អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់២៨ កុម្ភៈ អាចនឹងចុះត្រជាក់ ជាមួយនឹងការធ្លាក់ភ្លៀងបន្តិចបន្តួច


ភ្នំពេញ៖ អាកាសធាតុនៅប្រទេសកម្ពុជា នឹងបន្តមានការធ្លាក់ភ្លៀង បន្តិចបន្តួចបន្ថែមទៀត បន្តពីសប្ដាហ៍មុន ដែលមានការធ្លាក់ភ្លៀង នៅតាមតំបន់ជាច្រើន។ ការបន្តធ្លាក់ភ្លៀង ក្នុងកម្រិតមួយទាបនេះ នឹងមានរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខ នេះបើយោងតាម សេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម។

តាមការបញ្ជាក់របស់ ក្រសួងបានឱ្យដឹងថា ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពល ទ្រនុងសម្ពាធខ្ពស់របស់ចិន ក៏ដូចជាខ្យល់មូសុងឦសាន ក្នុងកម្រិតខ្សោយ ទៅមធ្យម ដែលឥទ្ធិពលទាំងនេះ នឹងធ្វើឱ្យស្ថានភាពអាកាសធាតុ លើផ្ទៃប្រទេសប្រែប្រួលដូចជា៖

១. តំបន់ទំនាបកណ្ដាល
- សីតុណ្ហភាពអប្បបរមាមានពី ២០-២២ °C
- សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C
- អាចមានភ្លៀងធ្លាក់តិចតួច។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះ ត្រជាក់បន្ថែម ក្នុងចន្លោះពី ២-៣°C នៅវេលាព្រឹក និងយប់។

២. តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
- នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះ ត្រជាក់បន្ថែម ក្នុងចន្លោះពី ៣-៤ °C នៅវេលាព្រឹក និងយប់លាយឡំនឹងខ្យល់បក់ ក្នុងកម្រិតមធ្យម។

៣. តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
- អាចមានភ្លៀងធ្លាក់តិចតួច។

អាស្រ័យដូចសេចក្ដីជូនដំណឹង របស់ក្រសួង សូមបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្នបន្ថែមទៀត ស្របពេលបម្រែបម្រួលអាកាសធាតុ របស់ពិភពលោក មិនភាពប្រក្រតីដូចមុនឡើយ។