ព្រែកតាសុខ មានទេសភាពធម្មជាតិស្រស់ត្រកាល ស្រដៀងទៅនឹងទន្លេអាម៉ាហ្សូន និងកំពុងទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី!


ប្រិយមិត្ដទាំងអស់គ្នា ប្រាកដជាធ្លាប់បានលឺហើយ អំពីតំបន់ព្រៃអាម៉ាហ្សូន ដែលជាតំបន់អាភិរក្សព្រៃឈើ ធំជាងគេបំផុតរបស់ពិភពលោក។ ជាពិសេស ដងទន្លេដ៏វែងអន្លាយ របស់ព្រៃនេះ បានផ្ដល់នូវទិដ្ឋភាព និងទេសភាពធម្មជាតិយ៉ាងស្រស់ស្អាត។ ដោយឡែក ប្រសិនបើយើងក្រលេកមើល តំបន់ទេសចរណ៍មួយចំនួន នៅក្នុងប្រទេសកម្ពុជាយើងវិញ ក៏ឃើញថាមានទេសភាពធម្មជាតិ ស្រស់ស្អាតមិនចាញ់ ព្រៃអាម៉ាហ្សូនប៉ុន្មានផងដែរ។ ជាក់ស្ដែងដូចជា ព្រែកតាសុខ នេះជាដើម ដែលមានទម្រង់ស្រដៀងគ្នា ទៅនឹងទន្លេអាម៉ាហ្សូនតែម្ដង។

ព្រែកតាសុខ គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលមានទីតាំងស្ថិត នៅក្នុងភូមិដើមថ្កូវ និងភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ព្រែកតាសុខ ដែលមានផ្ទៃដីលាតសន្ធឹង ២១ហិកតា។ លក្ខណៈពិសេសរបស់ តំបន់ទេសចរណ៍ ព្រែកតាសុខ ដែលអាចទាក់ទាញអារម្មណ៍ ភ្ញៀវទេសចរខ្លាំងជាងគេបំផុតនោះ គឺការជិះទូកកម្សាន្ដលេង នៅតាមដងព្រែកដ៏សែនស្រស់ អមជាមួយនឹងព្រៃឈើសងខាង ដ៏ខៀវស្រងាត់។ ភ្ញៀវទេសចរទាំងអស់ អាចជិះទូកកម្សាន្ដបណ្ដើរ គយគន់ទេសភាពដើមឈើ ខៀវស្រងាត់បណ្ដើរ ហើយលើសពីនេះភ្ញៀវទេសចរ ក៏អាចងូតទឹកជ្រោះដ៏សែនត្រជាក់ នៅទីនោះបានផងដែរ។