ប្រាសាទតាមាន់ មានទីតាំងស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមផ្លូវជាតិ លេខ ៥៦ ដែលមានចម្ងាយពី ទីរួមក្រុងសំរោង ៤៨គីឡូម៉ែត្រ។ ពីប្រាសាទតាមាន់ធំ ទៅប្រាសាទតាមាន់តូច មានចម្ងាយជិត ២គីឡូម៉ែត្រ។ ប្រាសាទតាមាន់ធំមានទំហំ ៦០មX៦០ម សាងសង់អំពីថ្មភក់ ស្ថិតនៅលើខ្នងភ្នំដងរែក ដោយប្រាសាទនេះ បានធ្វើការចុះបញ្ជីសារពើភណ្ឌ័ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួចហើយ។
តាមការវាយតម្លៃរបស់ អ្នកបុរាណវិទ្យា បានបញ្ជាក់ថា សំណង់ស្ថាបត្យកម្មប្រាសាទនេះ បានសាងសង់រួចហើយ ប៉ុន្តែផ្នែកចម្លាក់រចនាវិញ យើងសងេ្កតឃើញថា នៅសល់ផ្ទៃច្រើន នៃប្រាសាទដែលមិនទាន់ឆ្លាក់។ ម្យ៉ាងទៀតប្រាសាទតាមាន់ មានកំពែង ព័ទ្ធជុំវិញបែទៅរកទិសខាងត្បូង ដែលគេឆ្ងល់ថាហេតុអ្វី? នេះដោយយោងទៅតាម តម្រូវការចាំបាច់នៃទីតាំងភូមិសាស្រ្ត គឺខ្ពង់រាប ចំណុចនេះមានចម្រាក់បែ ទៅរកទិសខាងត្បូង។ ចំណែកឯតួប្រាសាទទាំងមូល សាងសង់មកជាប់នឹង ចម្រាក់ដីតែម្តង។ អ្នកដែលធ្លាប់ សិក្សាសំណង់ស្ថាបត្យកម្ម និងសិល្បៈខ្មែរបុរាណអាច និងយល់ស្របគ្នាថា ប្រាសាទនេះ គឺជាស្នាព្រះហស្ថ នៃព្រះបាទសូរ្យវរ្ម័នទី១ បើពុំនោះក៏នៅជំនាន់ ឬរាជ្យនោះ (ផ្នែកទី១ នៃសតវត្សទី១១) ថ្វីត្បិតតែពុំ ឃើញមានសិលាចារឹក ហើយពុំមានចម្លាក់ រចនាបថក៏ដោយ។
បើតាមប្រភពឯកសារមួយចំនួន បានបញ្ជាក់ថា ប្រាសាទតាមាន់ កសាងឡើងក្នុងសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) និងឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦)។ តាមរយៈសំណង់ស្ថាបត្យកម្ម និងការតុបតែងលំអ នៅតាមថែវ និងហោជាងរបស់ប្រាសាទ បានបញ្ជាក់ថា គឺស្ថិតនៅក្នុងរចនាបថឃ្លាំង និងបាពួន ហើយឧទ្ទិសថ្វាយដល់ព្រះសិវៈ។ នៅក្នុងប្រាសាទនេះ មានតម្កល់ សសរលិង្គរបស់ព្រះសិវៈ ដែលគេហៅថា ស្វ័យម្ភូវលិង្គ “Svayambhuva Linga” មានន័យថា លិង្គកើតឡើង ដោយឯកឯង។ ស្វ័យម្ភូវលិង្គ “Svayambhuva Linga” គឺជាទីតាំងដ៏ពិសេសបំផុត សម្រាប់សម័យបុរាណហើយ ប្រជាពលរដ្ឋខ្មែរនៅតែមាន ជំនឿរហូតមកដល់សព្វថ្ងៃនេះ។
នៅក្នុងទីតាំងប្រាសាទនេះ គឺជាទីកន្លែងអាស្រមមួយ កាលពីសម័យមុនអង្គរនេះ យើងយោងទៅតាម សិលាចារឹកនៅក្នុង រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ប្រការគួរអោយចាប់អារម្មណ៍ មួយទៀត គឺគេពុំបាន ពង្រាបដីឱ្យស្មើ ដើម្បីសាងសង់ឡើយ គឺគេសាងសង់ផ្ទាល់លើថ្មភ្នំ ដោយគ្រាន់តែដាប់ ឱ្យស្មើល្មមៗតែប៉ុណ្ណោះ ហើយប្រហែលជា យកថ្មនៅទីនោះ តែម្តងមកសង់ប្រាសាទ។ ចំពោះបដិមាវិញ យើងពុំទាន់ឃើញមាន អ្វីទាំងអស់លើកលែងតែ នៅក្នុងបន្ទប់មួយមានបដិមា ធម្មជាតិស្រាប់។ នេះគឺជាសាច់ថ្មដុះមក លើត្រង់ហើយ ដែលខ្មែរបុរាណ ចាត់ទុកថាជាលិង្គ។ សូមជ្រាបថាលិង្គមានពីរបែប លិង្គដែលមនុស្សឆ្លាក់ ហើយអាចប្តូរទីកន្លែងបាន ដែលគេតែងយកទៅ តំកល់បញ្ចុះក្នុងយោនីនោះ គេហៅថា “ស្ថាបិតលិង្គ”។
រីឯថ្មដែលជាប់នឹងផ្ទាំងនៅក្នុងដី ហើយដែលមានរូបរាង លេចចេញមកលើល្មម អាចឱ្យគេចាត់ទុកថា ជាលិង្គបានគេហៅថា “ស្វ័យម្ភូវលិង្គ“ ន័យថាលិង្គដែលកើតឡើង ដោយឯកឯង។ ចំពោះការគោរពសក្ការៈ នៃលិង្គទាំងពីរគឺមានដូចគ្នា ប៉ុន្តែស្វ័យម្ភូវលិង្គនៅទីនេះ ភ្ជាប់នៅក្រៅបរិវេណ ប្រាសាទតាមចង្អូរថ្ម ឬទរបង្ហូរទឹកមន្ត “សោមសូទ្រ“ ដែលគេរៀបចំសម្រាប់ ទឹកមន្តស្រោចស្រព ក្នុងពិធីលើលិង្គនោះ ហូរទៅក្រៅ ដើម្បីសាសនិកនានា ត្រងយកទៅប្រើ ក្នុងជំនឿផ្សេងៗរៀងៗខ្លួន។