ច្រកទ្វាព្រំដែនថៃ-មីយ៉ាន់ម៉ា ចាប់ផ្ដើមបើកឡើងវិញ បន្ទាប់ពីបិទអស់រយៈពេលបីឆ្នាំកន្លងមក


យោងទៅតាមសារព័ត៌មាន ក្នុងស្រុករបស់ថៃ The Nation Thailand បានឲ្យដឹងថា ប៉ុស្តិ៍ត្រួតពិនិត្យមែសុត និងច្រកទ្វាព្រំដែនថៃ-មីយ៉ាន់ម៉ា នៅពេលនេះត្រូវបាន បើកដំណើរការឡើងវិញហើយ បន្ទាប់ពីបិទអស់រយៈពេលបីឆ្នាំ ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ១៩ និងស្ថានការណ៍នយោបាយក្នុ ងប្រទេសមីយ៉ាន់ម៉ាកន្លងមក។ ដូចគ្នានេះដែរ យោងតាមមន្ត្រីក្នុងតំបន់ បានលើកឡើងថា ការបើកដំណើរការច្រកទ្វាព្រំដែន រវាងប្រទេសទាំងពីរ ឡើងវិញនេះ នឹងជួយធ្វើឱ្យពាណិជ្ជកម្ម និងទេសចរណ៍ក្នុងតំបន់ មានភាពរស់រវើកឡើងវិញ។

ជាពិសេសពលរដ្ឋថៃ និងមីយ៉ាន់ម៉ា នឹងអាចឆ្លងកាត់ព្រំដែន រវាងខេត្តតាករបស់ប្រទេសថៃ និងទីក្រុងមីយ៉ាវ៉ាដឌី របស់ប្រទេសមីយ៉ាន់ម៉ា តាមស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី១ នៅច្រកព្រំដែនមែសុត ឡើងវិញផងដែរ។ ពាណិជ្ជករនៅសងខាងព្រំដែ នបានយល់ស្របថា ការបើកដំណើរការឡើងវិញ នឹងផ្តល់ផលប្រយោជន៍ទាំងប្រទេសថៃ និងមីយ៉ាន់ម៉ា តាមមធ្យោបាយជាច្រើន រួមទាំងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងសេដ្ឋកិច្ចរបស់ពួកគេជាទូទៅ។ ពួកគេរំពឹងថានឹងមាន ការងើបឡើងវិញ យ៉ាងឆាប់រហ័សនៃ វិស័យទេសចរណ៍ និងការវិលត្រឡប់ មកវិញនៃភ្ញៀវទេសចរ មកកាន់តំបន់នេះភ្លាមៗ បន្ទាប់ពីការបើកដំណើរការឡើងវិញ របស់ស្ពាន។

ក្នុងពិធីបើកដំណើរការ ច្រកទ្វាព្រំដែនឡើងវិញនេះ ធ្វើឡើងក្រោមអធិបតីភាព អភិបាលខេត្តតាក លោក សុមឆៃ គីតចារើនរុងរោច និងអភិបាលទីក្រុងមីយ៉ាវ៉ាដឌី លោក យូ ហ្សាវទីន។ សេចក្តីសម្រេចបើកព្រំដែនឡើងវិញ នៅស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី១ នេះ ត្រូវបានសម្រេចបន្ទាប់ពី មានបទឈប់បាញ់ ដែលបានប្រកាសដោយ យោធាមីយ៉ាន់ម៉ាកាលពីដើមខែនេះ រួមជាមួយនឹងកិច្ចចរចាសន្តិភាព។ គួរបញ្ជាក់ផងដែរថា ពាណិជ្ជកម្មតាមព្រំដែន និងទេសចរណ៍បានរង ផលប៉ះពាល់យ៉ាងខ្លាំងផងដែរ បន្ទាប់ពីការបិទស្ពាន ដែលនៅជាប់ច្រកព្រំដែន មែសុតនេះ។