ប្រទេសឡាវរំពឹងថា នឹងអាចទាក់ទាញ ភ្ញៀវទេសចរទាំងជាតិ និងអន្ដរជាតិ បានចំនួន ១,៤ លាននាក់នៅឆ្នាំ ២០២៣ នេះ ជាមួយការំពឹងថា នឹងទទួលចំណូលពី វិស័យទេសចរណ៍នេះ កើនឡើងដល់ជាង ៣៤០ លានដុល្លារអាមេរិក នេះបើយោងតាមក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ ប្រចាំប្រទេសឡាវ បានចុះផ្សាយ។ បន្ថែមពីនេះ ដើម្បីសម្រេចបានគោលដៅនេះ ក្រសួងទេសចរណ៍ឡាវ ក៏គ្រោងនឹងផ្សព្វផ្សាយ ទេសចរណ៍របស់ខ្លួន តាមសហគមន៍នានា ដើម្បីទាក់ទាញភ្ញៀវបរទេសបន្ថែម ខណៈពេលដែលបច្ចុប្បន្នឡាវ កំពុងជំរុញបន្ថែមទៀត នូវយុទ្ធនាការ « Lao Thiao Lao» ដែលមានន័យថា ប្រជាជនឡាវ លេងកម្សាន្ដនៅឡាវ ដើម្បីអាចបម្រើ ភ្ញៀវទេសចរ ក្នុងស្រុកចំនួន ១,២ លាននាក់ ក្នុងឆ្នាំ ២០២៣ នេះ។ យុទ្ធនាការ នេះត្រូវបានចាប់ផ្ដើម ចាប់តាំងពី ឆ្នាំ ២០២០ មកម្ល៉េះ ដើម្បីអំពាវនាវឱ្យប្រជាជនឡាវ ប្រើប្រាស់សេវាកម្មទេសចរណ៍ ក្នុងស្រុកកាន់តែច្រើន។
ដូចគ្នានេះដែរ ថ្លែងក្នុងកិច្ចប្រជុំនាថ្ងៃទី២៣-២៤ ខែមករា រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៍ និងទេសចរណ៍ឡាវ លោកស្រី Suanesavanh Vignaket បានមានប្រសាសន៍ថា ក្រសួងនឹងសហការ ជាមួយភ្នាក់ងារកណ្តាល និងមូលដ្ឋាននានា ដើម្បីរៀបចំផែនការ អភិវឌ្ឍន៍ទេសចរណ៍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ក៏ដូចជានៅតំបន់ទេសចរណ៍ ដើម្បីបំពេញតាមស្តង់ដារ អាស៊ានផងដែរ។ ជាមួយគ្នានេះដែរ ប្រទេសឡាវបាន ចាប់ផ្តើមរៀបចំ សម្រាប់ការមកដល់ នៃភ្ញៀវទេសចរចិន បន្ទាប់ពីវាត្រូវបានចុះបញ្ជី ក្នុងចំណោមប្រទេសចំនួន 20 ដោយរដ្ឋាភិបាលចិន សម្រាប់ដំណើរទេសចរណ៍ ជាក្រុមក្រៅប្រទេស។
ចំណែកឯ ក្រុមហ៊ុនអាកាសចរណ៍ឡាវ ក៏គ្រោងនឹងដំណើរការ ជើងហោះហើរបន្ថែមទៀត ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិន។ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍នេះ ដំណើរការជើងហោះហើរ បីដងក្នុងមួយសប្តាហ៍ ពីរដ្ឋធានីវៀងច័ន្ទ របស់ឡាវទៅកាន់ ទីក្រុងគុនមីង ក្នុងខេត្តយូណានភាគនិរតី នៃប្រទេសចិន។ គួរបញ្ជាក់ដែរថា ប្រទេសឡាវ បានកត់ត្រាកំណើន ភ្ញៀវទេសចរក្នុងស្រុក និងបរទេសរបស់ខ្លួន មានចំនួនជាង 1.6 លាននាក់កាលពីឆ្នាំ ២០២២។