ក្រុមហ៊ុនចិនដីគោក នឹងវិនិយោគលើដីសម្រាប់អភិវឌ្ឍន៍មួយភាគធំ នៅហុងកុង!

ការដេញថ្លៃវិនិយោគតំបន់អភិវឌ្ឍន៍នៅក្នុងទីក្រុងហុងកុង គឺជាការពិបាកមួយសម្រាប់វិនិយោគិន ដោយសារតែហុងកុងជាទីក្រុងមានដីថ្លៃបំផុត ហើយក៏មិនច្រើនសម្រាប់ក្រុមហ៊ុនឯកជនវិនិយោគដែរ ដូចនេះទើបការវិនិយោគតំបន់សំខាន់ៗ ផ្ដល់ទៅឲ្យក្រុមហ៊ុនធំៗប៉ុណ្ណោះទើបមានលទ្ធភាព។ ជាក់ស្ដែងថ្មីៗនេះក្រុមហ៊ុនធំមួយរបស់ចិនដីគោក ដេញថ្លៃបានសម្រាប់ការអភិវឌ្ឍន៍សំណង់លំនៅដ្ឋានលំដាប់ខ្ពស់នៅក្នុងតំបន់មាត់សមុទ្រខាងមុខ Victoria Harbour ដ៏ល្បីល្បាញរបស់ហុងកុង នឹងត្រៀមធ្វើគំរោងអភិវឌ្ឍន៍របស់ខ្លួនក្នុងឆ្នាំ ២០១៩-២០២០ ខាងមុខនេះ។ 

តំបន់អភិវឌ្ឍន៍ ខាងលើនេះគេហៅថា Kai Tak ដែលជាអតីតផ្លូវហោះឡើងចុះយន្ដហោះកាលពីមុន ប៉ុន្តែបច្ចុប្បន្នយោងតាមក្រុមប្រឹក្សាភិបាលផែនការទីក្រុងហុងកុង តំបន់ Kai Tak កំពុងប្រែក្លាយទៅជាទីក្រុងរណបដ៏ទំនើបបំផុតរបស់ហុងកុង ហើយតម្លៃដីក៏មិនទាបដែរ។ ពេលនេះដែរ តំបន់ Kai Tak Area 4C បានបែងចែកចេញជា ៤ តំបន់ ក្នុងនោះ ១/៤ ត្រូវបានក្រុមហ៊ុនចិនដីគោកវិនិយោគបាត់ទៅហើយ ដែលគេគម្រោងថានឹងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតខ្ពស់ប្រហែលតិចជាង ៥ គម្រោងដែរនៅក្នុងផ្ទៃដី ១/៤ នៃតំបន់ Kai Tak នោះ ហើយដីនៅសល់អាចនឹងវិនិយោគដល់ក្រុមហ៊ុនផ្គត់ផ្គង់ការិយាល័យ សណ្ឋាគារ និងអភិវឌ្ឍន៍កន្លែងកម្សាន្ដជាដើម ដើម្បីទទួលយកទិដ្ឋភាពខាងមុខមាត់សមុទ្រ និងអគារ Skyscraper ល្បីៗនៅទីក្រុងហុងកុង។

បើតាមរបាយការណ៍របស់ JLL បង្ហាញថា គម្រោងដីសម្រាប់អភិវឌ្ឍន៍នៅក្នុងទីក្រុងហុងកុង ភាគច្រើនត្រូវបានវិនិយោគទៅដល់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ចិនដីគោក និងក្រុមហ៊ុនអាមេរិចដែលគេបែងចែកទៅជាសំណង់ផ្សេងៗតាមតម្រូវការជាក់ស្ដែង។ ចំណែកឯផ្នែកលំនៅដ្ឋានវិញ រដ្ឋគឺជាអ្នកអភិវឌ្ឍន៍ ៥៧% និង ៤៣% គឺជាការអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជន ដែលជាក្រុមហ៊ុនចិនដីគោក និងអាមេរិចនោះ និងទទួលបានភាពវិជ្ជមានខ្ពស់សម្រាប់ការអភិវឌ្ឍន៍រយៈពេលមធ្យម និងរយៈពេលវែង។ ដូចនេះហើយ ទើបតំបន់ដីអភិវឌ្ឍន៍ពិសេស (Prime Location) ដូចជា Kai Tak នេះហុងកុងបានផ្ដល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុនចិនដីគោកដើម្បីអភិវឌ្ឍន៍។ ដូចនេះគេនឹងមើលបន្ដរទៀតថា តំបន់ពិសេសនៅទីក្រុងហុងកុង នៅខាងមុខ Victoria Harbour ដែលមានតម្លៃថ្លៃកប់ពពកបែបនេះ នឹងមានក្រុមហ៊ុនណាទៀតចូលមកវិនិយោគ?