កោះពូលូវ៉ៃ គឺជាតំបន់ប្រជុំកោះ ដ៏ស្រស់បំផុតមួយនៅកម្ពុជា ដោយសារមានទឹកសមុទ្រ ខៀវថ្លាឈ្វេង និងបណ្ដុំអេកូឡូស៊ីនៅបាតសមុទ្រ ជាពិសេសផ្កាថ្ម ស្រស់ស្អាតល្អឥតខ្ចោះ ដែលធ្វើអោយដែនសមុទ្រកម្ពុជា មានភាពទាក់ទាញ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ដ មិនចេះដាច់ ជាពិសេសអ្នកនិយម ការមុជទឹកមើលជីវចម្រុះ នៅបាតសមុទ្រ។
កោះពូលូវៃ មានផ្ទៃដីសរុបទំហំ ៣,៩ គីឡូម៉ែត្រការ៉េ ជាបណ្ដុំប្រជុំកោះ មានកោះចំនួន ២ និងថ្មប៉ប្រះទឹក ឬអាចហៅថាកូនកោះតូចមួយ មានបណ្ដោយលាតសន្ធឹង ៥ គីឡូម៉ែត្រ ទទឹងប្រហែល ១,៥ គីឡូម៉ែត្រ ស្ថិតនៅចម្ងាយប្រមាណ ១១០ ពីគីឡូម៉ែត្រដីគោក នៃខេត្តព្រះសីហនុ ហើយក៏ជាប្រជុំកោះ ឆ្ងាយជាងគេបំផុត នៃដែនសមុទ្រកម្ពុជា ផងដែរ។ កាលពីអតីតកាល តំបន់កោះពូលូវៃ ជាដែនជម្លោះសមុទ្រ រវាងប្រទេសកម្ពុជា ថៃ និងវៀតណាម ប៉ុន្តែបច្ចុប្បន្ន កោះនេះ ជាតំបន់អភិរក្សជីវចម្រុះ និងជាទិសដៅតំបន់ មុជទឹកសមុទ្រថ្លាឈ្វេង សម្បូរដោយជីវចម្រុះ និងតំបន់មើលផ្កាថ្មស្រស់ស្អាតបំផុត ប្រចាំប្រទេសកម្ពុជា។
ការធ្វើដំណើរទៅកាន់កោះពូលូវៃ ត្រូវចំណាយពេលយូរ តាមរយៈទូកឬអូប័រ ប៉ុន្តែវាពិតជាសាកសម ទៅនឹងការចំណាយពេលវេលា ពីព្រោះប្រជុំកោះនេះ មិនសូវមានមនុស្សទៅដល់ឡើយ ហើយជីវចម្រុះ នៅបាតសមុទ្រមានសុខភាពល្អ បែបធម្មជាតិ សម្បូរទៅដោយផ្កាថ្មទន់ ផ្កាថ្មរឹង មានទំហំធំៗនិងច្រើន អមទៅដោយឆ្នេខ្សាច់ សក្បុសបែបធម្មជាតិ និងទឹកសមុទ្រថ្លាខៀវស្រងាត់ សាមសមបំផុត សម្រាប់ការសម្រាកលំហែកាយ និងការទទួលយក បទពិសោធន៍មើលផ្កាថ្ម នៅបាតសមុទ្រ។
កោះពូលូវៃ ត្រូវបានអភិរក្សដោយក្រុមមុជទឹក នៃគណកម្មាធិការជាតិ សន្ដិសុខលំហរសមុទ្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក ដើម្បីធ្វើការងារមួយចំនួនដូចជា៖
• ស្រាវជ្រាវ និងកំណត់តំបន់ផ្កាថ្ម
• រក្សាអភិរក្ស ការពារជីវចម្រុះ សម្អាតការពារផ្កាថ្ម
• ថតរូបប្រមូលទិន្នន័យ និងដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍សមុទ្រកម្ពុជា។