នាយកដ្ឋានគ្រប់គ្រង ការបំពុលរបស់ថៃ (PCD)៖ កម្រិតគុណភាពខ្យល់ក្នុងប្រទេសថៃ កំពុងស្ថិតក្នុងស្ថានភាព កាន់តែអាក្រក់ទៅៗ


នាយកដ្ឋានគ្រប់គ្រង ការបំពុលរបស់ប្រទេសថៃ (Thailand’s Pollution Control Department ឬហៅកាត់ថា PCD) បាននិយាយថា កម្រិតនៃការបំពុលធូលី PM2.5 អាចកើនឡើងលើសពី កម្រិតសុវត្ថិភាព នៅក្នុងតំបន់មួយចំនួន នៃប្រទេសនៅដើមឆ្នាំក្រោយ ដោយសារសីតុណ្ហភាពទាប។ សីតុណ្ហភាពនៅក្នុង តំបន់មួយចំនួន នៅភាគខាងជើងប្រទេសថៃ កំពុងធ្លាក់ចុះ ជាលទ្ធផលនៃសម្ពាធខ្ពស់ ពីប្រទេសចិន ដែលធ្វើអោយការបំពុល នៅក្នុងតំបន់មួយចំនួន កាន់តែអាក្រក់ទៅៗ។ ជាក់ស្តែងក្នុងពេលប៉ុន្មានខែ ខាងមុខនេះ កម្រិត PM2.5 អាច លើសពីកម្រិតសុវត្ថិភាព អតិបរមា 50 µg/m³។

អគ្គនាយក PCD លោក Pinsak Suraswadi ដែលគ្រប់គ្រងមជ្ឈមណ្ឌលកា ត់បន្ថយការបំពុលខ្យល់ (the Centre for Air Pollution Mitigation ឬហៅកាត់ថា CAPM) បាននិយាយថា ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចក្រោយ ការរាតត្បាតនៃជំងឺកូវីដ-19 របស់ប្រទេសនេះ ក៏ជំរុញឱ្យមានកម្រិតអ័ព្ទ ផងដែរ។ លោកក៏បានកត់សម្គាល់ផងដែរថា នៅពេលដែលមនុស្ស ត្រឡប់ទៅការិយាល័យ និងរោងចក្រវិញ ជំនួសឱ្យការធ្វើការពីផ្ទះ បរិមាណចរាចរណ៍មានការកើនឡើង ដែលកំពុងរួមចំណែក ដល់ការបំពុលបរិយាកាស កាន់តែច្រើន។ ទន្ទឹមនឹងនេះ កសិករកំពុងពង្រីកផ្ទៃដី ធ្វើកសិកម្មរបស់ពួកគេ រួមទាំងការអនុវត្ត ការកាប់ និងដុតលើដីព្រៃ ដែលនាំឲ្យមានការកើនឡើង នៃចំណុចបំពុលបន្ថែម។

ដើម្បីដោះស្រាយស្ថានការណ៍នេះ PCD គ្រោងនឹងដាក់ចេញនូវ វិធានការណ៍ពង្រឹង ការគ្រប់គ្រងការបំពុលដ៏ល្អ និងឲ្យកាន់តែមានប្រសិទ្ធភាព នៅឆ្នាំក្រោយ។ ពួកគេរួមបញ្ចូល ការផ្ដល់ការព្រមានលើ តំបន់ដែលរងផលប៉ះពាល់ខ្លាំង យ៉ាងហោចណាស់ 7 ថ្ងៃជាមុន ក៏ដូចជាការរៀបចំ ប្រព័ន្ធវាយតម្លៃគ្រោះថ្នាក់អគ្គីភ័យ ផងដែរ។