បាងកក៖ ថៃ បានចាប់ផ្ដើមទទួល ភ្ញៀវទេសចរចិន បណ្ដើរៗហើយ គិតចាប់ពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយភ្ញៀវចិន បានទៅជាន់ទឹកដីថៃម្ដងទៀត ក្រោយខកខានអស់ ៣ ឆ្នាំ មានចំនួន ២០០ នាក់។ ចំនួននោះបានកំពុងបន្តកើនឡើង ស្របពេលពលរដ្ឋចិន សម្រុកទៅដើរលេងនៅក្រៅប្រទេស ដោយក្នុងនោះរួមមាន ថៃផងដែរ បើទោះបីជាតម្លៃ ធ្វើដំណើរឡើងថ្លៃ ២០% ក៏ដោយ។
យោងតាមព័ត៌មានក្នុងស្រុករបស់ថៃ ចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា ភ្ញៀវទេសចរចិន ដែលមានបំណង មកកំសាន្តនៅប្រទេសថៃ កំពុងផ្ទុះឡើងក្នុងចំនួនដ៏ច្រើន ហើយថៃ ក៏រីករាយក្នុងការទទួល និងស្វាគមន៍ភ្ញៀវទាំងនោះផងដែរ ថែមទាំងមានវត្តមាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ ដើម្បីទទួល និងស្វាគមន៍ភ្ញៀវទៀតផង។ ការកើនឡើងនេះ បានធ្វើឱ្យតម្លៃធ្វើដំណើរកើនខ្ពស់ ជាហេតុធ្វើឱ្យតម្លៃ ឡើងថ្លៃជាងមុន ២០% ក៏ប៉ុន្តែចំនួនភ្ញៀវទេសចរចិន នៅតែបន្តមានច្រើនដដែល។
លោក Chuwit Sirivejku អគ្គនាយកនៃអាជ្ញាធរទេសចរណ៍ថៃ ហៅកាត់ថា (TAT) បានបញ្ជាក់ឱ្យដឹងដូច្នេះថា ដោយសារតែតម្រូវការ នៃការមកកំសាន្តនៅថៃ មានការកើនឡើងខ្ពស់នៅចិន បានធ្វើឱ្យតម្លៃជើងហោះហើរ កើនឡើង ២០% ដោយតម្លៃនេះ គឺឡើងថ្លៃខ្ពស់ជាង តម្លៃកាលពីឆ្នាំ២០១៩ មុនពេលផ្ទុះជំងឺកូវីដ ១៩ ទៅទៀត តែចំនួននោះនៅតែ បន្តមកជាបន្តបន្ទាប់។ លោកបន្ថែមទៀតថា ដោយសារតែតម្រូវការច្រើន បានធ្វើឱ្យជើងហោះហើរមានតិច តែក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានកំពុងធ្វើការងារនេះ ដើម្បីជម្រុញឱ្យមាន ជើងហោះហើរច្រើន ជាងពេលបច្ចុប្បន្ន។
គិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នេះ កៅអីយន្តហោះ សម្រាប់ដឹកភ្ញៀវទេសចរចិន ចូលទៅកាន់ប្រទេសថៃ មានចំនួនសរុប ៣៤៤ ៤៤៦ រួចទៅហើយ ដោយក្នុងមួយយន្តហោះ ដោយមិនគិតអំពីខ្នាត មានវត្តមានជនជាតិចិន ៨៥%។ អត្រានេះ គឺជាចំនួនកើនឡើងច្រើន និងពុំធា្លប់មានក្នុងរយៈពេល ៣ឆ្នាំចុងក្រោយរបស់ថៃ ជាមួយចិន ហើយអាជ្ញាធរថៃ បានកំពុងដុតដៃដុតជើង សហការណ៍ជាមួយ ក្រុមហ៊ុនទេសចរណ៍ចិនជាច្រើន ដើម្បីផ្ដល់នូវបទពិសោនធន៍ល្អៗ សម្រាប់ភ្ញៀវចិនផងដែរ។
សូមបញ្ជាក់ថា ឆ្នាំនេះ ថៃមានក្ដីរំពឹងខ្ពស់ ពីការងើបឡើងវិញ កាន់តែប្រសើរជាងឆ្នាំ២០២២ កន្លងទៅ ដោយសារតែ ការបើកប្រទេសរបស់ចិន ដែលធ្វើឱ្យពលរដ្ឋចិន អាចចាប់ផ្ដើមធ្វើដំណើរទេសចរណ៍ នៅជុំវិញពិភពលោកឡើងវិញ ហើយថៃ គឺជាគោលដៅទេសចរណ៍ ស្នូលមួយរបស់ចិន។ បញ្ហាប្រឈមនៅពេលនេះរបស់ថៃ គឺការរៀបចំមធ្យោបាយ នៃការទទួលភ្ញៀវ ទាំងភាសាទំនាក់ទំនង កាយវិការ ការទូទាត់ប្រាក់ ដែលអាចឱ្យនូវ ភាពងាយស្រួល ទៅដល់ពលរដ្ឋចិន ទៅតាមមធ្យោបាយផ្សេងៗគ្នា ជាដើម៕