រដ្ឋបាលរាជធានីភ្នំពេញ បើកិច្ចប្រជុំត្រៀមលក្ខណៈធ្វើបច្ចុប្បន្នភាព ការអភិវឌ្ឍន៍រាជធានី សម្រាប់ឆ្នាំ ២០២០

រដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅម្សិលមិញនេះ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពនៃ ទៅលើការត្រួតពិនិត្យប្លង់គោលចំនួណ ២០៣៥ កន្លែង ក្នុងគោលបំណង ធានាឲ្យបាននូវការសម្រេចបាននូវភាពជោគជ័យ នៃការអភិវឌ្ឍន៍រាជធានីភ្នំពេញ ឆ្ពោះទៅរកភាពរីកចំរើន រុងរឿង។

ស្ថិតក្រោមការប្រជុំនេះ លោក ឃួង ស្រេង បានឲ្យដឹងដូច្នេះថា “ការពិនិត្យមើលបច្ចុប្បន្នភាពនៃការអនុវត្តប្លង់គោលឆ្នាំ ២០៣៥ នៅរាជរាជធានីភ្នំពេញ មានគោលដៅសំខាន់ណាស់ ដើម្បីឲ្យគ្រប់ភាគី ដែលពាក់ព័ន្ធ បានដឹងអំពីស្ថានភាពជាក់ស្ដែងសព្វថ្ងៃ នៃការអនុវត្តប្លង់មេកន្លងមកនេះ ទៅលើបញ្ហាវិជ្ជមាន និងអវិជ្ជមាន ដើម្បីផ្ដល់ជាអនុសាសន៍ ឈានទៅសម្រេចបាននូវភាពជោគជ័យ នៃការអភិវឌ្ឍន៍ រាជធានីភ្នំពេញឆ្ពោះទៅអនាគតខាងមុខ”។ បច្ចុប្បន្ននេះ ប្លង់គម្រោងមេ របស់រាជធានីភ្នំពេញ បានជួយតម្រង់ទិស នៃការអភិវឌ្ឍន៍ ប្រកបដោយប្រសិទ្ធភាព តាមរយៈការប្រើប្រាស់ដីធ្លី ការអភិវឌ្ឍន៍ផ្លូវគមនាគមន៍ ប្រព័ន្ធភ្លើង ប្រឡាយលូ រោងចក្រ សងគ្រាស តូចធំ និងតំបន់សាធារណៈផ្សេងៗទៀត ដែលជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។

 

ការរួមគ្នាពិភាក្សាកាលពីម្សិលមិញនេះ ក៏ដើម្បីស្របទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបានបង្ហាញផ្លូវ ទៅលើការត្រួតពិនិត្យលើស្ថានភាពអភិវឌ្ឍន៍ប្លង់គោល ដើម្បីធានាបាននូវភាពជោគជ័យ និងបញ្ជាសនូវបញ្ហា ប្រឈមណាមួយ ដែលអាចនឹងកើតមានឡើងនាថ្ងៃអនាគត។ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានក្រុមជំនាញ បានប្រមូលនូវទិន្នន័យប្លង់ប្រើប្រាស់ដីធ្លី តាមខណ្ឌ ដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសិក្សា និងអនុម័តរួចរាល់ ដើម្បីដាក់ផ្ទៀងផ្ទាត់ជាមួយប្លង់គោល ឆ្នាំ ២០៣៥ ដើម្បីត្រៀមធ្វើបច្ចុប្បន្នភាពនាឆ្នាំ ២០២០ ដែលនឹងមកដល់ខាងមុខ។

 

គួរបញ្ជាក់ថា រយៈពេល ៥ ឆ្នាំម្ដង រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការប្រជុំលើបញ្ហានានា ដែលរាជធានីភ្នំពេញកំពុងប្រឈម ហើយក៏ដើម្បីស្រង់ និងពិនិត្យមើលទិន្នន័យអំពីភាពជោគជ័យបានកម្រិតណា ជាដើម ធ្វើយ៉ាងណាអនុវត្តតាមប្លង់មេ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

ប្រភពមកពីដ្ឋបាលរាជធានីភ្នំពេញ