ដ៏សម្បូរបែប ដែលអាចត្រូវបាន រកឃើញរស់នៅក្នុងមហាសមុទ្រ និងទន្លេផ្សេងៗ។

3. សួនកម្សាន្ដ Global Village 

Global Village គឺជាគោលដៅទេសចរណ៍បែបវប្បធម៌ គ្រួសារ ការកម្សាន្ត និងការទិញទំនិញដំបូងបង្អស់ របស់ទីក្រុងឌូបៃ។ នៅទីនោះមាន ព្រះពន្លាជាច្រើន ដែលត្រូវបានរចនាដោយ បំផុសគំនិតពីវប្បធម៌ ជុំវិញពិភពលោក។ នៅទីនោះក៏មានរៀបចំ ព្រឹត្តិការណ៍ផ្សេងៗ ជាច្រើនផងដែរ ដែលបានធ្វើឲ្យវាក្លាយជា កន្លែងដ៏ល្អឥតខ្ចោះ សម្រាប់ការសប្បាយរីករាយ ជាមួយនឹងម្ហូបមកពី ជុំវិញសកលលោក ទស្សនាអ្នកសម្តែងតាមដងផ្លូវ និងការជិះទូកកម្សាន្ដដ៏រំភើបជាដើម។

4. ប្រជុំកោះ Palm Jumeirah

Palm Jumeirah គឺជាប្រជុំកោះសិប្បនិម្មិត ដ៏អស្ចារ្យមួយ ដែលស្រដៀងនឹងដើមត្នោត នៅក្នុងរង្វង់មួយ នៅពេលអ្នកមើលវា ពីទិដ្ឋភាពលើអាកាស។ Palm Jumeirah ក៏ជាគម្រោងទេសចរណ៍ ដ៏សំខាន់ដំបូងគេបង្អស់ របស់ប្រទេសអារ៉ាប់រួមផងដែរ ហើយបច្ចុប្បន្ននេះ វាមានកន្លែងទាក់ទាញទេសចរណ៍កំពូលៗ មួយចំនួនរបស់ទីក្រុងឌូបៃ ដូចជា Atlantis សួនទឹក Aquaventure សួនទឹក Lost Chambers Aquarium និង Palm ជាដើម។

5. ផ្សារទំនើបឌូបៃ

ជាមួយនឹងផ្ទៃដីជាង 500,000 ម៉ែត្រការ៉េ របស់ផ្សារទំនើបឌូបៃនេះ វាក្លាយជាផ្សារទំនើប ដ៏ធំបំផុតមួយរបស់ពិភពលោក។ លើសពីនេះ ក្នុងឆ្នាំ 2010 ផ្សារទំនើបនេះ ត្រូវបានគេបោះឆ្នោត ជ្រើសរើសជា ផ្សារទំនើបដែលផ្ដល់នូវ បទពិសោធន៍ទិញទំនិញដ៏ល្អបំផុត នៅលើពិភពលោកផងដែរ ដោយទស្សនាវដ្តី Grazia។ ផ្សារទំនើបនេះក៏ជាកន្លែង សម្រាប់សួនសត្វក្រោមទឹក ដ៏ល្បីល្បាញ ដែលយើងស្គាល់ថា Dubai Aquarium ផងដែរ ជាមួយនឹងការប្រមូលផ្តុំ សត្វសមុទ្រជាង 300 ប្រភេទផ្សេងៗគ្នា ក្រៅពីនេះវាមានកន្លែងជិះស្គី កន្លែងលេងហ្គេម និងរោងកុន ដែលប្រមូលផ្តុំនូវ សកម្មភាពកម្សាន្តទាំងអស់ នៅក្រោមដំបូលតែមួយ។

6. សួនទឹក Aquaventure

Aquaventure គឺជាសួនទឹកដ៏ធំបំផុតមួយ នៅក្នុងទីក្រុងឌូបៃ ដែលមានទីតាំងនៅក្នុង បរិវេណសណ្ឋាគារ Atlantis។ Adrenaline pumping Tower of Neptune រួមជាមួយនឹង Tower of Poseidon ដ៏គួរឱ្យរំភើបសម្រាប់ ការទម្លាក់ខ្លួនកម្សាន្ដ គឺជាចំណុចសំខាន់ពីរ នៃឧទ្យានសួនទឹកនេះតែម្ដង។ លើសពីនេះ សួនទឹក Aquaventure នេះ ក៏មានឆ្នេរឯកជនមួយ សម្រាប់ភ្ញៀវទេសចរ សម្រាកលំហែកាយផងដែរ ជាមួយនឹងគ្រឿងបរិក្ខារ ផ្សេងទៀតដូចជា គ្រែគេងហាលថ្ងៃ អាហារឆ្ងាញ់ៗ នៅភោជនីយដ្ឋានផ្សេងៗ និងការដើរទិញ វត្ថុអនុស្សាវរីយ៍ នៅហាងជាច្រើន នៅក្នុងឧទ្យាននេះជាដើម។

7. តំបន់វាលខ្សាច់ Dubai Desert Safari

តំបន់វាលខ្សាច់ Dubai Desert Safari គឺជាកន្លែងពេញនិយមបំផុតមួយ ដែលអ្នកទេសចរភាគច្រើន ដែលទៅកម្សាន្ដនៅទីក្រុងឌូបៃ មិនដែលរំលងឡើយ។ អ្នកទេសចរអាចទទួលបាន បទពិសោធន៍នៃ ការបោះជំរុំនៅវាលខ្សាច់ ខណៈពេលដែល រីករាយជាមួយម្ហូបអារ៉ាប់ ការរាំរបាំក្បាលពោះ និងការសម្តែង បែបប្រពៃណីផ្សេងទៀត ដែលធ្វើឱ្យវាក្លាយជាតំបន់មួយ ដែលសមនឹងតម្លៃបំផុត។ ជាពិសេនៅពេលថ្ងៃ អ្នកទេសចរអាច ធ្វើដំណើរផ្សងព្រេង តាមរយៈការជិះម៉ូតូកង់បួន ជិះរថយន្ដ ជិះអូដ្ឋ និងផ្សេងៗច្រើនទៀត។

8. សួនផ្កា Dubai Miracle Garden

សួនផ្កា Dubai Miracle Garden គឺជាសួនផ្កាធម្មជាតិដ៏ស្រស់ស្អាត និងធំជាងគេបំផុតមួយ នៅក្នុងពិភពលោក ដែលមានទីតាំង នៅក្នុងកន្លែងកម្សាន្ត Dubailand ទីក្រុងឌូបៃ។ សួនផ្កានេះលាតសន្ធឹង លើផ្ទៃដីធំជាង 72,000 ម៉ែត្រការ៉េ ដែលធ្វើឲ្យវាក្លាយជា សួនដ៏ធំបំផុតរបស់ពិភពលោក ដែលមានរុក្ខជាតិ និងផ្កាជាង 45 លានប្រភេទផ្សេងគ្នា។ សួនផ្កានេះ ក៏ត្រូវបានចាត់ទុកជា ឋានសួគ៌ក្រោមមេឃផងដែរ សម្រាប់អ្នកដែលចូលចិត្ដ ភាពស្រស់ស្អាតនៃសម្រស់ផ្កាធម្មជាតិ។

9. សណ្ឋាគារ Burj Al Arab

Burj Al Arab គឺជាសណ្ឋាគារលំដាប់ខ្ពស់មួយ នៅក្នុងទីក្រុងឌូបៃ ដែលមានទីតាំងនៅលើ កោះសិប្បនិម្មិតមួយ នៅតាមផ្លូវ Jumeirah។ សណ្ឋាគារនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1999 ដោយវាត្រូវបានរចនាឡើង ជារូបរាងរបស់ទូកក្តោង។ សណ្ឋាគារនេះ ត្រូវបានចាត់ទុកជា កន្លែងសម្គាល់ដ៏ល្បីប្រចាំទីក្រុងផងដែរ ជាមួយនឹងបន្ទប់ចំនួន 203 បន្ទប់ បំពាក់នូវបរិក្ខាដ៏សម្បូរបែប មានកន្លែងទទួលភ្ញៀវដ៏ប្រណិត កន្លែងទឹកហូរដ៏គួរឱ្យទាក់ទាញ និងកន្លែងជិះឧទ្ធម្ភាគចក្រ ឯកជនមួយទៀតផង។ អ្វីដែលពិសេសជាងនេះទៀតគឺ ផ្នែកខាងក្នុងជាច្រើន របស់សណ្ឋាគារនេះ ត្រូវបានតុបតែងដោយ មាសពិតៗតែម្ដង ដែលមើលទៅដូចជា សណ្ឋាគារសម្រាប់ រាជវង្សអញ្ចឹង។

10.  ឆ្នេរ Jumeirah

ឆ្នេរ Jumeirah មានទីតាំងស្ថិតនៅ ភាគខាងត្បូងនៃសង្កាត់ Al Faihidi ដែលជាតំបន់ប្រវត្តិសាស្ត្រ របស់ទីក្រុងឌូបៃផ្ទាល់តែម្ដង។ ឆ្នេរខ្សាច់សនេះ ក៏ត្រូវបានចាត់ទុកជា គោលដៅទេសចរណ៍កំពូលមួយ នៅក្នុងទីក្រុងឌូបៃផងដែរ ដោយសារលក្ខណៈពិសេស ជាច្រើន ដូចជាហ៊ុំព័ទ្ធដោយរមណីយដ្ឋាន និងអគារលំដាប់ខ្ពស់ រួមមាន Burj Al Arab, Jumeirah Beach Hotel និង Wild Wadi Water Park ដែលបន្ថែមភាពរីករាយ ដល់ឆ្នេរនេះយ៉ាងរស់រវើក។ ក្រៅពីនេះ អ្នកទេសចរក៏អាចលេងកីឡាក្នុងទឹក ជាច្រើនផ្សេងទៀតផងដែរ ដូចជា ការជិះខ្លែង ជិះស្គី និងម៉ូតូទឹកជាដើម។