ប្រទេសទាំង ៤ នៅអាស៊ីអាគ្នេយ៍ ដែលល្អបំផុត សម្រាប់ការធ្វើដំណើរទេសចរណ៍ ក្នុងកម្រិតថវិកា


បច្ចុប្បន្ននេះ បណ្ដាប្រទេសជាច្រើន កំពុងបើកទ្វារទទួលស្វាគមន៍ ភ្ញៀវទេសចរឡើងវិញហើយ ខណៈការរឹតបន្ដឹងនានា ក៏ត្រូវបានកាត់បន្ថយ និងលុបបំបាត់ នៅតាមប្រទេសមួយចំនួនផងដែរ។ ដូចគ្នានេះដែរ អ្នកធ្វើដំណើរទាំងឡាយ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើដំណើរកម្សាន្ដរបស់ពួកគេ តែយ៉ាងណាមិញបញ្ហាប្រឈមមួយ ដែលអ្នកធ្វើដំណើរមួយចំនួន អាចជួបប្រទះនោះ គឺការចំណាយ ជាពិសេស ថ្លៃធ្វើដំណើរ ការស្នាក់នៅហូបចុក នៅតាមបណ្ដាប្រទេស ក្នុងតំបន់អឺរ៉ុបជាដើម។

តែយ៉ាងណាមិញ យោងតាមគេហទំព័រទេសចរណ៍ TraveloffPath បានបង្ហាញឲ្យដឹងថា ប្រទេសនៅតំបន់អាស៊ីចំនួន ៤ ពិតជាសក្តិសមបំផុត សម្រាប់អ្នកដំណើរដែលចង់ចំណាយតិច៖

១/ ប្រទេសកម្ពុជា

កម្ពុជាជាទិសដៅល្អបំផុតមួយ ក្នុងពិភពលោក សម្រាប់អ្នកធ្វើដំណើរ តាមកម្រិតថវិកា។ មិនតែប៉ុណ្ណោះ ប្រជាជនមានភាពរួសរាយរាក់ទាក់ ទេសភាពដ៏ស្រស់បំព្រង តំបន់ទេសចរច្រើនសម្រាប់ទស្សនា និងជាពិសេស ការរុករកប្រាសាទបុរាណនានា ជិះទូកកម្សាន្ដ នៅភូមិបណ្តែតទឹក នៅភូមិកំពង់ភ្លុក ខេត្ដសៀមរាបជាដើម។

ការចំណាយនៅកម្ពុជា

·  អាហារពេលល្ងាចសម្រាប់មនុស្សម្នាក់៖ អាហារពេលល្ងាច តាមតម្រូវការអាចរកបាន ក្នុងតម្លៃ ៥ ដុល្លារ ឬតិចជាងនេះ ខណៈពេលដែល ជម្រើសអាហារឆ្ងាញ់ អាចរកបានត្រឹម ២០ ដុល្លារ។

·  កាហ្វេ៖ កាហ្វេនៅសៀមរាប មិនទាមទារ ឲ្យចំណាយនោះច្រើនទេ ពោលគឺត្រឹមតែ ១,៣០ ដុល្លារប៉ុណ្ណោះ។

·  សណ្ឋាគារ៖ សណ្ឋាគារដែលមានតម្លៃទាប អាចមានតម្លៃចាប់ពី ៧ ដុល្លារក្នុងមួយយប់ ឬតិចជាងនេះ ខណៈដែលសណ្ឋាគារកម្រិតមធ្យម អាចមានតម្លៃដល់ ២៥ ដុល្លារក្នុងមួយយប់។ បើអ្នកចង់រស់នៅ សណ្ឋាគារលំដាប់ផ្កាយ ៥ អាចកក់បាន ក្នុងតម្លៃទាបត្រឹម ៥០ ដុល្លារប៉ុណ្ណោះ។

២/ ប្រទេសវៀតណាម

ប្រទេសវៀតណាម ក៏ត្រូវបានចាត់ថាជា ប្រទេសទេសភាព គួរឱ្យចាប់អារម្មណ៍បំផុតមួយ នៅអាស៊ីអាគ្នេយ៍ផងដែរ។ ប្រទេសនេះមានទីកន្លែង សម្រាប់ភ្ញៀវទេសចរ ដើរលេងកម្សាន្ដជាច្រើន មិនថាជាលក្ខណៈទេសភាពធម្មជាតិ ឬទីប្រជុំជនអ៊ូអរនោះទេ។ លើសពីនេះ អ្នកក៏អាចលើញាំអាហារ នាពេលល្ងាចដ៏សម្បូរបែប ជាមួយនឹងតម្លៃសរម្យផងដែរ។

ការចំណាយនៅប្រទេសវៀតណាម

·  អាហារពេលល្ងាចសម្រាប់មនុស្សម្នាក់: អាហារទូទៅ អាចមានតម្លៃទាបត្រឹមតែ ៥ ដុល្លារ ឬតិចជាងនេះ ខណៈដែលអាហារឆ្ងាញ់ អាចមានតម្លៃទាបដល់ទៅ ២០ ដុល្លារ ឬ ៣០ ដុល្លារ។

·  កាហ្វេ៖ កាហ្វេនៅទីក្រុងហូជីមិញ ភាគច្រើនមានតម្លៃត្រឹមតែ ៧៥ សេនប៉ុណ្ណោះ។

·  សណ្ឋាគារ៖ សណ្ឋាគារ និងផ្ទះសំណាក់ មានតម្លៃក្រោម ១០ ដុល្លារក្នុងមួយយប់ សណ្ឋាគារកម្រិតមធ្យម អាចមានតម្លៃទាបដល់ ២០ ដុល្លារ ហើយសណ្ឋាគារប្រណិត អាចរកបានក្រោម ១០០ ដុល្លារ។

៣/ ប្រទេសឥណ្ឌូនេស៊ី

ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេស្គាល់តាមរយៈ កោះដ៏ស្រស់ស្អាតជាច្រើន ដូចជាកោះបាលី កោះជ្វា ឆ្នេរខ្សាច់ ទឹកសមុទ្រខៀវស្រងាត់ និងវប្បធម៌ជាដើម។ លើសពីនេះ នៅក្នុងទីក្រុង ក៏មានភាពដ៏រស់រវើកផងដែរ ដូចជាទីក្រុងហ្សាកាតា និងយូកយ៉ាកាតា។

ការចំណាយនៅប្រទេសឥណ្ឌូនេស៊ី

·  អាហារពេលល្ងាចសម្រាប់មនុស្សម្នាក់៖ អាហារទូទៅ អាចមានតម្លៃចាប់ពី ៣ ដុល្លារ ឬតិចជាងនេះ ខណៈដែលអាហារឆ្ងាញ់ អាចមានតម្លៃដល់ ២០ ដុល្លារ។

·  កាហ្វេ៖ កាហ្វេធម្មតានៅ Canggu អាចមានតម្លៃប្រហែល ២ដុល្លារ ឬតិចជាងនេះ។

·  សណ្ឋាគារ៖ សណ្ឋាគារ និងផ្ទះសំណាក់មានតម្លៃក្រោម ៣០ ដុល្លារក្នុងមួយយប់ សណ្ឋាគារកម្រិតមធ្យម អាចរកបានក្រោម ៧០ដុល្លារ ហើយសណ្ឋាគារប្រណិតៗ អាចរកបានពី ១០០ ទៅ ២០០ ដុល្លារក្នុងមួយយប់។

៤/ ប្រទេសថៃ

ប្រទេសថៃគឺជាគោលដៅ ក្នុងកម្រិតថវិកាដ៏ល្អឥតខ្ចោះមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសសម្រាប់អ្នកដែលចង់ប្រាក់តិច។ ប្រទេសនេះត្រូវបាន គេស្គាល់តាមរយៈ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ប្រាសាទបុរាណ ការដើរទិញទំនិញ និងជីវិតពេលរាត្រី ដ៏អស្ចារ្យជាដើម។

ការចំណាយនៅប្រទេសថៃ

·  អាហារពេលល្ងាចសម្រាប់មនុស្សម្នាក់: អាហារទូទៅ អាចមានតម្លៃទាបត្រឹម ៧ ដុល្លារ ឬតិចជាងនេះ ខណៈដែលអាហារឆ្ងាញ់ អាចមានតម្លៃទាបចាប់ពី ២០ ទៅ ៤០ ដុល្លារ។

·  កាហ្វេ៖ ការចំណាយលើកាហ្វេ អាចអស់ប្រហែល ២ ដុល្លារ ឬតិចជាងនេះ សម្រាប់នៅក្នុងទីក្រុងបាងកក។

·  សណ្ឋាគារ៖ សណ្ឋាគារ និងផ្ទះសំណាក់ធម្មតា អាចមានតម្លៃក្រោម ១០ ដុល្លារក្នុងមួយយប់ សណ្ឋាគារកម្រិតមធ្យម អាចមានតម្លៃទាបដល់ ៣០ ដុល្លារ ហើយសណ្ឋាគារប្រណិត អាចរកបានក្រោមតម្លៃ ១០០ ដុល្លារផងដែរ។