គ្រាន់តែលឺអំពីឈ្មោះ ប្រាសាទបន្ទាយស្រី គ្មាននណារម្នាក់ ថាមិនស្គាល់នោះទេ ជាពិសេសនៅពេល ទៅខេត្ដសៀមរាប ក្រៅពីការទៅទស្សនា ប្រាសាទអង្គរវត្ដនោះ គេក៏មិនភ្លេចឈានទៅ លេងប្រាសាទបន្ទាយស្រីនេះ ផងដែរ។ ដោយសារតែមានឈ្មោះថា ប្រាសាទបន្ទាយស្រីនេះ បានជាមានភ្ញៀវទេសចរជាច្រើន តែងតែចាប់អារម្មណ៍ និងតែងតែមានចង្ញល់ អំពីមូលហេតុ នៃដាក់ឈ្មោះប្រាសាទនេះថាជា “បន្ទាយស្រី”។
ដូច្នេះនៅក្នុងអត្ថបទនេះ ក្រុមការងារយើងនឹង លើកយកប្រវត្ដិសង្ខេបត្រួសៗ មួយចំនួនអំពីដើមចម នៃការកសាងប្រាសាទនេះឡើង ក៏ដូចជាប្រវត្ដិនៃឈ្មោះ ប្រាសាទបន្ទាយស្រីនេះផងដែរ៖
ប្រាសាទបន្ទាយស្រី មានទីតតាំងស្ថិតនៅ ក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលចម្ងាយប្រមាណ ៣៩គីឡូម៉ែត្រភាគខាងជើង ពីទីរួមខេត្តសៀមរាប ឃ្លាតពីស្រះស្រង់ ២៧គីឡូម៉ែត្រ និងមានចំងាយ៣២គីឡូម៉ែត្រ ពីប្រាសាទអង្គរ វត្តតាមផ្លូវឆ្ពោះទៅ ភ្នំគូលេនផងដែរ។ ប្រាសាទបន្ទាយស្រី គឺជាប្រាង្គប្រាសាទមួយ ក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាប ក៏ដូចជាស្ថិតក្នុង ចំណោមប្រាសាទដ៏ល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកដែរ ដែលបានទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ មកពីតំបន់ជាច្រើន។
យោងតាមឯកសារមួយចំនួន បានលើកឡើងថា ប្រាសាទបន្ទាយស្រី មានឈ្មោះបែបនេះ ក៏ព្រោះតែប្រាសាទ ត្រូវបានសាងសង់ឡើងពី ថ្មម្យ៉ាងមានពណ៌ស្រលៀកផ្កាឈូក ឬស៊ីជម្ពូ ជាមួយនឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើក ជាងប្រាសាទណាៗទាំងអស់ និងមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយ ដូចស្រីគ្រប់លក្ខណ៍អញ្ចឹង។ ប្រាសាទនេះសង់លើដីរាបស្មើ មានរាងតូចច្រឡឹង ដោយថ្មភក់ផ្កាឈូក និង ឥដ្ឋរាង ៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខ ទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយ ដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយ ដល់ព្រះវិស្ណុ។
ប្រាសាទបន្ទាយស្រី កាលដើមឡើយមានឈ្មោះថា "ឥសូរបុរៈ" ដែលប្រែថា "បុរីនៃឥសូរ" ប៉ុនែ្តសម័យក្រោយៗ មកទៀតគេហៅថា ប្រាសាទបន្ទាយស្រី ទៅវិញដោយសារតែ រាងតូចច្រឡឹង និងក្បូរក្បាច់រចនា ដ៏ស្រស់ស្អាត និងរស់រវើកនៅ លើផ្ទាំងថ្មពណ៌ផ្កាឈូក។ មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះបានទទួល ការកោតសរសើរពី ភ្ញៀវទេសចរសឹងគ្រប់រូបថា ពិតជាស្រស់ស្អាត ទោះបីមានបរិវេណតូចចង្អៀត បន្តិចមែនតែទ្រង់ទ្រាយ ប្រាសាទលំអទៅដោយ ចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវដែលទាក់ទង ទៅនឹងលទ្ធិទេវរាជ "រឿងរាមកេរ្តិ៏ខែ្មរ" មិនត្រឹមតែប៉ុណ្ណោះចម្លាក់នីមួយៗ សុទ្ធតែមានលក្ខណៈ រស់រវើកបើប្រៀបធៀបទៅ នឹងប្រាសាទដទៃ។
គួររំលឹកផងដែរថា តាមឯកសារប្រវត្តិសាស្រ្ត អាណាចក្រខ្មែរបានកត់ត្រាទៀតថា ប្រាសាទបន្ទាយស្រី បានកសាងឡើងដោយ ព្រហ្មណ៍ម្នាក់ឈ្មោះ យជ្ញវរាហៈ ដែលជាព្រះគូ្ររបស់ ព្រះបាទជ័យវរ្ម័នទី៥ ដើម្បីឧទ្ទិសដល់ ព្រហ្មញ្ញសាសនា។ ប្រាសាទនេះត្រូវបាន កសាងឡើង ក្នុងគ្រិស្តសករាជ ៩៦៧ ក្នុងរជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី ២ គឺមុនការកសាង ប្រាសាទអង្គរវត្ត និងអង្គរធំទៅទៀត។